១១/១២/២០១១ ដោយ រតនខ្មែរ
ពលការិនីដែលទៅធ្វើការនៅម៉ាឡេស៊ីជាច្រើននាក់នៅឯភូមិដាច់ស្រយាលមួយ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបាត់ដំណឹងជាង ២ឆ្នាំ មកហើយ ពុំមានការទាក់ទងមកគ្រួសារវិញសោះ។ស្ត្រីមេម៉ាយឈ្មោះ កៅ លន់ អាយុ៦០ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ថាកូនស្រីគាត់ឈ្មោះ វ៉ន កូលាប អាយុ២៦ឆ្នាំ មានលេខកូដប្រចាំក្រុមហ៊ុនលេខ១៦៦៩។ អ្នកស្រី កៅ លន់ បញ្ជាក់ថា កូនស្រីគាត់បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនយូមែនផៅវ័រ (Human Power) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៩។ គាត់ថា តាំងពីថ្ងៃចេញទៅរហូតមកដល់ថ្ងៃនេះ គាត់មិនដែលបានទទួលដំណឹងពីកូនគាត់សោះ។ ពេលគាត់ទៅសួរក្រុមហ៊ុនសុំជួបកូនគាត់តាមទូរស័ព្ទ ក្រុមហ៊ុនចេះតែឲ្យគាត់រង់ចាំថ្ងៃនេះថ្ងៃនោះរហូត។ ហើយឥឡូវនេះ លេខទូរស័ព្ទក្រុមហ៊ុនដែលគាត់ធ្លាប់ទាក់ទងសួរព័ត៌មាននោះពេលហៅទៅ គេបានបិទមិនឆ្លើយឆ្លងជាមួយគាត់ទៀតទេ ធ្វើឲ្យគាត់បារម្ភយ៉ាងខ្លាំងពីសុខទុក្ខកូនស្រីគាត់ ៖ «សុំប្អូនជួយស្រាវជ្រាវផង វាបាត់ដំណឹងឈឹងសូន្យអត់ដែលតេមកសោះជាង ២ឆ្នាំ ហើយ។ វាផុតអាណត្តិជាង ២ខែ ហើយតែមិនទាន់ឃើញវាមកវិញ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនយូមែនផៅវ័របានទេនៅល្ងាចថ្ងៃទី១១ ធ្នូ នេះ ដោយលេខទូរស័ព្ទដែលគ្រួសារពលការិនីធ្លាប់ទាក់ទងនោះឥឡូវមិនអាចទាក់ទងបានទៀតឡើយ។
ប្រភពពីអាជ្ញាធរប៉ូលិសបានឲ្យដឹងថា នៅភូមិថ្មី ឃុំពោធិ៍ មានគ្រួសារពលការិនីដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីចំនួន ៤គ្រួសារ បានបាត់ដំណឹងកូនចៅគាត់។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង គឺលោក ពៅ ស៊ីថា បានមានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មានពីបញ្ហានេះទេ ដោយគ្រួសារដែលបាត់ដំណឹងកូនទាំងនោះពុំបានមកទាក់ទងជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តនៅឡើយ ៖ «មានវិធីច្រើនណាស់ដែលយើងអាចជួយគាត់បាន។ ប៉ុន្តែគាត់ត្រូវមកជួបខ្ញុំសិនដើម្បីយើងសាកសួរព័ត៌មានលំអិតពីគាត់ ដើម្បីមានការងាយស្រួលក្នុងការស្វែងរក»។
លោក យ៉ា ណាវុធ ជានាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា (CARAM Cambodia) ដែលជាអង្គការមួយតាមឃ្លាំមើល និងជួយសម្របសម្រួលពលករ-ពលការិនីខ្មែរ ដែលទៅធ្វើការឯប្រទេសក្រៅ។ លោកបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងនោះមកដាក់ពាក្យបណ្ដឹងដើម្បីលោកមានមូលដ្ឋានក្នុងការជួយស្រាវជ្រាវដើម្បីជួយសង្គ្រោះ ៖ «តាមបទពិសោធកន្លងមក នៅពេលដែលមានរបាយការណ៍ប្ដឹងមកយើង គឺយើងនឹងជួយសម្របសម្រួល។ ឃើញថាមានជនរងគ្រោះមួយចំនួនត្រូវបានយើងរកឃើញ និងបានធ្វើមាតុភូមិនិវត្តន៍។ ប្រការសំខាន់ គឺប្រជាពលរដ្ឋត្រូវផ្ដល់ព័ត៌មានមកឲ្យស្ថាប័នពាក់ព័ន្ធដើម្បីឲ្យគេដឹងទើបគេអាចជួយគាត់បាន»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង គឺលោក សំ ច័ន្ទគា បានឲ្យដឹងថា លោកទទួលបានពាក្យបណ្ដឹងជាផ្លូវការចំនួន ៤ករណី និងមិនទាន់ផ្លូវការចំនួន ៣ករណី ពីប្រជាពលរដ្ឋក្នុងឃុំពោធិ៍ អំពីការបាត់ដំណឹងកូនចៅ ឬសាច់ញាតិរបស់ពួកគាត់។
ប្រភពពីអាជ្ញាធរឃុំបានឲ្យដឹងថា សមត្ថកិច្ចប៉ូលិសកំពុងស្រាវជ្រាវចំនួនគ្រួសារដែលមានកូនចៅ ឬញាតិសន្តានដែលបាត់ដំណឹងដើម្បីឲ្យដឹងពីចំនួនពិតប្រាកដថាតើក្នុងឃុំពោធិ៍ មានពលការិនីបាត់ដំណឹងបែបនេះមានប៉ុន្មាននាក់៕



0 comments:
Post a Comment