Social Icons

Monday, October 10, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ទាហាន​នៅ​ព្រំដែន​ខ្មែរ-ថៃ គំរាម​ពលរដ្ឋ


2011-10-09
អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ-ថៃ បាន​អំពាវនាវ​ដល់​មេ​បញ្ជាការ​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរៈ​ភូមិន្ទ សុំ​ឱ្យ​រឹត​បន្តឹង​ទៅ​លើ​ការ​ប្រើប្រាស់​អាវុធ។
អ្នក​កាសែត​ក្នុង​ស្រុក​ពីរ​រូប បាន​អះអាង​ថា គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ខេត្ត​ឧត្តរ​មានជ័យ ប្រឆាំង​ចំពោះ​ពល​ទាហាន​ម្នាក់ ដែល​បាន​ប្រើ​អាវុធ​ភ្ជង់​គំរាម និង​ប្រមាថ​ដល់​អាយុ​ជីវិត​ពួក​គេ​ផង កាល​ពី​ពេល​ថ្មីៗ។
លោក ប៉ាត សុខរាជ ជា​ភ្នាក់ងារ​ព័ត៌មាន​ចល័ត​របស់​អង្គភាព​កាសែត​តា​ព្រហ្ម។ លោក​បាន​មាន​ប្រសាសន៍​ថា ទាហាន​ម្នាក់​ឈ្មោះ ប៉ូឡូ នៅ​ក្នុង​វរ​លេខ​៦១ ចំណុះ​ឱ្យ​កង​ពល​លេខ​៦ ដែល​មាន​មូលដ្ឋាន​នៅ​ស្រុក​ត្រពាំង បាន​យក​កាំភ្លើង​ម៉ាក AK47 ស្វ័យ​បត់​មក​ភ្ជង់​គំរាម​ប្រមាថ​ដល់​ជីវិត​របស់​លោក និង​បុរស​ម្នាក់​ទៀត​ឈ្មោះ រដ្ឋ ផល្លា ជា​ភ្នាក់ងារ​កាសែត​តា​ព្រហ្ម​ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ ៖ "ល្ងាច​ថ្ងៃ​ទី​៦ (ខែ​តុលា) វេលា​ម៉ោង ៦​និង​៣៩​នាទី នៅ​តំបន់​ផ្លូវ​យុទ្ធ​សាស្ត្រ​ព្រំប្រទល់​ស្រុក​អន្លង់វែង និង​ត្រពាំង​ប្រាសាទ។ ខ្ញុំ​ថត​គោយន្ត​ដឹក​គ្រញូង​ចេញ​ពី​ច្រក​កង​ពល ខ្ញុំ​ថត​ទៅ​ទាហាន​នោះ​ទាញ​កាំភ្លើង​ចេញ​ពី​កន្លែង​កុង​ត្រូល​មក​រក​គំរាម​បាញ់​សម្លាប់​ខ្ញុំ។ ខ្ញុំ​លើក​ដៃ​សំពះ​លោក​គេ​ថា​កុំ​បាញ់​កុំ​អី ចាំ​ខ្ញុំ​លុប​រូប​ភាព​ចោល"
លោក ប៉ាត សុខរាជ បាន​ឱ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៦ ខែ​តុលា មក លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ច្បាប់​ប្រឆាំង​អំពើ​នេះ ទៅ​កាន់​អធិការដ្ឋាន​នគរបាល និង​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អន្លង់វែង និង​បាន​ដាក់​ទៅ​កាន់​តុលាការ​ខេត្ត​ឧត្តរ​មានជ័យ។
លោក កូយ កាន់យ៉ា ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ឧត្តរ​មានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​បណ្ដឹង​ស្ដី​ពី​ករណី​ទាហាន​ប្រើ​អាវុធ​សម្លុត​គំរាម​លើ​អ្នក​កាសែត​ទាំង​២​នាក់​នោះ​ហើយ។
មន្ត្រី​តុលាការ​ដដែល​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ចំពោះ​ករណី​នោះ​ឱ្យ​បាន​ឆាប់ៗ ព្រម​ទាំង​ធ្វើ​ការ​ស្រាវជ្រាវ​រក​សាវតារ​ទាហាន​ម្នាក់​នោះ​ឱ្យ​បាន​ប្រាកដ​ផង។
ចំណែក​លោក​ស្រី ណារេន អ្នក​សម្របសម្រួល​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​គំរាម​កំហែង​ដោយ​អាវុធ ដែល​ចេះ​តែ​កើត​មាន​ខ្លះ​ៗ នៅ​តាម​តំបន់​ព្រំដែន​កន្លង​ទៅ​ថ្មីៗ ៖ "ពេល​មាន​សភាព​ការណ៍​ព្រំដែន ការ​ប្រើ​ប្រាស់​អាវុធ​ឃើញ​មាន​ការ​ប្រសើរ​ឡើង ក៏​ប៉ុន្តែ​ក្រោយ​ពេល​ដែល​យើង​ចប់​សមរភូមិ មើល​ទៅ​ឃើញ​ថា​ទាហាន​មួយ​ចំនួន​
មាន​ការ​ប្រើ​ប្រាស់​នូវ​អាវុធ​ហាក់​បី​ដូច​ជា​មិន​ប្រើ​ទៅ​តាម​ច្បាប់ ព្រោះ​ការ​បាញ់​គំរាម​អី​ហ្នឹង​នៅ​មាន​ច្រើន"
សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ដើម​ខែ​កញ្ញា រហូត​មក​ដល់​ដើម​ខែ​តុលា​នេះ គេ​បាន​ទទួល​ព័ត៌មាន​ពី​ក្រុង​សំរោង ពី​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ នៃ​ខេត្ត​ឧត្តរ​មានជ័យ ស្ដីពី​ករណី​ទាហាន​ខ្លះ​ប្រើ​អាវុធ​បាញ់​គំរាម​ទៅ​លើ​ប្រជា​ពល​រដ្ឋ​មាន​ចំនួន ៤​ករណី​ហើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។