Social Icons

Sunday, December 11, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ទិវា​សិទ្ធិមនុស្សពីរ​ខុសគ្នា​សម្រាប់​អ្នកភូមិ​បឹងកក់​

អ្នកភូមិ​​បឹងកក់​​មួយក្រុម​​ត្រេកអរ​​បាន​​ទទួល​​បណ្ណ័​កម្មសិទ្ធិ​​ដីធ្លី​ រីឯ​​អ្នកភូមិ​​មួយ​ក្រុម​ទៀត​​​កើតទុក្ខ​​មិន​ដឹង​​ដោះស្រាយ​​បែប​ណា​
១១/១២/២០១១

ដោយ​ វរមានជ័យ

អ្នកភូមិ​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ប្រឈម​នឹង​បញ្ហា​ដីធ្លី​តាំង​ពី​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​នោះ​ បាន​ទទួល​ផល​ក្នុង​អត្ថន័យ​ខុសគ្នា​ពី​ទិវា​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​សៅរ៍​ទី១០ធ្នូ​ម្សិលមិញ។ អ្នកភូមិ​បឹងកក់​មួយក្រុម​ត្រេកអរ​បន្ទាប់ពី​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ រីឯ​អ្នកភូមិ​មួយ​ក្រុម​ទៀត​កំពុង​អង្គុយ​កើតទុក្ខ​មិន​ដឹង​ជា​ត្រូវ​ដោះស្រាយ​បែប​ណា។ ក្រុម​ចុងក្រោយ​នេះ​កំពុង​តែ​រៀបចំ​ផែនការ​តវ៉ា​ថ្មី​ទៀត​ដើម្បី​ទាមទារ​សិទ្ធិ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០​ធ្នូ​ម្សិលមិញ​នេះ​មាន​អត្ថន័យ​ពីរ​ខុស​គ្នា​សម្រាប់​អ្នកភូមិ​បឹង​កក់។ ​អ្នកភូមិ​មួយ​ក្រុម​បាន​ចូល​រួម​ទិវា​សិទ្ធិមនុស្ស​ដោយ​កាន់​ទុក្ខ​ក្រៀមក្រំ​ជាមួយ​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ដើម្បី​សម្តែង​ការ​កើត​ទុក្ខ​ចំពោះ​ការ​បាត់បង់​ផ្ទះសម្បែង​ដែល​ក្រុមហ៊ុន​ឯកជន​កំពុង​បូម​ខ្សាច់​ពន្លិច​បន្តិច​ម្តងៗ។ ​តំណាង​អ្នកភូមិ​ម្នាក់​បាន​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា​ ពួកគេ​កំពុង​រៀបចំ​ផែនការ​ថ្មី​ដើម្បី​ទាមទារ​សិទ្ធិ​រស់​នៅ​លើ​ដី​ភូមិ​របស់​ខ្លួន។

កាលពី​ថ្ងៃ​ម្សិលមិញ ​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ប្រមាណ​ជាង ​១០០​ នាក់​បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ថ្ងៃ​១០​ធ្នូ​នៅ​ក្នុង​តំបន់​បឹងកក់​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដោយ​ស្លៀកពាក់​ពណ៌​ខ្មៅ ។ ​ការជួបជុំ​សាទរ​ទិវា​សិទ្ធិមនុស្ស​នេះ​ អ្នកភូមិ​បឹងកក់​ចង់​ប្រាប់​ទៅ​អាជ្ញាធរ​ថា ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​តំបន់​បឹងកក់​ក៏​មាន​សិទ្ធិ​ស្មើគ្នា​ហើយ​ក៏​ចង់​ឲ្យ​អាជ្ញាធរ​បែងចែក​ដី​ឲ្យ​ពួកគេ​ដែរ។

ដោយឡែក ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏បាន​ជ្រើសរើស​យក​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​ដើម្បី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ទៅ​អ្នក​ភូមិ​បឹងកក់​មួយ​ក្រុម​ទៀត។ ​ពលរដ្ឋ​បឹងកក់​២៥៤​គ្រួសារ​បាន​ចូល​រួម​ទិវា​សិទ្ធិមនុស្ស​នេះ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​ដោយ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ។ ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ កែប ជុតិមា​ដែល​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដោយ​ផ្ទាល់​ដៃ​ដល់​ក្រុម​អ្នកភូមិ​បឹងកក់​បាន​មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ដែល​ត្រូវ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នៅលើ​ទំហំ​ដី​ជាង​១២​ហិកតា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាត់​ជូន​ប្រជាជន​នោះ​មាន​ទាំង​អស់​សរុប​ជាង​៧០០​ប្លង់។ ​ប៉ុន្តែ ​ក្នុង​ជំហាន​ទី​១​នេះ​ ពលរដ្ឋ​ជាង​២៥០​គ្រួសារ​បាន​ទទួល​មុន​គេ។ ​អ្នក​ដែល​នៅ​សេសសល់​នឹង​ទទួល​បាន​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​៧​មករា​ឆ្នាំ​២០១២។

សូម​បញ្ជាក់​ថា ​ដី​តំបន់​បឹងកក់​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ដើម្បី​អភិវឌ្ឍន៍​តាំង​ពី​ឆ្នាំ២០០៧​មក។ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សុខ​ចិត្ត​ទទួល​យក​ការ​ដោះ​ស្រាយ​ពី​អាជ្ញាធរ​ដើម្បី​ចាក​ចេញ​ដោយ​សន្តិវិធី។ ​ប៉ុន្តែ ​ពលរដ្ឋ​មួយចំនួន​ទៀត​មិន​ព្រម​ទទួល​យក​សំណង​ដ៏​តិចតួច​ពី​អាជ្ញាធរ​ទេ​ដោយ​សុខ​ចិត្ត​បន្ត​ការ​តវ៉ា។ ​រហូត​មក​ទល់​ពេល​នេះ​ ពលរដ្ឋ​មួយក្រុម​នៅ​តែ​មិន​ទទួល​បាន​កម្មសិទ្ធិ​នៅ​ឡើយ។ ​ថ្លែង​ក្នុង​ទិវា​សិទ្ធិមនុស្ស​កាល​ពី​ថ្ងៃ​ទី​១០​ធ្នូ​ដែរ​ លោក ​សូរិយ៉ា ស៊ូប៊ែឌី ​អ្នករាយការណ៍​ពិសេស​របស់​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដោយ​ត្រឹម​ត្រូវ​និង​គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ផាត់​ចេញ​ពី​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​នេះ​បាន​ឡើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។