Social Icons

Wednesday, October 12, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ឥទ្ធិពល​នៃ​អំណាច​របស់​អ្នក​ធំ​នៅ​កម្ពុជា

ដោយសេកបណ្ឌិត2011-10-12
មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​ទ្រព្យធន​នៅ​ក្នុង​សង្គម​ខ្មែរ​មួយ​ចំនួន កំពុង​ប្រើប្រាស់​អំណាច​ដែល​បាន​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ដើម្បី​បង្ហាញ​ពី​មុខមាត់​ឲ្យ​គេ​កោតខ្លាច និង​ការពារ​មុខ​របរ​អាជីវកម្ម​របស់​ខ្លួន។
ក្រុម​បុគ្គលិក និង​កម្មករ នាំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​កាន់​រូប​ថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ស្រែក​ដាក់​មីក្រូ​​​ទាមទារ​នៅ​មុខ​សណ្ឋាគារ​អង្គរ វីលេក បូតានិកខល រីសត (Angkor Village Botanical resort) ដើម្បី​ឱ្យ​ថៅកែ​ទទួល​យក​ពួកគេ​ចូល​​ធ្វើ​ការ​វិញ កាល​ពី​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១១។
ការ​ស្វែង​រក​ប្រភព​អំណាច​មក​ដាក់​ខ្លួន​ឲ្យ​កាន់តែ​សម្បើម​បែប​នេះ គេ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំង​អស់ រាប់​ទាំង​ការ​បម្រើ​គាំទ្រ​នយោបាយ​បក្ស និង​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​តាម​ស្ថាប័ន​ជាតិ​នានា តាម​រយៈ​ការ​ចាយ​លុយ​កាក់​ដ៏​សម្បូរ​បែប​របស់​ពួកគេ។ មាន​អ្នក​ខ្លះ​បាន​បង្ហាញ​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច តាម​រយៈ​ការ​ថត​រូប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រដ្ឋាភិបាល មាន​ដូចជា​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា​ជាដើម យក​មក​ដាក់​តាំង​នៅ​ក្រុមហ៊ុន ឬ​ទីតាំង​ប្រកប​របរ​អាជីវកម្ម ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ផង​ដឹង​ថា ម្ចាស់​ គ្រឹះស្ថាន​មួយ​នេះ​មាន​ខ្នង​បង្អែក​រឹងមាំ មាន​ស្គាល់​ជិតដិត​ជាមួយ​អ្នក​ធំ និង​មាន​អំណាច​គ្រប់គ្រាន់។
សកម្មភាព​ទាំង​នេះ​ចង់​មិន​ចង់​ក៏​ធ្វើ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​តូចតាច​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ការ​ខ្លាច​រអា​ខ្លះ​ដែរ ឬ​គេ​ច្រើន​តែ​និយាយ​ថា ផ្ទះ​នោះ ឬ​ក្រុមហ៊ុន​នោះ​មាន​ខ្សែ​កថា​ក្រាស និង​មាន​អ្នក​ស្គាល់ បក្ខពួក មិត្តភ័ក្ដិ ជា​អ្នក​ធំ​មិន​អាច​ប៉ះពាល់​បាន។ ដូច​សុភា​សិត​មួយ​បាន​ពោល​ថា «បើ​ចង់​វាយ​ឆ្កែ​ត្រូវ​ឲ្យ​មើល​ម្ចាស់»។
ពលរដ្ឋ​ម្នាក់​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ដែល​កំពុង​ចត​រ៉ឺម៉ក​រង់ចាំ​ភ្ញៀវ​នៅ​ជិត​រង្វង់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វារ មាន​ប្រសាសន៍​ពី​ការ​កត់​សម្គាល់​អំពី​រឿង​នេះ​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​លុយ​កាក់​មួយ​ចំនួន​កំពុង​សប្បាយ​នឹង​ប្រើ​អំណាច​របស់​ខ្លួន​ដែល​បាន​ពី​ការ​រាប់អាន​ជិតស្និទ្ធ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ យក​មក​គាប​សង្កត់​អ្នក​ក្រីក្រ និង​យក​ប្រៀប​លើ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន ដោយ​មិន​បាន​យក​តួនាទី​ដែល​មាន​ទៅ​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​ឡើយ។
