ដោយ រដ្ឋា វីសាល
2011-09-06
ចៅក្រម ស៊ើបសួរនៃតុលាការខេត្តរតនគិរី បានចេញដីកាកោះហៅសកម្មជនការពារសិទ្ធិមនុស្សអាដហុក ២នាក់ និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីប្រចាំខេត្តនេះ ពីបទជាប់សង្ស័យក្នុងរឿងសមគំនិត ញុះញង់ឲ្យប្រព្រឹត្តបទល្មើស។អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី នៅថ្ងៃច័ន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១១ ឲ្យដឹងថា អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ និងបុគ្គលិកផ្នែកអង្កេត លោក ឆាយ ធី ជាប់សង្ស័យពីរឿងញុះញង់ជនជាតិដើមភាគតិចឲ្យប្រព្រឹត្តបទល្មើស កាលពីឆ្នាំ២០០៨។ ចំណែកអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល ជាប់សង្ស័យពីបទសមគំនិតក្នុងរឿងនេះដែរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា លោកពេញចិត្តនឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមន្ត្រីតុលាការតាមការ កំណត់ ពីព្រោះរឿងក្ដីនេះមានជាប់ពាក់ព័ន្ធទៅនឹងអតីតចៅក្រមស៊ើបអង្កេត រឿងក្តីនេះ គឺលោក ថោ សារ៉ន ដោយសារតែសមាគមលោកបានរកឃើញរឿងអាស្រូវជាច្រើនពាក់ព័ន្ធចៅក្រមរូប នេះ។
លោកបន្តថា ចៅក្រម ថោ សារ៉ន មិនបានបំពេញតួនាទីជាចៅក្រមស៊ើបសួរត្រឹមត្រូវទេ ហើយបានអូសបន្លាយរឿងក្ដីដីនេះអស់រយៈពេលជាង ២ឆ្នាំកន្លងទៅ ដោយមិនបញ្ចប់នីតិវិធីស៊ើបអង្កេត ៖ «ចំណាត់ការតាមនីតិវិធីរបស់ តុលាការ យើងគោរព។ អ្វីដែលយើងអនុវត្តក្នុងការងារកន្លងមក មិនមានកំហុសអី។ ជាការគំរាមកំហែងបំបាក់ស្មារតីពីមុនមកណា! សកម្មជនការពារសិទ្ធិមនុស្សដែលការពារសិទ្ធិជនជាតិដើមភាគតិច។ ទោះបីមានការកោះហៅ យើងនៅបន្តការពារសិទ្ធិដីធ្លីជនជាតិដើមភាគតិចតទៅទៀត ហើយយើងសង្ឃឹមថា ចៅក្រមថ្មីនេះនឹងរកយុត្តិធម៌ឲ្យអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងជនជាតិដើមភាគតិចទាំងអស់ ដែលបាត់បង់ដីធ្លីដោយសារការរំលោភយកពីបុគ្គលអ្នកមានអំណាច»។
អតីតចៅក្រមស៊ើបអង្កេត លោក ថោ សារ៉ន បានចូលនិវត្តន៍ហើយកាលពីខែសីហា ឆ្នាំ២០១១ ដោយព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យដាក់ឲ្យចូល និវត្តន៍។
យោងដីកាកោះចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១១ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរលោក ឡុច ឡៅ កោះហៅលោក រដ្ឋា វីសាល ត្រូវចូលខ្លួនទៅតុលាការនៅវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១។ ហើយលោក ប៉ែន ប៊ុណ្ណារ៍ និងលោក ឆាយ ធី ត្រូវចូលខ្លួនទៅតុលាការនៅម៉ោង ២រសៀលថ្ងៃខែឆ្នាំដដែល។
ចៅក្រមតុលាការខេត្តរតនគិរី លោក ថោ សារ៉ន បានបើកការស៊ើបអង្កេតរឿងក្ដីចោទប្រកាន់ប្រជាពលរដ្ឋជនជាតិដើមភាគ តិចភូមិប៉ាតាង ស្រុកលំផាត់ ជាង ១០នាក់ ពីបទរំលោភដី និងបំផ្លាញដើមកៅស៊ូក្រុមហ៊ុនឯកជនមួយឈ្មោះ ឌី អ៊ឹម ហ្គ្រុប តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ ហើយលោកបានចេញដីកាកោះហៅ និងចាប់ឃុំខ្លួនប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងនោះចំនួន ៤នាក់ និងចេញដីកាចាប់ខ្លួនអ្នកភូមិប្រមាណ ៧នាក់ផ្សេងទៀត រួមទាំងចេញដីកាកោះហៅសកម្មជនសិទ្ធិមនុស្សទាំងពីរ និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី កាលពីខែកញ្ញា ឆ្នាំ២០០៩ ក្នុងរឿងក្ដីនោះដែរ។
តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រៅស្រុកបានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកថា ករណីនេះអាចជាការប៉ុនប៉ងប្រើប្រាស់បណ្ដឹងតាមផ្លូវតុលាការ ដើម្បីដាក់កំហិតសេរីភាពនៃការបញ្ចេញមតិពីបញ្ហាទាក់ទិនផលប្រយោជន៍ សាធារណៈ ជាពិសេសវិវាទដីធ្លីជាច្រើនដែលមិនទាន់ដោះស្រាយនៅខេត្តនេះរួចនៅ ឡើយ។ អង្គការទាំងនោះបានអំពាវនាវឲ្យតុលាការឈប់រំខាន និងបំភិតបំភ័យដល់មន្ត្រីសិទ្ធិមនុស្សក្នុងខេត្ត។
ស្របពេលនេះដែរ មានសេចក្ដីរាយការណ៍ថា មានជនជាតិដើមភាគតិចខេត្តរតនគិរី ជាង ៥០០នាក់ បានផ្ដិតមេដៃលើញត្តិគាំទ្រសកម្មជនការពារសិទ្ធិមនុស្ស លោក ប៉ែន ប៊ុណ្ណារ៍ ថា បានបំពេញតួនាទីការពារសិទ្ធិរស់នៅ និងផលប្រយោជន៍ត្រឹមត្រូវរបស់ជនជាតិដើមភាគតិច៕



0 comments:
Post a Comment