Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាជីវករ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន សុំ​បញ្ចុះ​តម្លៃ​តូប


ដោយ វោហារ ជាតិ    2011-10-09

អាជីវករ​ផ្សារ​ទំនប់​ទួលគោក​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ មួយ​សប្ដាហ៍​មក​ហើយ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​តូប។
មកទល់​នឹង​ថ្ងៃ​ទី​៩​តុលា​នេះ អ្នកលក់​ដូរ​នៅ​ផ្សារ​ទំនប់​ទួលគោក នៅតែ​នាំ​គ្នា​តវ៉ា​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដដែល បើ​ទុក​ណា​ការ​តវ៉ា​របស់​ពួកគាត់​បាន​ធ្វើ​ឡើង​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ មិន​ទាន់​មាន​លទ្ធផល​យ៉ាង​ណា​ក្ដី។ ពួកគាត់​បាន​អះអាង​ថា ក្រុម​អាជីវករ​ដែល​មាន​តូប​លក់​ដូរ​ចំនួន ៣១៥​តូប នឹង​នៅ​តវ៉ា​បន្ត​ទៅ​ទៀត​រហូត​មាន​ដំណោះ​ស្រាយ​មួយ​សមរម្យ។

ក្រុម​អ្នក​តវ៉ា​ថ្លែង​ថា ថៅកែ​ថ្មី​ដែល​ទើប​ដេញថ្លៃ​យក​ផ្សារ​នេះ​បាន យក​ធ្វើ​អាជីវកម្ម​ជួល​តូប​បន្ត​ទៅ​អាជីវករ បាន​ដំឡើង​ថ្លៃ​តូប​ចាប់​ពី តម្លៃ​ប្រហែល​១ពាន់​ដុល្លារ​ដល់​ប្រហែល​២.៨០០ដុល្លារ​តាម​សណ្ឋាន​តូប តែ​ត្រូវ​ដាក់​លុយ​តម្កល់​ចំនួន​៥០០​ដុល្លារ បន្ថែម​លើ​នេះ ថៅកែ​ថ្មី​តម្រូវ​ឲ្យ​បង់​ប្រាក់​ប្រចាំខែ​៣៥​ដុល្លារ​ថែម​ទៀត។
សែ គួង​ដាលិន អ្នកលក់​ស្បែក​ជើង​ម្នាក់​បាន​ត្អូញត្អែរ​ថា​បើ​ថៅកែ​ថ្មី​មិន​ចុះ​ថ្លៃ​ទេ អាជីវករ​ពិត​ជា​មិន​អាច​លក់​ដូរ​បន្ត​ទៀត​ទេ ៖​«លក់​អត់​បាន​ទេ​ថ្លៃ​ពេក អត់​ទប់ទល់​ថ្លៃ​តូប​បាន​ទេ​តម្លៃ​ប៉ុណ្ណឹង ព្រោះអី​ផ្សារ​នេះ​លក់​អត់​សូវ​ដាច់​ទេ​ផ្សារ​រោងចក្រ​នឹង មិន​ដូច​ផ្សារ​អូរ​ឡាំពិច​ណា។
ចំណែក​អ្នក​ស្រី ឃុន សុខុម អាជីវករ​ដូរលុយ និង​អ្នក​លក់​ដូរ​ផ្សេងទៀត បាន​ចោទ​ថា ថៅកែ​ថ្មី ក្រៅពី​បាន​ដំឡើង​ថ្លៃ​តូប​ថ្លៃ​ខ្ពស់​ឆ្ងាយ​ពី​ថៅកែ​ចាស់ ក៏​មាន​ឫក្សពារ មិន​សមរម្យ​ដាក់​អាជីវករ​ដែរ ៖ «ថា​លើស​លុប​ពេក​បាន​ជា​អាជីវករ​គ្នា​សុំ។ និយាយ​ឲ្យ​ចំ​ទៅ​អាជីវករ​មិន​ថា​ដាច់ខាត​ណាស់​ណា​ទេ។ ប៉ុន្តែ គាត់​ប្រើ​កំហឹង​លើ​អាជីវករ​ខ្លាំងក្លា​ពេក មិន​ទាន់​ចូល​អត្ត​ផង​គាត់​ច្របូកច្របល់​អ៊ីចឹង​ធ្វើ​ឲ្យ​អាជីវករ​មាន​កំហឹង»
អាជីវករ ប៉ាវ ត្រួក លក់​គ្រឿង​ក្រអូប ៖ «គាត់​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​អាជីវករ ដូច​ជា​ថា អ្នក​ឯង​អត់​លុយ​អ៊ីចឹង ឲ្យ​អាជីវករ​ទៅ​ធ្វើ​ស្រែ។ អាជីវករ​ណា​មាន​ស្រែ​ធ្វើ​បើ​នៅ​ភ្នំពេញ។​និយាយ​រួម​ទៅ​អាជីវករ​ឈឺចិត្ត​ដែល​គាត់​ប្រើ​ពាក្យ​មិន​គប្បី»
ក្រុម​អ្នក​តវ៉ា បាន​ចោទ​ថៅកែ​ថ្មី បាន​ព្យាយាម​ព័ទ្ធ​របង​បិទ​ទ្វារ​ផ្សារ​មិន​ឲ្យ​អាជីវករ​លក់​ដូរ​បាន​ចាប់​តាំង​ថ្ងៃ​ទី​២ តុលា​ឆ្នាំ​២០១១​ដែល​ជា​ថ្ងៃ​កំណត់​ចាប់ផ្ដើម​កិច្ចសន្យា​ជួល​តូប​អាណត្ត​ថ្មី ជាមួយ​ថៅកែ​ថ្មី។
ក្រុម​អ្នក​លក់​អះអាង​ថា កាលពី​ថៅកែ​ចាស់​ថ្លៃ​ជួល​តូប​មាន​តម្លៃ​ថោក ហើយ​មិន​មាន​បង់​ថ្លៃ​ផ្សេងៗ​ច្រើន​ដូច្នេះ​ទេ ពោល​គឺ​អាជីវករ តម្រូវ​ឲ្យ​បង់​ថ្លៃ​តូប​ក្នុង​មួយ​ឆ្នាំ​១០០ ដុល្លារ នឹង​បង់​ប្រាក់​២.០០០​រៀល​ក្នុង​មួយថ្ងៃ​សម្រាប់​ថ្លៃ​សេវា និង​២០០ រៀល​ថ្លៃ​ភាស៊ី​និង​២០០​រៀល​ទៀត​ថ្លៃ​អនាម័យ។
លោក កុយ សុទ្ធិ ថៅកែ​ផ្សារ​ដែល​ទើប​ផុត​អាណត្ត​បញ្ជាក់​ថា ការ​អះអាង​នេះ​ជា​ការ​ពិត ហើយ​លោក​មិន​បាន​ដឹង​ថា ហេតុអ្វី​បាន​ជា​ថៅកែ​ថ្មី​ដំឡើង​ថ្លៃ​តូប​រហូត​ដល់​ជាង​២.០០០ ដុល្លារ រយៈពេល​បី​ឆ្នាំ​ដូច្នេះ​ទេ។
លោក អ៊ូ សេដ្ឋានូ ដែល​អាជីវករ​អះអាង​ថា​ជា​ថៅកែ​ថ្មី​នោះ បាន​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី​ទាក់ទង​ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អាជីវករ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។