Social Icons

Wednesday, November 2, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ហ៊ុន សែន ព្រមាន​អ្នក​ប្រដូច​លោក​ទៅ​នឹង ហ្គាដាហ្វ៊ី


2011-11-03
លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជិត ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រកាស​ថា ការ​គ្រប់គ្រង​អំណាច​របស់​លោក​គឺ​ធ្វើ​ឡើង​ទៅ​តាម​ការ​បោះ​ឆ្នោត​ផ្ដល់​ សេចក្ដី​ទុក​ចិត្ត​ដោយ​ប្រជាពលរដ្ឋ មិន​មែន​ដូច​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​នៅ​លើ​សកលលោក​នោះ​ទេ។
RFA/Sok Serey
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​បន្ទាប់​ពី​មាន​ការ​ប្រៀបធៀប​អំពី​ការ​ដឹកនាំ​ប្រទេស​របស់​លោក ស្រដៀង​គ្នា​ទៅ​នឹង​មេដឹកនាំ​ប្រទេស​លីប៊ី។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល​របស់​លោក​មិន​អាច​ដួល​រលំ​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ អំណាច​របស់​លោក​ដូច​មេដឹកនាំ​ប្រទេស​នៅ​ប៉ែក​មជ្ឈិមបូព៌ា​នោះឡើយ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រោយចង្វារ​ទី​២ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ថា កុំ​ប្រៀប​ប្រដូច​រូប​លោក​ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​មជ្ឈិមបូព៌ា គឺ​លោក មូអាមឺរ៍ ហ្គាដាហ្វ៊ី (Moammar Gadhafi) ប្រសិន​ជា​មិន​ចង់​ឲ្យ​សង្គ្រាម​ផ្ទុះ​ឡើង​នោះ។

