Social Icons

Sunday, January 15, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មតិ​ជុំវិញ​ស្ថានភាព​គ្រួសារ​និយម​នៅ​ស្រុក​ខ្មែរ


2012-01-15
មន្ត្រី​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​សំដែង​ក្ដី​បារម្ភ​ពី​និន្នាការ​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ កំពុង​ផ្ដល់​តួនាទី​ដឹក​នាំ​សំខាន់ៗ ទៅ​ឲ្យ​សាច់​ញាតិ និង​ក្រុម​ស្និទ្ធ​និង​ពួក​គេ។
Photo: RFA
រូប​សៀវភៅ "ខ្សែ​ស្រឡាយ​អ្នក​លួច​ជាតិ" បោះពុម្ព​ផ្សាយ​ដោយ​អង្គការ Global Witness កាល​ពី​ឆ្នាំ​២០០៩
ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ មករា បាន​តែង​តាំង​លោក ហ៊ុន មាណិត កូន​ប្រុស​ទី​២ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​នាយកដ្ឋាន​ចារកិច្ច នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​ដំឡើង​ឋានន្តរសក្ដិ ពី​ស័ក្ដិ​បួន​កន្លះ ទៅ​ស័ក្ដិ​ប្រាំ។ ក្រសួង​ការពារ​ជាតិ​ក៏​បាន​តែង​តាំង​លោក ជា តារា អគ្គ​មេ​បញ្ជា​ការ​រង​យោធា ឲ្យ​ក្លាយ​ជា​ប្រធាន​នាយកដ្ឋាន​ចារកិច្ច នៃ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ជំនួស​លោក​ឧត្ដមសេនីយ៍ មល់ រឿប ដែល​ទទួល​មរណភាព​កាល​ពី​សប្ដាហ៍​មុន ក្នុង​វ័យ​ជាង ៦០​ឆ្នាំ។
ការ​តែង​តាំង​លោក ហ៊ុន មាណិត ជា​ការ​តែង​តាំង​កូន​ប្រុស​លោក ហ៊ុន សែន លើក​ទី​២ ឲ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កង​ទ័ព។ កាល​ពី​ឆ្នាំ​២០១១ ក្រសួង​ការ​ពារ​បាន​តែង​តាំង​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី ឲ្យ​ក្លាយ​ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​បន្ថែម​លើ​តួនាទី​ជា​ប្រធាន​ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ជា​មេ​បញ្ជា​ការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។
លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​កម្ពុជា ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ដក​ស្រង់​សំដី​ថា ការ​តែងតាំង​ផ្អែក​ទៅ​លើ​ស្នាដៃ និង​បទ​ពិសោធន៍​ផ្នែក​យោធា​កម្ពុជា។ លោក​បន្ថែម​ទៀត​ថា នាយកដ្ឋាន​ចារកម្ម ធ្លាប់​ទទួល​បាន​ជោគជ័យ​ជា​ច្រើន ក្នុង​រយៈ​ពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​និង​ប្រទេស​ថៃ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​ស្ថានការណ៍​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មើល​ឃើញ​ថា ការ​តែង​តាំង​ចុង​ក្រោយ​នេះ ទំនង​ជា​ការ​ចង់​ឲ្យ​មាន​ការ​បន្ត​វេន​ដឹក​នាំ​ក្នុង​រដ្ឋាភិបាល។ លោក​ព្រមាន​ថា ប្រវត្តិសាស្ត្រ​កម្ពុជា​ធ្លាប់​មាន​ការ​ឲ្យ​ផ្ដល់​តួនាទី​ដឹក​នាំ​ទៅ​ឲ្យ​ កូន និង​មន្ត្រី​ស្និទ្ធ​និង​មន្ត្រី​ដឹក​នាំ ប៉ុន្តែ​ស្ថានការណ៍​បច្ចុប្បន្ន​នេះ ប្រហែល​ជា​ពល​រដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ ៖ "ព្រោះ​មាន​ការ​ប្រែប្រួល​ ច្រើន មនុស្ស​ចេះ​ដឹង​ច្រើន ពល​រដ្ឋ​យល់​ដឹង​ច្រើន និង​យល់​ដឹង​ពី​សេរីភាព​ច្រើន។ មេ​ដឹក​នាំ​ជំនាន់​ថ្មី និង​ក្រុម​ដឹក​នាំ​ថ្មី​ប្រហែល​ជា​មាន​ការ​លំបាក"
កាល​ពី​ថ្ងៃ​ទី​៧ មករា ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ជា ស៊ីម បាន​ប្រកាស​ផ្ដល់​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី សម្រាប់​ការ​បោះ​ឆ្នោត​២០១៣ និង​អាណត្តិ​ក្រោយៗ​ទៀត​ទៅ​ឲ្យ​លោក ហ៊ុន សែន។ អ្នក​វិភាគ​ធ្លាប់​បាន​គិត​ទុក​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្នង​តំណែង​លោក​ទៅ​ថ្ងៃ​អនាគត។ លោក ហ៊ុន សែន មាន​វ័យ ៥៩​ឆ្នាំ បាន​ដឹក​នាំ​កម្ពុជា​អស់​រយៈ​ពេល ២៦​ឆ្នាំ ហើយ​លោក​គ្រោង​នឹង​ដឹក​នាំ​បន្ត​ទៅ​ទៀត។
មន្ត្រី​សិទ្ធិ​មនុស្ស​ធ្លាប់​បាន​អះអាង​ថា ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន កំពុង​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ប្រទេស​ផ្ដាច់​ការ ដឹក​នាំ​ដោយ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​សៅរ៍ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ទេ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។