Social Icons

Thursday, September 22, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ​របាយការណ៍​សវនកម្ម​ជាតិ​​ ពុំ​មាន​ឯករាជ្យ


2011-09-22
អាជ្ញាធរ​សវនកម្ម​ជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា បាន​បង្ហាញ​របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ ២០០៧ ឬ​ការ​ចំណាយ​ថវិកា​របស់​ក្រសួង​ស្ថាប័ន​រដ្ឋ​។
ការ​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​នេះ គឺ​គេ​មាន​គោល​បំណង​រួម​ចំណែក​ជួយ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។ ក៏ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​បាន​រិះគន់​​ថា អាជ្ញាធរ​សវនកម្ម​ជាតិ ពុំ​មាន​ភាព​ឯករាជ្យ​នោះ​ទេ។

អាជ្ញាធរ​សវនកម្ម​ជាតិ​និង​លើក​យក​ចំណុច​ខ្វះខាត​ទាក់ទង​ទៅ​និង​ការ​ចំណាយ​ថវិកា​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដាក់​ជូន​ទៅ​រដ្ឋសភា ព្រឹទ្ធសភា ដើម្បី​ឲ្យ​មាន​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋ​កាន់​តែ​ប្រសើរ។
ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ឆ្នាំ​២០០៧ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី ២២ កញ្ញា លោក អ៊ុត ឈន អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​បង្ហាញ​ថា ស្ថាប័ន​នេះ នឹង​លើក​អនុសាសន៍​កែ​លំអ​នូវ​រាល់​ចំណុច​ខ្វះ​ខាត​នានា របស់​ក្រសួង​ស្ថាប័ន ដែល​បាន​ចំណាយ​ថវិកា​មិន​ត្រឹមត្រូវ និង​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ផ្ញើ​ជូន​ទៅ​រដ្ឋសភា ព្រឹទ្ធសភា និង​រដ្ឋាភិបាល។ការ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋ​កាន់​តែ​មាន​ភាព​ប្រសើរ​ជាង​មុន។
លោក អ៊ុត ឈន៖ «ទាល់​តែ​ខ្ញុំ​ចាត់​ទុក​ថា ការងារ​នេះ​មិន​ប្រក្រតី ហើយ​និយាយ​មិន​បាន អា​ហ្នឹង​ខ្ញុំ​នឹង​បញ្ជូន​ទៅ​អង្គភាព​ណា​មួយ ដែល​ខ្ញុំ​ចង់​បញ្ជូន ដើម្បី​ឲ្យ​គេ​ចាត់​ការ។ មិន​មែន​ចាំ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឬ​ក៏​ចាំ​តែ​ទៅ​តុលាការ​ទេ គឺ​ខ្ញុំ​ត្រូវ​តែ​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ដែល​មាន»។
លោក អ៊ុត ឈន បន្ត​ថា លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​បាន​បង្ហាញ​ថា នៅ​មាន​កម្រិត​នៅ​ឡើយ​នោះ ដូចជា ការ​ត្រួត​ពិនិត្យ​លើ​ឯកសារ​ទំនិញ​នាំ​ចូល​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​ទាន់​ពេញលេញ និង​ច្បាស់លាស់។ វិក្កយបត្រ និង​បញ្ជី​វេច​ខ្ចប់​ទំនិញ​នាំ​ចូល​មួយ​ចំនួន​ពុំ​អាច​បញ្ជាក់​បាន​នូវ​ថ្លៃ​ទំនិញ​នាំ​ចូល​ជាក់​ស្ដែង។ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពី​សម្បទាន​រ៉ែ​នៅ​មាន​កម្រិត ដោយ​ខ្វះ​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​អាជីវករ​ដែល​មិន​បាន​អនុ​តាម​ច្បាប់ និង​ការ​ដក​ចំណូល​យក​ទៅ​ចំណាយ​ពុំ​មាន​កត់​ត្រា​ចូល​ក្នុង​ថវិកា​ជាដើម។
ទាក់ទង​បញ្ហា​នេះ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​នៃ​គណបក្ស​សម រង្ស៊ី លោក សុន ឆ័យ បាន​រិះ​គន់​ថា សវនកម្ម​នេះ​ពុំ​បាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ជា​ដុំ​កំភួន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ។លោក​បញ្ជាក់​ថា អាជ្ញាធរ​សវនកម្ម​នេះ​ពុំ​មាន​ភាព​ឯករាជ្យ និង​បង្កើត​ឡើង​សម្រាប់​ជួយ​បិទបាំង​ការ​ចាយ​វាយ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ទៅ​វិញ។
លោក សុន ឆ័យ៖ «របាយការណ៍​ហ្នឹង​មិន​ដឹង​ជា​គាត់​ធ្វើ​យ៉ាង​ម៉េច​ទេ គឺ​ថា មក​អត់​ដែល​ទាន់​ទេ។ ដូច​យើង​ត្រូវ​ការ​អនុម័ត​នូវ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឆ្នាំ​មុនៗ នោះ ឡើង​វិញ​អ៊ីចឹង គាត់​អត់​មាន​របាយការណ៍​ឲ្យ​មក​យើង​ទេ។ ការ​ចំណាយ ឬ​ការ​រក​ចំណូល​ជូន​រដ្ឋ​នោះ​មិន​ត្រឹមត្រូវ គឺ​នាំ​ឲ្យ​យើង​បាត់​លុយ​ច្រើន​ណាស់។ ខាង​ពន្ធដារ ខាង​ពន្ធគយ ជួល​អចលនទ្រព្យ​របស់​រដ្ឋ​អី​ជា​ដើម​នោះ វា​បាត់​ចំណូល​មួយ​ហើយ។ ដល់​ការ​ចាយ​នោះ​ទៀត បំប៉ោង​លួច​ចាយ​ខុស​គោលការណ៍។ ក្រសួង​ខ្លះ​ទិញ​កុំព្យូទ័រ​មួយ​គ្រឿង​តម្លៃ ៦ ពាន់​ដុល្លារ»។
នេះ​ជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​បង្ហាញ​របាយការណ៍​សវនកម្ម​ផ្សព្វផ្សាយ​ជា​សាធារណៈ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​សវនកម្ម​ឆ្នាំ​២០០៦។ ច្បាប់​ស្ដីពី​សវនកម្ម​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០០០៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។