បុរស​រូប​នេះ​យល់​ឃើញ​ថា ទង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ និង​បង្កើត​នូវ​បរិយាកាស​អាប់អួ កើត​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។
អ្នកស្រី រស់ ទិត្យម៉ាឡៃ ជា​សាស្ត្រាចារ្យ​នៅ​ក្នុង​វិទ្យាល័យ​មួយ​នា​ទីក្រុង​ភ្នំពេញ។ អ្នកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​វប្បធម៌​ប្រើ​អំណាច​គំរាមកំហែង​អ្នក​ទន់​ខ្សោយ ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដោយ​អាង​មាន​ខ្សែ​រយៈ​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ​ខ្នង​នេះ កំពុង​ពេញ​និយម និង​កំពុង​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម ដោយសារ​ការ​ប្រើ​អំណាច​គ្មាន​ព្រំដែន​កំណត់​នេះ។
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ នាយ​ប៉ូលិស​មួយ​រូប​ដែល​កំពុង​ត្រួត​ពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​វិថី​ម៉ៅសេទុង ក្នុង​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​លុយ​កាក់ មុខមាត់​នៅ​ក្នុង​សង្គម តែង​តែ​ប្រើ​អំណាច​របស់​ខ្លួន ឬ​ឈ្មោះ​មេដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល មក​គាប​សង្កត់​មន្ត្រី​អនុវត្ត​ច្បាប់​ថ្នាក់​ក្រោម​តូចតាច​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ពេល​បំពេញ​ការងារ។
ពាក់ព័ន្ធ​បញ្ហា​ចរាចរណ៍ មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​អាង​អំណាច​ច្រើន​តែ​ល្មើស​​នឹង​ច្បាប់​ចរាចរណ៍ ប្រើ​រថយន្ត​ពុំ​មាន​ស្លាក​លេខ បើក​បរ​ពុំ​មាន​ប័ណ្ណ​បើកបរ ហើយ​នៅ​ពេល​សមត្ថកិច្ច​ណែនាំ​ឲ្យ​គោរព​ច្បាប់ អ្នក​ទាំង​នោះ​បាន​គំរាម និង​ប្រើ​ពាក្យ​សម្ដី​មើលងាយ​សមត្ថកិច្ច​ថែម​ទៀត​ផង។
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា បញ្ហា​អស់​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ​មិន​បាន​បង្ហាញ​ពី​លក្ខណៈ​ដឹកនាំ​ប្រទេស​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ គឺ​យក​ច្បាប់​ជា​ធំ។ ផ្ទុយ​ទៅ​វិញ គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​និយម​ប្រើ​អំណាច​បុគ្គល បាន​ន័យ​ថា បុគ្គល​ណា​មាន​តួនាទី​ខ្ពស់ បុគ្គល​នោះ​មាន​អំណាច​ខ្លាំង ដើម្បី​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ​ស្រេច​តែ​ចិត្ត ហើយ​ថ្នាក់ដឹកនាំ​កំពូល​បាន​ទុក​ឱកាស​ឲ្យ​អ្នក​ទាំង​អស់​នោះ​យក​អំណាច​ទៅ​រក​លុយ​កាក់ ដើម្បី​បំប៉ន​អំណាច​ក្នុង​ក្រុម ឬ​បក្ស​របស់​គេ​នោះ។
​លោក កឹម សុខា បាន​បញ្ជាក់​ទៀត​ថា អំពើ​នេះ​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​សង្គម​បាន​ទេ វា​ជា​សង្គម​មួយ​ដណ្ដើម​គ្នា​រស់ មិន​មែន​ជា​សង្គម​ដែល​ចែក​គ្នា​រស់​ដូច​នៅ​ប្រទេស​ដែល​គេ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ។
