ដោយ ម៉ៅ សុធានី
2011-11-16
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យធ្ងន់ៗជាថ្មីម្ដងទៀត ទៅលើការផ្សាយវិទ្យុអាស៊ីសេរី កន្លងមក អំពីប្រសាសន៍ភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចោទវិទ្យុអាស៊ីសេរីថា កាន់ជើងតែខាងគណបក្សខូចប៉ុណ្ណោះ។
០៦-កក្កដា-២០១១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «មានអាស៊ីសេរីទេ? សូមលើកដៃមើល៍! … អ្ហែងយកសំដីអញទៅចាក់។ ថ្ងៃមុនប្រពន្ធអញថាម៉េច ចាប់ផ្ដើមឡកមកវិញថា មិនបានឃោសនាឲ្យប្តី។ មិនចាំបាច់លោកឯងឃោសនាទេ! អញឲ្យអ្ហែងជេរ កាន់តែជេរអញកាន់តែពូកែ។ អា វីអូអេ (VOA) នេះមួយ។ មួយថ្ងៃៗគិតតែពីជេរ ជាពិសេសប្រព័ន្ធឃោសនារបស់អាស៊ីសេរី»។
ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់ ដែលបានចូលរួមក្នុងពិធីសម្ពោធផ្លូវជាតិលេខ៣ ភ្ជាប់ពីទីក្រុងភ្នំពេញ ទៅខេត្តកំពត កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងមកនេះ។
កាលពីថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា កន្លងមកនេះដែរ ក្នុងឱកាសចែកអំណោយដល់ក្រុមគ្រួសារជនរងគ្រោះដោយសារទឹកជំនន់ជាង ៣.២០០គ្រួសារនៅក្នុងខេត្តកណ្តាល អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចោទវិទ្យុអាស៊ីសេរីថា ជឿតែមនុស្សខូច។
អ្នកស្រីថ្លែងថា៖ «ច្បាស់ណាស់! អាស៊ីសេរីកាន់ជើងតែគណបក្សខូច។ គណបក្សខូចគឺអាស៊ីសេរី ហើយអ្នកខ្លះប្រឹងផ្ទៀងស្ដាប់ណាស់ ហើយអាស៊ីសេរីជឿមនុស្សខូចណាស់។ ត្រង់ថា គណបក្សប្រជាជនជួយប្រជាពលរដ្ឋយ៉ាងនេះហើយ ការអភិវឌ្ឍប្រទេសជាតិយ៉ាងម៉េច អត់ដែលមានទេ ពីព្រោះអាស៊ីសេរី ខាងអាមេរិកាំង ទៅស្រុកខ្មែរ។ សូមទោសដែលនិយាយត្រង់ហ្នឹង នេះការពិតជាក់ស្តែង»។
ទាក់ទងនឹងប្រសាសន៍លើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោក គុជ ចាន់លី បញ្ញវន្តខ្មែរមួយរូបរស់នៅសហរដ្ឋអាមេរិក ដែលបានតាមដានព្រឹត្តិការណ៍នៅប្រទេសកម្ពុជា និងពិភពលោក បានប្រតិកម្មតបវិញថា ប្រមុខដឹកនាំកម្ពុជា មិនគួរប្រើពាក្យជេរប្រមាថនៅចំពោះមុខពលរដ្ឋនោះទេ។
លោកបន្ថែមថា៖ «តាមពិតទៅជាអ្នកដឹកនាំ ដែលតំណាងឲ្យប្រទេសជាតិ ត្រូវមានសេចក្ដីថ្លៃថ្នូរ ទាំងពីអាកប្បកិរិយា និងពាក្យសំដីឡើងទៅ។ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន ដែលប្រើពាក្យអាម៉ឹង ឬមួយយកតែកម្មវត្ថុផ្ទាល់ខ្លួនឯង និងបក្សពួក ក្រុមខ្លួនមកនិយាយជាសាធារណៈ ជាជាងយកបញ្ហាប្រទេសជាតិមកនិយាយនេះ អាចបញ្ជាក់ថា លោកតេជោកំពុងភ័យខ្លាចបាត់បង់អំណាច»។
លោក គុជ ចាន់លី ថ្លែងបន្តថា នៅក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ការរិះគន់នានារបស់ពលរដ្ឋក្ដី ឬអ្នកនយោបាយក្ដី មេដឹកនាំប្រទេសនោះត្រូវយកទៅពិចារណា ដើម្បីធ្វើការកែលំអ៖ «អ្នក ដឹកនាំមាននាយករដ្ឋមន្ត្រី ឬប្រធានាធិបតីជាដើម កាលណាខ្លួនជាអ្នកធ្វើកិច្ចការបម្រើរដ្ឋ គឺខ្លួនជាកម្មសិទ្ធិរដ្ឋ។ កាលណាមានការរិះគន់ត្រូវថ្លឹងថ្លែង ហើយឆ្លើយតបមកវិញក្នុងភាពថ្លៃថ្នូរ ក្នុងក្របខ័ណ្ឌដោះស្រាយបញ្ហាទាក់ទងនឹងផលប្រយោជន៍ជាតិ»។
កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដៀលត្មះដល់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកថា ធ្វើការថោកទាប ជេរតែគណបក្សប្រជាជនកម្ពុជា ហើយថា គេគួរតែមកធ្វើការឲ្យវិទ្យុ និងស្ថានីយទូរទស្សន៍ក្នុងស្រុកវិញ ហើយលោកជាអ្នកចេញប្រាក់ខែឲ្យ៕



0 comments:
Post a Comment