Social Icons

Wednesday, September 28, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ផ្ទុះ​គ្រាប់​បែក​ស្លាប់​មនុស្ស​ម្នាក់​ដោយសារ​គំនុំ​នៅ​កំពង់ឆ្នាំង


2011-09-28             ដោយ មណ្ឌល កែវ

គ្រាប់​បែក​ដៃ​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​នៅ​រាត្រី​ថ្ងៃ​ភ្ជុំបិណ្ឌ​នៅ​ឯ​ផ្ទះ​មន្ត្រី​ថ្នាក់​ខេត្ត​ម្នាក់​នៃ​ខេត្ត​កំពង់ឆ្នាំង។យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ឯ​មនុស្ស ៥​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ដោយ​ជន​ល្មើស​បាន​គប់​គ្រាប់​បែក​ដៃ​ចូល​ក្នុង​របង​ផ្ទះ។

ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ជឹម ប៊ុន​ធឿន។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ថា​នៅ​វេលា​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃ​ទី​២៧ កញ្ញា ដែល​ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គប់​គ្រាប់​បែក​មួយ​គ្រាប់​ចូល​ក្នុង​របង​ផ្ទះ​ប្រធាន​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវៈ​នីតិ​សម្បទា​ខេត្ត​កំពង់​ឆ្នាំង គឺ​លោក ចូ វណ្ណា បណ្ដាល​ឲ្យ​លោក​រង​របួស​ជា​ទម្ងន់។ ភរិយា និង​សាច់​ញាតិ​របស់​លោក ៣​នាក់ រង​របួស​ធ្ងន់ និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​នឹង​កន្លែង ៖ «ឥឡូវ​យើង​កំពុង​ប្រមូល​ព័ត៌មាន។ យើង​មិន​ទាន់​អាច​និយាយ​អី​កើត​ទេ ព្រោះ​បើ​និយាយ​ច្រើន​វា​នឹង​បែក​ការណ៍។ តែ​យើង​អាច​កំណត់​បាន​ត្រឹម​ថា នេះ​ជា​បញ្ហា​គំនុំ​ផ្ទៃ​ក្នុង​របស់​គាត់...»

លោក ពេញ វិបុល ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង។ លោក​បាន​ទៅ​ដល់​ទី​កើត​ហេតុ​ភ្លាម បន្ទាប់​ពី​បាន​ឮ​ស្នូរ​គ្រាប់​ផ្ទុះ បាន​មាន​ប្រសាសន៍​ថា ទិដ្ឋភាព​ដំបូង​ដែល​លោក​បាន​ឃើញ​នោះ គឺ​មាន​មនុស្ស​ជា​ច្រើន​នាក់​ដេក​រនូត​រណែល​ក្នុង​ថ្លុក​ឈាម​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់​ផង។ លោក​ថា​ពិនិត្យ​លើ​តឹក​តាង​បញ្ជាក់​ថា គ្រួសារ​នេះ​កំពុង​ជួប​ជុំ​គ្នា​ក្នុង​ពិធី​បរិភោគ​អាហារ​មួយ​នៅ​ក្នុង​ទីធ្លា​ខាង​មុខ​ផ្ទះ ដែល​មាន​ចម្ងាយ​ពី​ផ្លូវ​ប្រមាណ ១៥​ម៉ែត្រ។ ជន​ល្មើស​បាន​គប់​គ្រាប់​បែក​ពី​ក្រៅ​របង​ចូល​មក​ចំ​តុ​អាហារ ៖ «យើ​មិន​ទាន់​អាច​កំណត់​មុខ​សញ្ញា​បាន​ទេ ព្រោះ​វា​ជា​ពេល​យប់ ហើយ​ចំ​ពេល​ដែល​គ្រួសារ​នេះ​កំពុង​បរិភោគ​អាហារ។ តែ​បើ​តាម​ការ​ពិនិត្យ​របស់​ខ្ញុំ យើង​អាច​សន្មត​ថា អ្នក​គប់​គ្រាប់​នេះ​មាន​ជំនាញ​ខាង​ប្រើ​គ្រាប់​បែក...»
មន្ត្រី​សាលា​ខេត្ត​កំពង់ឆ្នាំង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នេះ​កើត​ចេញ​ពី​គំនុំ។ មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​កើត​ហេតុ​ប៉ុន្មាន​ថ្ងៃ មាន​ជន​ម្នាក់​បាន​សរសេរ​សំបុត្រ​អនាមិក​មួយ​ច្បាប់​ផ្ញើ​ឲ្យ​លោក ចូ វណ្ណា ប្រធាន​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវៈ​នីតិ​សម្បទា​ខេត្ត​កំពង់ឆ្នាំង ដោយ​រៀប​រាប់​ពី​កំហឹង​ឈឺ​ចាប់​ដែល​លោក ចូ វណ្ណា បាន​ប្រព្រឹត្ត​ចំពោះ​ខ្លួន។
លោក ចូ វណ្ណា ត្រូវ​បាន​សាច់​ញាតិ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ នា​ទីក្រុង​ភ្នំពេញ វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ដដែល បន្ទាប់​ពី​បាន​ចូល​សង្គ្រោះ​បឋម​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រួច​មក។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា គេ​កំណត់​បាន​មុខ​សញ្ញា​ខ្លះ​ៗ រួច​ហើយ ក្នុង​ករណី​អំពើ​ហិង្សា​ដោយ​ការ​គប់​គ្រាប់​បែក​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។