Social Icons

Wednesday, October 5, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប៉ូលិស​នៅ​ខេត្ត​ព្រៃវែង​បាញ់​បុរស​ពីរ​នាក់​របួស​ធ្ងន់


ដោយ ដែន អយុធ្យា    2011-10-05

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកចង្ក្រាន នា​ខេត្ត​ព្រៃវែង បាន​ធ្វើ​សកម្មភាព​បាញ់​បោះ​​បង្ក​អសន្តិសុខ និង​បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​របួស​ធ្ងន់។

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង បាន​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ព្រែកចង្ក្រាន បាន​ធ្វើ​សកម្មភាព​បាញ់​បោះ​អនាធិបតេយ្យ ប៉ុន្តែ​មិន​មាន​ការ​ផ្ដន្ទាទោស​នោះ។

បុរស​មិន​បង្ហាញ​ឈ្មោះ​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ខែ​តុលា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកចង្ក្រាន ឈ្មោះ ជូ ស៊្រុន បាន​ប្រើ​កាំភ្លើង​បាញ់​ឲ្យ​ពលរដ្ឋ​ចំនួន​ពីរ​នាក់​របួស​ធ្ងន់ និង​ត្រូវ​បញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ។
លោក​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា សមត្ថកិច្ច​មិន​ទាន់​ចាប់​ជនល្មើស​បញ្ជូន​​ទៅ​ផ្តន្ទាទោស​​​តាម​ច្បាប់​នៅ​ឡើយ​ទេ។
តំណាង​ពលរដ្ឋ​ចង់​ឃើញ​ប៉ូលិស ឈ្មោះ ជូ ស៊្រុន ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ ជា​ជាង​ធ្វើការ​សម្របសម្រួល​ជា​លុយ​កាក់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ឲ្យ​រាងចាល ៖ «ឃើញ​គេ​ចាប់​ទៅ​សាលា​ស្រុក ប៉ុន្តែ​ឮ​ពាក្យ​ថា ចង់​សម្រុះសម្រួល​ឲ្យ​បុគ្គល​ហ្នឹង​រួច​ខ្លួន ហើយ​ខ្ញុំ​ក្នុង​នាម​ពលរដ្ឋ​នៅ​ស្រុក​ស៊ីធរកណ្ដាល មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ជន​នេះ​តែង​ផឹក​ស្រា​ឡូឡា​អួតអាង មាន​កាំភ្លើង​អាង​តែ​សមត្ថកិច្ច​ដើរ​គំរាមកំហែង​គេ។ បាញ់​ហើយ​រួច​ខ្លួនៗ គេ​ដើរ​បាញ់​គ្រប់​គ្នា​ហើយ»
តំណាង​ពលរដ្ឋ​បន្ត​ថា មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ប៉ូលិស​ឈ្មោះ ជូ ស៊្រុន បាន​បាញ់​បោះ​ បង្ក​ការ​ភ័យ​ខ្លាច​ដល់​​​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។ លោក​ថា ទង្វើ​បាញ់​បោះ​បាន​កើត​មាន​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​បង្ក្រាប ឬ​ចាប់​ខ្លួន​ប៉ូលិស​រូប​នេះ​ទៅ​កាន់​តុលាការ​ម្ដង​ណា​ទេ។
លោក លី អឿន ជា​មេ​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ លោក​ទទួល​ស្គាល់​ថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកចង្ក្រាន ឈ្មោះ ជូ ស៊្រុន ហៅ ភារុន ពិត​ជា​បាន​ប្រើ​កាំភ្លើង​បាញ់​ឲ្យ​​ពលរដ្ឋ​ចំនួន​ពីរ​នាក់​នៅ​មូលដ្ឋាន​​លោក​​របួស​ធ្ងន់​ ពេល​ផឹក​ស្រា​ស្រវឹង​ពិត​មែន។
លោក​ថា ករណី​បង្ក​របួស​ស្នាម​នេះ សមត្ថកិច្ច​ជំនាញ​ថ្នាក់​ស្រុក និង​ខេត្ត​កំពុង​មាន​វិធានការ​ទៅ​លើ​ជនល្មើស​នោះ ៖ «មួយ​នោះ​គាត់​ត្រូវ​ក​ដៃ​បាក់​ឆ្អឹង។ ទៅ​ដល់​ពេទ្យ​កាល់ម៉ែត​ហើយ ប៉ុន្តែ​មិន​កាត់​ទេ គេ​អប​ឆ្អឹង និង​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ចូល​រួម​ផឹក​ស៊ី​ជាមួយ ត្រូវ​ឆ្អឹង​ដង​កាំបិត​បៀម​គ្រាប់។ ពេទ្យ​បាន​ជួយ​សង្គ្រោះ​រួច​ហើយ»
យ៉ាង​នេះ​ក្ដី លោក យ៉ុន សុណេត ជា​អធិការ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ លោក​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​​​​រដ្ឋបាល​ឃុំ​ព្រែកចង្ក្រាន ឈ្មោះ ជូ ស្រុន ដែល​បាញ់​ពលរដ្ឋ​ពីរ​នាក់​ឲ្យ​របួស​ធ្ងន់​កាល​ពី​រាត្រី​ថ្ងៃ​ទី​២ ខែ​តុលា សមត្ថកិច្ច​​បាន​ចាប់​ខ្លួន និង​កំពុង​រៀបចំ​បញ្ជូន​សំណុំ​រឿង​​​ទៅ​កាន់​តុលាការ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។
លោក យ៉ុន សុណេត បន្ថែម ៖ «ខ្ញុំ​ឃាត់​បាន​អស់​ហើយ និង​កំពុង​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ។ ចាប់​ពី​ម្សិលមិញ (៤ តុលា)។ ជនសង្ស័យ​ឈ្មោះ ជូ ស៊្រុន គាត់​ជា​មន្ត្រី​ប៉ូលិស»
រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ នៃ​រដ្ឋ​សភា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ-​ ឃុំ​មាន​សុវត្ថិភាព​ចំនួន ៥​ចំណុច ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​សេចក្ដី​សុខ​​ជូន​ពលរដ្ឋ។
គោលនយោបាយ​ទាំង​នោះ​រួម​មាន សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់​​បទល្មើស​រំលោភ អំពើ​ហិង្សា​ក្នុង​គ្រួសារ បង្ក្រាប​ក្មេង​ទំនើង ឬ​បង​តូច​បង​ធំ បង្ក្រាប​ល្បែង​ស៊ីសង និង​បង្ក្រាប​ក្រុម​ចោរ​ឆក់​ប្លន់​ជាដើម។
ប៉ុន្តែ​ពលរដ្ឋ​បាន​អះអាង​ថា គោលនយោបាយ​ទាំង ៥​ចំណុច​របស់​រដ្ឋាភិបាល អាជ្ញាធរ​ថ្នាក់​ក្រោម​អនុវត្ត​មិន​​បាន​ទេ។ ផ្ទុយ​ទៅ​វិញ​សមត្ថកិច្ច​ខ្លួន​ឯង​បាន​ប្រើ​អាវុធ​បង្ក​ការ​ភ័យ​ខ្លាច ឬ​គំរាមកំហែង​ទៅ​លើ​ពលរដ្ឋ​ទៅ​វិញ។ តួ​យ៉ាង​ដូចជា​ករណី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ឈ្មោះ ជូ ស្រុន ​ជា​ឧទាហរណ៍៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។