Social Icons

Sunday, October 16, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​សមាជិក​ចលនា CFF


2011-10-16
ព្រះ ​មហា​ក្សត្រ​ខ្មែរ​បាន​ប្រទាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​មួយ​ចំនួន​ដែល​ ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា (CFF)។
RFA, Screenshot
ស្លាក​សញ្ញា​របស់​ចលនា CFF
ព្រះ​មហា​ក្សត្រ សម្ដេច​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ទណ្ឌិត​ចំនួន ៥​នាក់ ដែល​តុលាការ​បាន​ផ្ដន្ទា​ទោស​ក្នុង​ម្នាក់ៗ ចំនួន ១៥​ឆ្នាំ ពាក់ព័ន្ធ​និង​ការ​បង្កើត​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា CFF នោះ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។
នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចេញ​កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១១ ហើយ​គេ​ទើប​នឹង​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ តុលា បាន​ត្រាស់​បង្គាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​លែង​ទណ្ឌិត​ចំនួន ៥​នាក់ រួម​មាន​ឈ្មោះ សេង ណារិន ទម្លាប់ មិល ប៊ុន ចាន់​តូ ហែម ប៊ុន​ធឿន និង​ឈ្មោះ ចាន់ ប៊ុន​ខេង។ អ្នក​ទាំង ៥​នាក់ រស់​នៅ​ខែត្រ​ប៉ៃលិន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០០ ជាប់​ចោទ​ពី​បទ​ភេរវកម្ម និង​ក្រុម​ប្រដាប់​អាវុធ ហើយ​តុលាការ​បាន​ផ្ដន្ទា​ទោស​ក្នុង​ម្នាក់​ចំនួន ១៥​ឆ្នាំ។
ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​បាន​ចេញ​តាំង​ពី​ខែ​ កញ្ញា ប៉ុន្តែ​ក្រុម​គ្រួសារ​ទណ្ឌិត​ទាំង​នោះ ទើប​នឹង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០០១១ នេះ។ ក្រុម​គ្រួសារ​ទណ្ឌិត​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​ទើប​មាន​ទណ្ឌិត​តែ​មួយ​រូប​ទេ ក្នុង​ចំណោម ៥​នាក់​នោះ ដែល​គេ​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៥ តុលា។
អ្នក​ស្រី វែន ដារា ជា​សមាជិក​ក្រុម​ប្រឹក្សា​ខែត្រ​ប៉ៃលិន​នៃ​គណ​បក្ស​សម​រង្ស៊ី ដែល​ជា​ភរិយា​របស់​ទណ្ឌិត​ឈ្មោះ ប៊ុន ចាន់​តូ ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​នោះ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ទើប​បាន​ទទួល​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​១៥ តុលា តាម​រយៈ​ក្រុម​គ្រួសារ​របស់​លោក សេង ណារិន ដែល​គេ​បាន​ដោះ​លែង​ហើយ​នោះ។ ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​មហា​ក្សត្រ ដែល​ប្រទាន​ការ​លើក​លែង​ទោស​ដល់​ស្វាមី​របស់​គាត់។
លោក អំ សំអាត ជា​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ លោក​មាន​ប្រសាសន៍​ថា មន្ត្រី​តុលាការ និង​មន្ត្រី​ពន្ធនាគារ​ត្រូវ​តែ​អនុវត្ត​តាម​ព្រះ​រាជ​ក្រឹត្យ​ព្រះ​មហា​ ក្សត្រ​នេះ គេ​មិន​ត្រូវ​ពន្យារ​ពេល​ដូច្នេះ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ តុលា ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​នេះ។ ចំណែក​ប្រធាន​ពន្ធនាគារ​ព្រៃ​ស លោក ស៊ុយ វ៉ាន់សន ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ​ជុំវិញ​ករណី​នេះ ដោយ​លោក​ប្រាប់​ថា លោក​ទើប​តែ​វិល​មក​ពី​បរទេស។
មន្ត្រី​នាំ​ពាក្យ​នៃ​គណ​បក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ បាន​អះអាង​ថា ទណ្ឌិត​ទាំង​៥ នេះ ជា​អតីត​សមាជិក​សកម្ម​របស់​គណ​បក្ស​សម​រង្ស៊ី។ លោក​បាន​សាទរ​ចំពោះ​ព្រះ​មហា​ក្សត្រ​ដែល​ព្រះ​អង្គ​ព្រះ​រាជ​ទាន​ការ​លើក​ លែង​ទោស​ដល់​អ្នក​ទាំង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ បាន​ពន្យល់​ថា ការ​ចាប់​ខ្លួន​អតីត​សមាជិក​គណ​បក្ស​សម​រង្ស៊ី​ដាក់​គុក​ក្នុង​ម្នាក់​ជាង ១០​ឆ្នាំ​មក​នេះ ជា​រឿង​នយោបាយ។
ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា (Cambodian Freedom Fighter CFF) បាន​ដឹក​នាំ​ដោយ​លោក ឈុន យ៉ាសិទ្ធិ ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក។ កាល​ពី​ឆ្នាំ​២០០០ កន្លង​ទៅ លោក ឈុន យ៉ាសិទ្ធិ ស្នាក់​នៅ​ប្រទេស​ថៃ បាន​ដឹក​នាំ​ប្រតិបត្តិការ​យោធា​មួយ​ឈ្មោះ​ភ្នំ​ភ្លើង វាយ​ប្រហារ​លើ​ទីស្នាក់ការ​ក្រសួង​ការ​ពារ​ជាតិ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ប្រតិបត្តិការ​នោះ​បាន​បរាជ័យ។ ជា​បន្ត​បន្ទាប់​មក​ទៀត អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ជា​ច្រើន​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​គុក ក្នុង​នោះ​រួម​មាន​សមាជិក​គណ​បក្ស​សម​រង្ស៊ី​ទាំង ៥​នាក់ ដែល​ព្រះ​មហា​ក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​នៅ​ពេល​នេះ​ដែរ។
កាល​ពី​ឆ្នាំ​២០១០ តុលាការ​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង Los Angeles រដ្ឋ​ការ​លី​ហ្វូ​នី​ញា បាន​កាត់​ទោស​លោក ឈុន យ៉ាសិទ្ធិ ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​ដឹក​នាំ​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា CFF ក្នុង​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​សម្រេច​កាល​ពី​ឆ្នាំ ​២០០០ នោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។