
2011-09-19
មន្ត្រីគណបក្សនយោបាយមួយចំនួននៅខេត្តសៀមរាប ព្រួយបារម្ភថា ពលរដ្ឋជាច្រើន ដែលរស់នៅតាមជនបទនៃខេត្តនេះ អាចនឹងមិនបានទៅចុះឈ្មោះបោះឆ្នោតទាន់កាលបរិច្ឆេទកំណត់ទេ ព្រោះទទួលព័ត៌មានមិនគ្រប់គ្រាន់។
យុវជនរូបនេះកំពុងពិនិត្យរកឈ្មោះរបស់គាត់ក្នុងបញ្ជីបោះឆ្នោត កាលពីឆ្នាំ ២០០៧។
សង្កាត់គោកចក គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ចំនួន ១២ ផ្សេងទៀត នៅក្នុងទីក្រុងសៀមរាប ដែលកំពុងបង្ហាញកង្វល់ថា ចំនួនប្រជាពលរដ្ឋតិចតួច ទើបតែបានទៅចុះឈ្មោះបោះឆ្នោតក្នុងចំណោមអ្នកត្រូវទៅចុះឈ្មោះថ្មីប្រមាណជិត ១.០០០ នាក់ ដែលគេមិនទាន់ឃើញនាំគ្នាទៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅឡើយនោះ។
លោក មុត ម៉ាឡា ចៅសង្កាត់រងគោកចក ដែលជាអ្នកទទួលបន្ទុកការងារបោះឆ្នោតនេះ។ លោកមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ប្រជាពលរដ្ឋរបស់លោក នៅតាមភូមិនានា ទើបតែបានទៅចុះឈ្មោះបោះឆ្នោតបានចំនួន ៣៨០ នាក់ក្នុងចំណោមអ្នក ដែលមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោតថ្មីប្រមាណជាង ៩៥០ នាក់។
លោក មុត ម៉ាឡា ថ្លែងថា លោកកំពុងព្រួយបារម្ភខ្លាចក្រែង អ្នកដែលទៅចុះឈ្មោះបោះឆ្នោតលើកនេះមានចំនួនតិចតួច ពីព្រោះតែអ្នកភូមិជាច្រើនមិនបានទទួលព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោតគ្រប់ជ្រុងជ្រោយ ដោយសារតែការផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីរឿងនេះបានតិចតួចពេក។
លោក មុត ម៉ាឡា៖ «ខ្ញុំគិតថាទី១ គឺពាក់ព័ន្ធនឹងអាការចាក់មីក្រូផ្សព្វផ្សាយហ្នឹង វាជួបបញ្ហាមួយចំនួនដូចជាការផ្ដោតទៅលើទីប្រជុំជនតែសម្រាប់ជនបទវាអត់មានការផ្ដោតអារម្មណ៍ ហើយទី២ តាំងពីមធ្យោបាយធ្វើដំណើរវាមានការលំបាកខ្លះ សោហ៊ុយហ្នឹងវាតិចតួចដែរបើនិយាយរួមទៅ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានចេញគោលការណ៍ផ្ដល់ទឹកប្រាក់ចំនួន ៤ ម៉ឺនរៀល ទៅឱ្យឃុំសង្កាត់និមួយៗ ចុះផ្សព្វផ្សាយអំពីព័ត៌មានចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋាននានា។ ក៏ប៉ុន្តែអាជ្ញាធរនៅតាមមូលដ្ឋានបានត្អូញត្អែរថា ចំនួនទឹកប្រាក់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ដែល គ.ជ.ប ផ្ដល់ឱ្យនោះ គឺតិចតួចដែលមិនអាចយកទៅធ្វើសកម្មភាពឱ្យបានគ្រប់ភូមិបានទេ ជាពិសេស គឺភូមិដែលនៅឆ្ងាយដាច់ស្រយាល។
លោក សុខ គឹមសេង អនុប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តសៀមរាប មានប្រសាសន៍ថា លោកមើលឃើញថាការជូនដំណឹងទៅដល់ប្រជាពលរដ្ឋអំពីការចុះឈ្មោះបោះឆ្នោតមួយរយៈពេលកន្លងមកនេះ គឺគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត មិនបានធ្វើការឱ្យទូលំទូលាយទេ។ លោកមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋជាច្រើន ដែលកំពុងរស់នៅក្នុងស្រុកពួក ស្រុកក្រឡាញ់ និងស្រុកអង្គរជុំ ភាគខាងលិចទីក្រុងសៀមរាប មិនបានដឹងព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត ហើយពួកគេអាចនឹងមិនបានទៅចុះឈ្មោះបោះឆ្នោតឱ្យទាន់ពេលកំណត់របស់ គ.ជ.ប ទេ។
