ដោយ សុខ សេរី 2011-10-04
រដ្ឋាភិបាលកម្ពុជា កំពុងតែស្វែងរកជំនួយពីអន្តរជាតិ រាប់ទាំងអង្គការសហប្រជាជាតិ (អ.ស.ប.) ផង ដើម្បីដោះស្រាយការខូចខាតនានា ដោយសារគ្រោះទឹកជំនន់ដែលមានសភាពធ្ងន់ធ្ងរនៅឆ្នាំ២០១១ នេះ។
២៩-កញ្ញា-២០១១៖ ទឹកជំនន់ជន់លិចភូមិមួយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១១ បានស្នើសុំប្រធានអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ ហ្វាវ (FAO) ឲ្យជួយផ្ដល់ស្បៀងអាហារ និងស្រូវពូជសម្រាប់ប្រទេសកម្ពុជា ដើម្បីជួយដល់កសិករខ្មែរប្រមាណ ២សែនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តចំនួន១៥។ការស្នើនេះបានធ្វើឡើងក្នុងជំនួបរវាងលោក ហោ ណាំងហុង ជាឧបនាយករដ្ឋមន្ត្រី ជាមួយអ្នកស្រី នីណា ប្រែនស្រ្តាប់ (Nina Brandstrup) ដែលជាប្រធានថ្មីរបស់អង្គការអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិនៅកម្ពុជា (Food and Agriculture Organization of the United Nations)។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកកាសែតក្រោយពីជំនួបនោះថា ទឹកជំនន់ឆ្នាំ២០១១ នេះ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ ដែលកម្ពុជាត្រូវការជំនួយអន្តរជាតិជាបន្ទាន់ ៖ «អ្វីដែលសំខាន់នៅពេលចំពោះមុខនេះ គឺប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ហ្នឹង ត្រូវការស្បៀងអាហារជាបន្ទាន់។ ទី២ គឺស្រូវពូជ។ បន្ទាប់ពីទឹកដែលស្រកទៅវិញ គឺត្រូវការដាំដុះជាបន្ទាន់ ដូច្នេះស្រូវពូជជាបញ្ហាសំខាន់»។

៤-តុលា-២០១១៖ លោករដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង ជួបជាមួយប្រធានថ្មីរបស់អង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិនៅកម្ពុជា អ្នកស្រី នីណា ប្រែនស្រ្តាប់ (Nina Brandstrup)។ RFA/Sok Serey
ប្រជាពលរដ្ឋឈ្មោះ សុធន់ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានថ្លែងថា ស្រូវពូជប្រដេញទឹកបានឡើងថ្លៃពី ១.៤០០រៀល ក្នុង១គីឡូក្រាមមកតម្លៃ ២.៧០០រៀល ក្នុង១គីឡូក្រាម ៖ «ទឹកជំនន់ឥឡូវហូរកាត់ បាក់ផ្លូវបាក់អី ប៉ុន្តែផ្ទះខ្ញុំអត់អីទេ ផ្ទះខ្ញុំខ្ពស់។ ដាច់ផ្លូវច្រើនណាស់ ហើយទៅទឹកទន្លេលិចហូរតាមភូមិ ដើរទៅណាមិនរួច នៅតែលើផ្ទះ ហើយប្រជាជនអត់បាយច្រើនណាស់។ ស្រែរលួយ រលួយអស់ ក្បែរភូមិក៏រលួយដែរលោក»។
ទឹកជំនន់នៅឆ្នាំ២០១១នេះ បានសម្លាប់ប្រជាពលរដ្ឋចំនួន ១៤៨នាក់។ ដីស្រែចំនួនជាង ៣សែនហិកតារបានរងការលិចលង់។ ប្រជាពលរដ្ឋជាង ១សែន៧ម៉ឺនគ្រួសារ រងផលប៉ះពាល់។ ផ្លូវជាតិប្រវែងជាង ១០០គីឡូម៉ែត្រ រងការខូចខាត និងផ្លូវលំនៅតាមជនបទប្រវែងជាង ១.៨០០គីឡូម៉ែត្រ បានរងការខូចខាត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោះប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅនេះ ដើម្បីចាត់វិធានការដោះស្រាយគ្រោះទឹកជំនន់ជាបន្ទាន់ ដោយបានសម្រេចផ្ដល់ជំនួយថវិកាចំនួន ២០០លានរៀល ស្មើនឹង ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ខេត្តនីមួយៗ ក្នុងចំណោមខេត្តចំនួន ១៥ ដើម្បីធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់។
រដ្ឋាភិបាលបានត្រៀមអង្ករចំនួន ១.៦០០តោន សម្រាប់សង្គ្រោះបន្ទាន់ នៅពេលប្រជាពលរដ្ឋដាច់ស្បៀងអាហារ៕




0 comments:
Post a Comment