លោក​ថ្លែង​ដូច្នេះ៖ «កុំ​មក​ចាត់​ទុក​អី ថ្ងៃ​មុន​ថា ហ៊ុន សែន មាន​វាសនា​ដូច ហ្គាដាហ៊្វី។ ថ្ងៃ​២៣ តុលា និយាយ​នៅ​ភ្នំពេញ​ថា ហ៊ុន សែន នឹង​មាន​វាសនា​ដូច ហ្គាដាហ្វ៊ី អ៊ីចឹង​បើ​មាន​វាសនា​ដូចជា ហ្គាដាហ្វ៊ី មាន​តែ​វាយ​គ្នា? ព្រោះ ហ្គាដាហ្វ៊ី ធ្លាក់​ដោយសារ​គេ​វាយ។ បើ​ចង់​វាយ​គ្នា​អូខេ ញឹក ប៊ុនឆៃ ធ្លាប់​ស្គាល់​ហើយ​តើ ហ៊ុន សែន វាយ​បាក់​ឆ្អឹង​ខ្នង​រហូត​មក​ដល់​ថ្ងៃ​នេះ។ ហ្គាដាហ្វ៊ី ដោយសារ​ពួក​ណាតូ វាយ ជួយ​សង្គ្រាម​ពី​ក្រោម​បាន​គេ​ធ្វើ​ឲ្យ​ស្លាប់ ហ្គាដាហ្វ៊ី អ៊ីចឹង​មាន​តែ​អ្នក​ឯង​ចង់​ធ្វើ​សង្គ្រាម? បើ​ចង់​ធ្វើ​សង្គ្រាម ខ្ញុំ​សូម​ជូន​អាវុធ​មួយ​ឃ្លាំង។ និយាយ​អ៊ីចឹង​មិន​មែន​យើង​គាំទ្រ ហ្គាដាហ៊្វី ទេ តែ​ពួក​នេះ​យូរៗ​ទៅ​យក​ឯង​ទៅ​ប្រៀបធៀប​ជាមួយ ហ្គាដាហ្វ៊ី»
លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​វិភាគ​នយោបាយ មន្ត្រី​នៃ​គណបក្ស​ដែល​លើក​ឡើង​ថា ការ​ស្លាប់​របស់​អតីត​មេដឹក​នាំ​ផ្ដាច់ការ​នៅ​ប្រទេស​លីប៊ី គឺ​លោក មូអាមឺរ៍ ហ្គាដាហ៊្វី ជា​សារ​មួយ​ដ៏​សំខាន់​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន​នៅ​ប្រទេស​ខ្លះ ​ក្នុង​ពិភពលោក ដើម្បី​ពិចារណា​នូវ​ការ​ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​របស់​ពលរដ្ឋ​ខ្លួន ហើយ​ថា ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ទាំង​ក្នុង​ប្រទេស​ក្រៅ​ប្រទេស បាន​ព្រមាន​ថា លោក ហ៊ុន សែន ដែល​ប្រើ​អំណាច​គាប​សង្កត់​សិទ្ធិ​សេរីភាព និង​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ បក្ស​ពួក​និយម អាច​នឹង​មាន​វាសនា​ដូច​ជា​មេដឹកនាំ​ខ្លះ​ក្នុង​បណ្ដា​ប្រទេស​នៅ​អារ៉ាប់។
ទន្ទឹម​នឹង​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​លោក​កំពុង​ធ្វើ​ចលនា​ឲ្យ​សហគមន៍​អន្តរជាតិ មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។
លោក ហ៊ុន សែន បញ្ជាក់​ដូច្នេះ៖ «ប្រាំ​ឆ្នាំ​បោះ​ឆ្នោត​ម្ដង ឥឡូវ​ឆ្នាំ​២០១៣ ប្រឹង​ឲ្យ​ឈ្នះ​ទៅ ប៉ុន្តែ​អត់​ទាន់​បោះ​ឆ្នោត​ផង គេ​ថា ឥឡូវ​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ឲ្យ​សហគមន៍​អ៊ឺរ៉ុប កុំ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ចុះ​គិត​អី​អ៊ីចឹងៗ ធ្វើ​ម៉េច? សូម​ផ្ដាំ​ទៅ​អស់​លោក​ធ្វើ​ចុះ អាណិត​សូម​កសាង សូម​ថែរក្សា​សន្តិភាព ហើយ​សូម​កុំ​ប្រើ​ហិង្សា។ សូមទោស​ចុះ! បើ​អស់​លោក​ចង់​លេង​ល្បែង​សង្គ្រាម ខ្ញុំ​ក៏​អូខេ តែ​ខ្ញុំ​មិន​ចង់​ទេ ហើយ​លោក​ក៏​គ្មាន​អ្នក​កាន់​អាវុធ​ដែរ បើ​កាន់​អាវុធ​គ្រាន់​តែ​ពួក​លួចលាក់​តែប៉ុណ្ណឹង ដូចជា​អា​ចលនា ស៊ីហ្វេសហ្វេស ទើប​តែ​ដោះ​លែង​ប៉ុន្មាន​ថ្ងៃ​មុន ដោយសារ​ការ​ដោះលែង​អត់អោន​ជូន​ទៅ​ផង​ទេ សរសេរ​សំបុត្រ​មក​ខ្ញុំ​ប៉ុន្មាន​ដង​នោះ»
ទាក់ទង​បញ្ហា​នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ចង់​ប្រើប្រាស់​នូវ​អំពើ​ហិង្សា​ណា​មួយ។ ប៉ុន្តែ​គណបក្ស សម រង្ស៊ី គឺ​ជា​គណបក្ស​មាន​គោលនយោបាយ​អហិង្សា។
លោក យឹម សុវណ្ណ៖ «យើង​ចង់​ធ្វើ​នយោបាយ​ប្រកប​ដោយ​សន្តិវិធី ប្រើ​គំនិត សតិសម្បជញ្ញៈ ប្រើ​ចុង​ប៉ិច ដើម្បី​តស៊ូ​មតិ ការពារ​ផលប្រយោជន៍​ជាតិ ការពារ​ទឹក​ដី ហើយ​ប្រយុទ្ធ​តស៊ូ​ដើម្បី​កសាង​សង្គម​ជាតិ​១ ដែល​គ្មាន​អំពើ​ពុករលួយ ដែល​គ្មាន​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម អ្នក​ណា​គេ​ចង់​ចូល​ចិត្ត​ធ្វើ​សង្គ្រាម អា​នេះ​ជា​រឿង​របស់​គេ ប៉ុន្តែ​ចំពោះ​គណបក្ស សម រង្ស៊ី គោលនយោបាយ​របស់​យើង​តស៊ូ​ដោយ​អហិង្សា»
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា រហូត​មក​ដល់​សព្វថ្ងៃ​នេះ​មាន​រយៈពេល ២៦​ឆ្នាំ​មក​ហើយ។ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា ដរាប​ណា​លោក​មាន​ជីវិត លោក​នឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា រហូត​ដល់​អាយុ ៩០​ឆ្នាំ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។