ចំណែកមន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច ប្រចាំខេត្តសៀមរាបមួយរូប ក៏ព្រួយបារម្ភប្រហែលគ្នាដែរ ដោយហេតុថា មានអ្នកភូមិនៅតាមជនបទជាច្រើន កំពុងមានបញ្ហាខ្វះរូបថត ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ ដើម្បីបោះឆ្នោតថ្មីឱ្យទាន់ពេលចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ ពួកគេខ្លះមិនមានលទ្ធភាពរកប្រាក់ទៅថតរូប ដើម្បីយកទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណនោះទេ។
លោក នឹម វ៉ាន់សំ ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំខេត្តសៀមរាប។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះ ដែលនៅតាមសង្កាត់មួយចំនួន គឺមិនបានទៅចុះឈ្មោះបោះឆ្នោតទេ កាលពីសប្ដាហ៍មុន ដោយសារតែមានទឹកជំនន់។
ក៏ប៉ុន្តែ លោកមិនបានព្រួយបារម្ភទៅដល់ការ ដែលប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមិនទាន់ពេលនោះទេ ពីព្រោះការចុះឈ្មោះបោះឆ្នោតលើកនេះមានចំនួនរហូតដល់ ៤៥ ដែលវាមានពេលវែង បើប្រៀបធៀបទៅនឹងការចុះឈ្មោះកាលពីលើកមុនៗ មានរយៈពេលតែ ២០ ថ្ងៃទេ។
មន្ត្រីដដែលយល់ថា ការចុះឈ្មោះអ្នកបោះឆ្នោតនៅតាមឃុំសង្កាត់លើកនេះ ឃើញថា ប្រជាពលរដ្ឋ ទៅចុះឈ្មោះមានចំនួនតិចតួចមែន។ ប៉ុន្តែ គេនឹងធ្វើការចុះឈ្មោះចល័តទៀត។
ទោះជាយ៉ាងណា មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបទទួលស្គាល់ថា ការផ្សព្វផ្សាយព័ត៌មានអំពីការចុះឈ្មោះអ្នកបោះឆ្នោតលើកនេះមានកម្រិតតិចតួចជាងកាលពីពេលមុនៗ។
លោក នឹម វ៉ាន់សំ៖ «គិតទៅឆ្នាំមុនៗ យើងមាន ៣ ថ្ងៃនៃការផ្សព្វផ្សាយតាមរយៈមីក្រូហ្នឹង ហើយបូកផ្សំនិងការចងបដាចងអីទៀត ហើយមានខិត្តប័ណ្ណមួយចំនួនទៀត។ ឆ្នាំនេះយើងឃើញថាថវិកា ដែលបានមកពី គ.ជ.ប ឬក៏រតនាគារជាតិ ឬក៏ក្រសួងហិរញ្ញវត្ថុហ្នឹង គេឱ្យយើងតែ ១ ថ្ងៃ ចាត់ចែងតាមហ្នឹង។ ប៉ុន្តែ ឃុំសង្កាត់គេជួយខ្នះខ្នែងចាក់បានច្រើនថ្ងៃដែរ។ ប៉ុន្តែ មិនដឹងថាកម្រិតផ្សព្វផ្សាយហ្នឹងវាបានដល់ប្រជាពលរដ្ឋកម្រិតណា»។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មីមានប្រមាណជាង ៣៦.០០០ នាក់។ ក៏ប៉ុន្តែ ក្នុងរយៈពេល ១៦ ថ្ងៃកន្លងមកនេះមានអ្នកទៅចុះឈ្មោះបោះឆ្នោតជាង១៧.០០០ នាក់។
គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទធ្វើការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលាខាងមុខ៕



0 comments:
Post a Comment