
ស្ថានទូតសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់ការជំរុញឲ្យរដ្ឋាភិបាល ហ៊ុនសែន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល ប្រយោជន៍ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលកំពុងតែរីករាលដាល ។
លោកស្រី ខារ៉ូល រ៉ដលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា អំពើពុករលួយ បានក្លាយជាឧបសគ្គ រារាំងដល់អភិបាលកិច្ចល្អនិងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចដែលតម្រូវ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយរលួយរបស់រដ្ឋាភិបាលត្រូវតែសហការជាមួយក្រុមអង្គការសង្គមស៊ីវិល។លោកស្រី រ៉តលី បានថ្លែងដូច្នេះថា ” អំពើពុករលួយបានរារាំងប្រទេសដូចជាកម្ពុជា ដោយមិនអាចឲ្យសម្រេចបាននូវសក្ដានុពលនានារបស់ខ្លួន អំពើពុករលួយទាញយកផលចំណូលសាធារណៈទៅឲ្យជនមួយក្ដាប់តូច ” ។
ប្រទេសកម្ពុជាមានច្បាប់ប្រឆាំងអំពើពុករលួយហើយ និងមានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបង្កើតឡើងដោយរដ្ឋាភិបាលកាលពីឆ្នាំ២០១០ ។ ប៉ុន្តែគេកត់សម្គាល់ឃើញថា អង្គភាពនេះ ហាក់ដូចជាត្រូវបានបង្កើតឡើង គ្រាន់ជាលេសនៅពេលដែលមានការដាក់សម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ និងជាឧបករណ៍ សម្រាប់កំចាត់គ្នានៅក្នុងបក្សកាន់អំណាចប៉ុណ្ណោះខណៈដែលរឿងរ៉ាវដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិពិតប្រាកដពុំត្រូវបានគេអើពើនោះ។តួយ៉ាងដូចជាករណីអំពើពុករលួយរបស់មន្ត្រីក្រសួង អធិការកិច្ចឈ្មោះ សេង យៀន និងបងប្អូនជីដូនមួយហ៊ុន សែន ឈ្មោះ ឌី ព្រីម ដែលបានឃុបឃិតប្រព្រឹត្តអំពើពុករលួយបោកប្រាសប្រជាពល រដ្ឋនៅខណ្ឌដង្កោ ជាយក្រុងភ្នំពេញ យកលុយអស់២០ម៉ឺនដុល្លារ ដែលប្រជាពលរដ្ឋពុំត្រឹមតែពុំទទួលបាន ដំណោះស្រាយដោយយុត្តិធម៌ពី តុលាការ និង អង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ផ្ទុយទៅវិញជនល្មើសត្រូវបាន មេដឹកនាំប្រទេសអន្តរាគមន៍ លើកទឹកចិត្តដោយចាត់ទុកជាមនុស្សត្រឹមត្រូវស្លូតត្រង់ទៀតផង ៕



0 comments:
Post a Comment