Social Icons

Thursday, October 13, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជម្លោះ​ដី​រវាង​ពលរដ្ឋ​ជិត​២០០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​នៅ​ព្រះវិហារ


ដោយ​ វោហារ ជាតិ    2011-10-13

ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​មួយ​​រវាង​ក្រុមហ៊ុន​សីលាដាម៉ិច (Seladamex) ជាមួយ​សហគមន៍ និង​ប្រជាពលរដ្ឋ​ជាង ១៩១​គ្រួសារ នៅ​ឃុំ​សាយ៉ង់ ស្រុក​គូលេន ខេត្ត​ព្រះវិហារ នៅ​តែ​បន្ត​​កើត​មាន​មិន​អាច​ដោះស្រាយ​បាន។

សព្វថ្ងៃ​ទំនាស់​នេះ បាន​ក្លាយ​ទៅ​ជា​រឿង​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ ដោយ​ភាគី​អ្នក​ភូមិ​ចោទ​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ និង​ដី​ព្រៃ​រដ្ឋ រីឯ​ក្រុមហ៊ុន​បាន​ចោទ​អ្នក​ភូមិ​វិញ​ថា មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​ខ្នង​ឲ្យ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន។


អ្នក​ភូមិ​ជិត ២០០​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​២ នៅ​តំបន់​ទន្លេ​ម្រេច ក្នុង​ឃុំ​ស្រយ៉ង់ ឃុំ​ស្រយ៉ង់ ស្រុក​គូលេន ខេត្ត​ព្រះវិហារ បាន​តវ៉ា​ថា ក្រុមហ៊ុន​សីលាដាម៉ិច បាន​រំលោភ​យក​ដី​ពួក​គាត់​ជាង ១.៦០០​ហិកតារ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​ដី​ព្រំប្រទល់​ក្រុមហ៊ុន នៅ​ចុង​ខែ​កញ្ញា និង ដើម​ខែ​តុលា ឆ្នាំ​២០១១។
លោកស្រី មាស រ៉េន ម្ចាស់​ដើមបណ្ដឹង​តំណាង​ឲ្យ​អ្នក​ភូមិ ១៩១​គ្រួសារ ដែល​បាន​ប្ដឹង​មក​អង្គការ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ពី​រឿង​ទំនាស់​ដី​នេះ បាន​ចោទ​ថា ក្រុមហ៊ុន​នៅ​តែ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ បើ​ទោះ​បី​ជា​លោកស្រី​ដាក់​ពាក្យ​បណ្ដឹង​មក​អង្គការ​អាដហុក និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឲ្យ​ដោះស្រាយ​ទំនាស់​នេះ​យ៉ាង​ណា​ក្ដី។ លោកស្រី​ថា ក្រុមហ៊ុន​ធ្វើ​ដូច្នេះ​ជា​ការ​រំលោភ​ច្បាប់ ព្រោះ​ថា ទំនាស់​នេះ​កំពុង​ដោះស្រាយ ក្រុមហ៊ុន​គួរ​រង់ចាំ​ការ​ដោះស្រាយ​ហើយ​សិន​ចាំ​ឈូស​ឆាយ ​ទើប​យុត្តិធម៌។
ដូច​ក្នុង​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​១៩ កញ្ញា ដែល​លោកស្រី​បាន​ចោទ​ក្រុម​អាជ្ញាធរ​ភូមិ និង​ឃុំ​ថា បាន​ចូល​ដៃ​ជាមួយ​ក្រុមហ៊ុន ហើយ​ក្បត់​​ប្រជាពលរដ្ឋ​ឯង ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ស្រី​ចោទ​ថា អាជ្ញាធរ​បាន​គំរាម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ហើប​មាត់​តវ៉ា​ទៀត។
លោក ហោ នាថ មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ បញ្ជាក់​ថា ក្រុមហ៊ុន​ សីលាដាម៉ិច បាន​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​​អ្នក​ភូមិ​ដូច​បណ្ដឹង​នេះ​មែន ហើយ​លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​គណៈកម្មការ​មួយ​ឯករាជ្យ​ដោះស្រាយ​ទំនាស់​នេះ​ឲ្យ​បាន​ឆាប់​ ដើម្បី​ឲ្យ​អ្នក​ភូមិ​បាន​បង្កបង្កើន​ផល​ទាន់​ពេលវេលា។
