ដោយ ឡេង ម៉ាលី
2011-12-05
សវនាការ លើអង្គសេចក្ដីនៃសំណុំរឿង០០២ របស់អតីតមេដឹកនាំខ្មែរក្រហមចំនួន ៣រូប គឺ នួន ជា ខៀវ សំផន និងអៀង សារី បានប្រព្រឹត្តទៅដោយសាលាក្ដីខ្មែរក្រហម នៅថ្ងៃចន្ទទី ៥ ធ្នូ។លោក នួន ជា ក្នុងសវនាការ កាលពីថ្ងៃទី៥ ធ្នូ ២០១១
ការថ្លែងរបស់ជនជាប់ចោទ នួន ជា ដូច្នេះ បានធ្វើឡើងនៅចុងសេចក្ដីថ្លែងការណ៍របស់គាត់អំពីប្រវត្តិផ្ទាល់ ខ្លួន និងប្រវត្តិបក្សកុម្មុយនិស្តកម្ពុជា ជូនអង្គសវនាការសាលាដំបូង ដែលកំពុងជំនុំជម្រះលើអង្គសេចក្ដីសំណុំរឿងលេខ ០០២ ចាប់ផ្ដើម នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១១។
ជនជាប់ចោទរូបនេះបានលើកឡើងថា អ្វីៗ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា គឺជាសុទ្ធតែជាផែនការយុទ្ធសាស្ត្ររបស់មេដឹកនាំវៀតណាម ចាប់តាំងពីជំនាន់តស៊ូប្រឆាំងអាណានិគមបារាំងរហូតមកដល់សព្វថ្ងៃ ៖ «គ្មានបក្សកុម្មុយនិស្តខ្មែរទេ ខ្ញុំសុំជម្រាប។ មានតែបក្សកុម្មុយនិស្តឥណ្ឌូចិន។ បក្សកុម្មុយនិស្តខ្មែរវានៅក្រោមបក្សកុម្មុយនិស្តឥណ្ឌូចិនទេ ហើយនៅក្រោមការដឹកនាំរបស់វៀតណាមទាំងអស់។ ខ្មែរអត់ចេះធ្វើអី។ ខ្មែរចេះតែរត់សំបុត្រ។ នេះខ្ញុំសូមជម្រាបឱ្យអស់អំពីរឿងនេះ ហើយខ្ញុំមិនមែនវាយប្រហារវៀតណាមទេ។ នេះជាការពិត»។
ជនជាប់ចោទ នួន ជា អះអាងបន្តថា បក្សកុម្មុយនិស្តខ្មែរ ឬបក្សកុម្មុយនិស្តកម្ពុជា មិនមែនជាបក្សបក្សកុម្មុយនិស្ត ដែលកើតចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាទេ។ បក្សកុម្មុយនិស្តនេះ ជាបក្ស ដែលវៀតណាមយកមកដាក់នៅប្រទេសកម្ពុជា។
អ្នកចូលរួមស្ដាប់សវនាការម្នាក់មកពីខេត្តកំពង់ស្ពឺ ថ្លែងថា លោកជំទាស់ទៅនឹងការលើកឡើងរបស់ជនជាប់ចោទ នួន ជា ដែលថា ការសម្លាប់ និងឧក្រិដ្ឋកម្ម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាចលនារបស់វៀតណាម ព្រោះលោកឃើញតែខ្មែរជាអ្នកសម្លាប់ខ្មែរ ៖ «ខ្ញុំមិនឯកភាពទេ ព្រោះថាប្រទេសកម្ពុជា ដែលរំដោះបានទឹកដីមកទល់គ្នាថ្ងៃនេះ ពីថ្ងៃ ៧ មករាមក គឺមានវៀតណាមជាអ្នកចូលរួមវាយរំដោះ ប៉ុល ពត បានបាន។ បើអត់មានវៀតណាមទេ យើងអាចស្លាប់អស់»។
ឆ្លុះបញ្ចាំងទៅនឹងព្រឹត្តិការណ៍លើកឡើងដោយជនជាប់ចោទ នួន ជា អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា លោកមិនទាន់អាចវាយតម្លៃបានច្បាស់ទេ។ ក៏ប៉ុន្តែ លោកកត់សម្គាល់ថា ទុក្ខវេទនារបស់ពលរដ្ឋកម្ពុជា ដែលបានកើតឡើងកន្លងមក គឺព្រោះតែជនជាតិនៃប្រទេសដទៃ ដែលជួយទំនុកបម្រុង និងអប់រំមនោគមវិជ្ជាដល់ជនកុម្មុយនិស្តកម្ពុជា ៖ «ចាំដល់គេសួរ ដេញដោល ព្រោះតុលាការគេរកការពិត។ អាចមានការលំបាក បើសិនជា នួន ជា ឬ ខៀវ សំផន សុំហៅសាក្សីនៅវៀតណាម ឈ្មោះនេះ ឥឡូវនៅទីនេះ យកមកផ្ចាញ់ផ្ចាលគ្នា ឧបមាថាអ៊ីចឹង ហ្នឹងមានការលំបាក»។
លោកមានទស្សនៈថា អ្វីដែលកើតឡើងនៅចន្លោះឆ្នាំ ១៩៧៥ និង១៩៧៩ ដូចជាការជម្លៀសពលរដ្ឋចេញលំនៅឋាន ការខ្វះស្បៀង គឺជាការទទួលខុសត្រូវមេដឹកនាំខ្មែរក្រហមយ៉ាងជាក់ច្បាស់។
ជនជាប់ចោទ នួន ជា ថ្លែងបញ្ជាក់អង្គសវនាការថា គាត់ជាអ្នកស្មោះត្រង់និងជាតិជាទីបំផុត និងហ៊ានលះបង់គ្រួសារ ហើយចូលរួមចលនាកុម្មុយនិស្ត គឺដើម្បីរំដោះពលរដ្ឋកម្ពុជាឱ្យរួចផុតពីការជិះជាន់របស់អាណានិគម និយមបារាំង និងអ្នកមានអំណាច សក្ដិភូមិ នាយទុន។
ជនជាប់ចោទ នួន ជា លើកឡើងទៀតថា គេមិនត្រូវយល់ច្រឡំថា ខ្មែរក្រហម ជាអ្នកបានប្រព្រឹត្តឧក្រិដ្ឋកម្ម ដែលបានចោទឡើងទេ ព្រោះខ្មែរជាអ្នកពុទ្ធសាសនា។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា សវនាការសំណុំរឿង០០២ មានភាពស្មុគស្មាញ ហើយតុលាការបានបែងចែកនីតិវិធីដាច់ដោយឡែកៗ ពីគ្នា។ នៅជំហានដំបូងនេះ គឺនឹងត្រូវផ្ដោតជាសំខាន់ទៅលើការជម្លៀសពលរដ្ឋចេញពីលំនៅឋាន។
សវនាការនឹងធ្វើបន្តទៀតនៅថ្ងៃទី៦ ធ្នូ ហើយបន្តរហូតដល់ថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១១៕



0 comments:
Post a Comment