ព្រហស្បតិ៍ 08 កញ្ញា 2011 8:21 AM
មន្រ្តីគណបក្សប្រឆាំងចំនួន២ក្នុងប្រទេសកម្ពុជាបានធ្វើការរិះគន់ចំពោះគណបក្សប្រជាជនកម្ពុជាកាន់អំណាច ក្រោយពីឯកសារមួយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ KI-Media បានបង្ហាញពីទម្រង់ពាក្យសុំចូលជាសមាជិក ដោយមានស្លាកសញ្ញាគណបក្សប្រជាជន ត្រូវគេចែកចាយនៅក្រសួងអប់រំ ដោយថា វាផ្ទុយទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងកំពុងនាំប្រទេសឲ្យទៅរកប្រព័ន្ធកុម្មុយនីស្ត។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្តីមកធ្វើការចុះផ្សាយថា គណបក្សប្រជាជនត្រូវតែស្គាល់ឲ្យច្បាស់នូវរដ្ឋធម្មនុញ្ញដែលចែងពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដោយបន្តថា
មន្រ្តីមួយចំនួនពុំមានឆន្ទៈពិតប្រាកដចូលរួមជាមួយគណបក្សប្រជាជនទេ ប៉ុន្តែពួកគេត្រូវបង្ខំចិត្តចូលរួម ព្រោះមន្រ្តីគណបក្សប្រជាជន គឺជាមន្រ្តី ឬរដ្ឋមន្រ្តី នៃក្រសួង។ ដោយអះអាងថា លោកបានទទួលព័ត៌មានមួយចំនួនដែលមន្រ្តីគណបក្សប្រជាជនបានប្រើតំណែងរបស់ពួកគេក្នុងរដ្ឋាភិបាល ប្រើថវិការបស់រដ្ឋលាយឡំជាមួយការងាររបស់គណបក្ស។ ដោយបន្ថែមថា គណបក្សប្រជាជនមិនត្រូវបង្ហាញថា គណបក្ស និងរដ្ឋ គឺតែមួយនោះទេ។ជាមួយគ្នានេះ លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ីបានថ្លែងថា ការដែលគណបក្សប្រជាជនណែនាំបុគ្គលិកក្រសួងនានាឲ្យចូលជាសមាជិកគណបក្សដូច្នេះ គឺបង្ហាញពីភាពមិនឯករាជ្យរបស់ក្រសួងសាធារណៈ។
ទាក់ទិននឹងបញ្ហានេះ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តីបានច្រានចោលចំពោះការចោទប្រកាន់នេះ ដោយថា រាល់ឯកសារទាំងឡាយដែលលេចធ្លាយ ហើយត្រូវបានគណបក្សប្រឆាំងយកទៅវាយប្រហារគណបក្សកាន់អំណាចនោះមិនអាចយកជាការបានទេ។ ដោយថា គណបក្សប្រឆាំងមិនគួរភ្ជាប់បញ្ហានេះ ដើម្បីកេងចំណេញនយោបាយឡើយ៕




0 comments:
Post a Comment