ក្រៅ​ពី​ប្ដឹង​ក្រុមហ៊ុន ​បណ្ដឹង​អ្នក​ភូមិ​​ដែល​មាន​ស្នាម​មេដៃ​នោះ បាន​ប្ដឹង​ចោទ​លោក តាត់ ស៊ី មេ​ឃុំ​ស្រយ៉ង់ ជំទប់​ឃុំ ឈ្មោះ ក្រូច ឡាម និង​មន្ត្រី​ភូមិ​ម្នាក់​ទៀត។ ក៏​ប៉ុន្តែ​លោក ក្រូច ឡាម បាន​បដិសេធ។
ចំណែក​លោក​មេ​ឃុំ តាត់ ស៊ី ដែល​អ្នក​ភូមិ​ចោទ​ថា បាន​ចូល​ដៃ​ជាមួយ​ក្រុមហ៊ុន​លក់​ដី​អ្នក​ភូមិ​នោះ បាន​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង​ប៉ូលិស មិន​បាន​គំរាម​អ្នក​ភូមិ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក​កំពុង​ប្រឹង​ប្រែង​ជួយ​ប្រជាជន​ដោះ​ស្រាយ​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់។
ជម្លោះ​ដី​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ។ ក្រុម​អ្នក​ភូមិ​បាន​ប្ដឹង​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​រួច​មក​ហើយ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចារ​មក​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ។
លោក​ ហោ នាថ មន្ត្រី​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ បាន​បង្ហាញ​ឯកសារ​ថា ក្រុមហ៊ុន​សីលាដាម៉ិច បាន​ទទួល​​ដីសម្បទាន​ទំហំ ៩.០០០​ហិកតារ​ពី​រដ្ឋាភិបាល​ដើម្បី​ដាំ​កៅស៊ូ និង​កប្បាស​នៅ​តំបន់​នោះ តែ​លោក​ថា ក្រុមហ៊ុន​មិន​ត្រឹម​តែ​ប៉ះពាល់​ដី​អ្នក​ភូមិ​ទេ ថែម​ទាំង​ប៉ះ​ពាល់​ដី​ព្រៃ​សហគមន៍ ដែល​មាន​ក្បាល​ដី ៦០០​ម៉ែត្រ បណ្ដោយ ៦.០០០​ម៉ែត្រ​ទៀត​ផង។
ទាក់ទង​បណ្ដឹង​នេះ លោក អ៊ី រតនៈ តំណាង​ក្រុមហ៊ុន សីលាដាម៉ិច បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះ​ពាល់​ដី​អ្នក​ភូមិ​ខ្លះ​មែន តែ​លោក​ថា មិន​មែន​ប៉ះ​ច្រើន​ដូច​ពាក្យ​ចោទ​ប្រកាន់​ទេ។ម្យ៉ាង​វិញ​ទៀត​ លោក​ថា ក្រុមហ៊ុន​មាន​គម្រោង​ប្រមូល​ផ្ដុំ​អ្នក​ភូមិ​ដែល​កំពុង​រស់​នៅ​រកេតរកូត​ដាច់​ដោយ​ឡែក​ពី​គ្នា​ឲ្យ​នៅ​មួយ​កន្លែង ហើយ​ក្រុមហ៊ុន​នឹង​ជួយ​អភិវឌ្ឍ​ភូមិ​ឲ្យ​មាន​ផ្លូវ​ថ្នល់ ប្រឡាយ​ទឹក សាលារៀន និង​មន្ទីរពេទ្យ តែ​អ្នក​ខ្លះ​ព្រម​ទទួល និង​មាន​ខ្លះ​ម្ដង​ថា​ព្រម​ម្ដង​​ជំទាស់។
លោក​បន្ថែម​ថា ចំពោះ​ដី​ដែល​ឈូស​ប៉ះ​ដី​អ្នក​ភូមិ​ក្រុមហ៊ុន​សុខ​ចិត្ត​សង​វិញ។
យ៉ាង​ណា​ក្ដី មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក លោក ហោ នាថ អះអាង​ថា ទំនាស់​នេះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​បាន​ភ្លាមៗ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​កន្លង​មក​មាន​ចំណារ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ជម្លោះ​នេះ​យ៉ាង​ណា​ក្ដី៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។