ទាក់ទិន​នឹង​បញ្ហា​នេះ លោក ជាម យៀប ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន។ លោក​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា សព្វថ្ងៃ​ពិត​ជា​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ប្រើ​តួនាទី និង​ឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទៅ​ប្រព្រឹត្ត​អំពើ​ផ្សេង​ផ្ទុយ​ពី​ច្បាប់​កំណត់ ប៉ុន្តែ​លោក​បញ្ជាក់​ថា សកម្មភាព​ទាំង​នោះ​មិន​មែន​ជា​ចេតនា ឬ​ឆ្លុះ​បញ្ចាំង​ពី​ឧត្ដមគតិ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​គាំទ្រ ឬ​សមគំនិត​ជាមួយ​ជន​ល្មើស​ទាំង​នោះ​ដែរ។
លោក​បន្ត​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ជានិច្ចកាល​តែងតែ​បាន​អប់រំ​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​មាន​ក្រម​សីលធម៌​ល្អ ធ្វើ​ការ​គោរព​តាម​តួនាទី​ដែល​បាន​កំណត់ ហើយ​កុំ​ធ្វើ​អំពើ​ទាំង​ឡាយ​ណា​ជា​អំពើ​ល្មើសច្បាប់​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ថ្នាក់ដឹកនាំ។ ប៉ុន្តែ​បើ​ជន​ទាំង​នោះ​នៅ​ប្រព្រឹត្ត​បទល្មើស គឺ​មាន​តែ​ច្បាប់​ទេ​ជា​អ្នក​តម្រឹម ឬ​កំណត់​វាសនា​ជន​ល្មើស​ទាំង​នោះ។
អ្នកស្រី រស់ ទិត្យម៉ាឡៃ ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​នា​ទីក្រុង​ភ្នំពេញ។ អ្នកស្រី​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ​ឡើយ ដោយសារ​តែ​អ្នក​មាន​អំណាច អ្នក​មាន​លុយ​កាក់​ច្រើន​នៅ​តែ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ ហើយ​អ្នក​ទន់​ខ្សោយ មាន​ដូចជា​ពលរដ្ឋ​ក្រីក្រ​ជាដើម នៅ​តែ​បង្ហូរ​ទឹក​ភ្នែក​ដោយសារ​ទទួល​ភាព​អយុត្តិធម៌​ពី​ការ​សម្រេច​ក្ដី​របស់​ចៅក្រម​តុលាការ​ពេល​មាន​ជម្លោះ​ម្តងៗ។
ការ​ប្រើ​អំណាច​លើសលប់​ដែល​ខ្លួន​មាន​របស់​មនុស្ស​មួយ​ចំនួន​ដែល​ស្គាល់​អ្នកធំ អ្នក​មាន​អំណាច​ក្នុង​សង្គម បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​ថ្មីៗ​នេះ។ នាយិកា​ពិធីការ និង​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម និង​ជា​ប្រធាន​គណបក្ស​ប្រជាជន គឺ​អ្នកស្រី ផេង គន្ធាបូរី និង​អតីត​ទីប្រឹក្សា រួម​ទាំង​ជំនួយការ​ចំនួន ៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​បទ​ឆ​បោក​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ ហើយ​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ មក​ទល់​ពេល​នេះ​តុលាការ​កំពុង​បន្ត​នីតិវិធី​ក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ។
នៅ​ក្នុង​ពេល​មនុស្ស​ទាំង​នោះ​នៅ​ក្នុង​អំណាច​នៅ​ឡើយ មិន​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ពួក​គាត់​ឡើយ។ តែ​នៅ​ពេល​នេះ ចៅហ្វាយ​នាយ​របស់​គាត់​បាន​ចោទ​គាត់ និង​ប្ដឹង​ទៅ​តុលាការ​ថា ពួកគាត់​បាន​ក្បត់​ការ​ទុក​ចិត្ត​របស់​ចៅហ្វាយនាយ​គាត់។ មនុស្ស​ទាំង​អស់​ចាំ​មើល​ថា តើ​មនុស្ស​ដែល​ស្គាល់​អ្នក​ធំ​ទាំង​នោះ​បាន​ទទួល​ការ​កាត់​ទោស​ដោយ​យុត្តិធម៌ ឬ​ទេ? តើ​ការ​កាត់​ទោស​មនុស្ស​ទាំង​នោះ​ធ្វើ​ឲ្យ​មនុស្ស​ដែល​និយម​ប្រើ​អំណាច​អ្នក​ធំ​ធ្វើ​បាប​អ្នក​តូចតាច​នោះ មាន​ការ​ខ្លាច​រអា ឬ​ទេ?

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។