ដោយ មណ្ឌល កែវ 2011-09-28
គ្រួសារពលការិនីម្នាក់ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយយកកូនស្រីគាត់ត្រឡប់មកស្រុកខ្មែរវិញ។
អ្នកស្រី ម៉ៅ ខុន អាយុ ៤៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអញ្ចាញ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អ្នកស្រីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ កញ្ញា ថាកូនស្រីគាត់ឈ្មោះ វង្ស សុខន អាយុ១៩ឆ្នាំ បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនធីអេនភី (T&P) បានរយៈពេលជិត ២ឆ្នាំហើយ។ អ្នកស្រីបន្តថា កាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ ម្ចាស់ផ្ទះដែលកូនគាត់នៅធ្វើការបម្រើគេនោះ បានទូរស័ព្ទពីប្រទេសម៉ាឡេស៊ីមកប្រាប់គាត់ថា កូនស្រីគាត់បានក្លាយជាមនុស្សឡប់សតិ បន្ទាប់ពីបានជាពីជំងឺគ្រុនក្ដៅរួចមកនោះ។ ហើយគេនឹងបញ្ជូនកូនគាត់ត្រឡប់មកវិញក្នុងពេលឆាប់ៗ ខាងមុខ។ តែរហូតមកដល់ថ្ងៃទី២៧ កញ្ញា មានរយៈពេលជិត ៣សប្ដាហ៍ហើយ មិនទាន់ឃើញក្រុមហ៊ុននាំកូនគាត់មកវិញឡើយ ហើយពេលគាត់ទូរស័ព្ទសួរទៅក្រុមហ៊ុន គេមិនព្រមទទួលទូរស័ព្ទគាត់សោះ ៖ «ពេលគេប្រាប់មកខ្ញុំ គេថាគេនឹងបញ្ជូនកូនខ្ញុំមក។ តែឥឡូវជិតដាច់ខែ៩ ហើយ អត់ឃើញកូនខ្ញុំមកសោះ ខ្ញុំព្រួយចិត្តណាស់។ ម្យ៉ាងពេលវាទៅជានាសោះស្រាប់តែមកវិញទៅជាឆ្កួតអ៊ីចឹង ខ្ញុំពិបាកចិត្ត និងអាណិតកូនណាស់...»។
ក្រុមហ៊ុនធីអេនភី មិនអាចទាក់ទងសុំការពន្យល់បានទេនៅល្ងាចថ្ងៃទី២៧ កញ្ញា។ មេភូមិអញ្ចាញ គឺលោក ជា សុខុម។ លោកមានប្រសាសន៍ថា លោកពុំបានដឹងពីបញ្ហាកូនអ្នកស្រី ម៉ៅ ខុន ដែលនឹងត្រូវបញ្ជូនមកវិញនោះទេ។ តែលោកបានទទួលស្គាល់ថា ពលការិនីឈ្មោះ វង្ស សុខន ពិតជាបានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនធីអេនភី រយៈពេលជិត ២ឆ្នាំកន្លងមកហើយ ៖ «ទៅវគ្គហ្នឹងគេធ្វើច្បាប់ពីមេឃុំ។ ដល់ឥឡូវ ខ្ញុំមិនដឹងម៉េចដែរ»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងក៏មិនអាចទាក់ទងសុំការពន្យល់បានដែរនៅល្ងាចថ្ងៃទី២៧ កញ្ញា ព្រោះជាថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ។
លោក អន ប៊ុនហាក់ គឺជាប្រធានសមាគមនាំពលករចេញទៅធ្វើការនៅក្រៅប្រទេស។ លោកបានពន្យល់ចំពោះបញ្ហានេះថា ជាគោលការណ៍គឺស្ថានទូតខ្មែរនៅប្រទេសម៉ាឡេស៊ីអាចនឹងឃាត់ទុកពលការិនីរូបនេះឲ្យនៅព្យាបាលជំងឺសិនទើបគេបញ្ជូនមកប្រទេសកម្ពុជាវិញ ៖ «បើសិនជាគាត់មកខាងខ្ញុំ ពិតជាដឹង។ ហើយបើសិនជាគាត់មានបញ្ហាអ៊ីចឹងមែននោះ យើងនឹងយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែបើគេបញ្ជូនគាត់មកដល់ស្ថានទូតខ្មែរ គឺគេពិតជាឲ្យគាត់នៅព្យាបាលសិនទើបបញ្ជូនមក...»។
ភូមិអញ្ចាញមានពលការិនីទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុនធីអេនភី ចំនួន៧នាក់ ក្នុងនោះមានម្នាក់បាត់ដំណឹងមិនឃើញមានការទាក់ទងមកគ្រួសារវិញឡើយ៕



0 comments:
Post a Comment