ដោយ សុខ សេរី
2011-09-07
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានសន្យានៅថ្ងៃទី៧ ខែកញ្ញា ថា នឹងលុបបំបាត់នូវការធ្វើទារុណកម្មលើអ្នកទោសនៅក្នុងពន្ធនាគារ ដោយអនុវត្តតាមអនុសញ្ញាអន្តរជាតិប្រឆាំងការធ្វើទារុណកម្ម នៅគ្រាដែលការសិក្សាស្រាវជ្រាវឯករាជ្យមួយចំនួនបានរកឃើញថា មានការធ្វើទារុណកម្មលើអ្នកទោសនៅក្នុងពន្ធនាគារកន្លងមកគួរឲ្យព្រួយបារម្ភ។
៨-មីនា-២០១០: ស្រ្ដីអ្នកទោសចូលរួមអបអរសាទរទិវានារីអន្តរជាតិលើកទី៩៩ ដែលរៀបចំដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ សហការជាមួយអាជ្ញាធរគ្រប់គ្រងពន្ធនាគារព្រៃស ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក នុត សាអាន ទទួលបន្ទុកពន្ធនាគារនៅប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងការបើកវគ្គបណ្ដុះបណ្ដាលនោះថា ទោះបីជាអ្នកទោសស្ថិតក្រោមការឃុំឃាំងក៏ដោយ គឺគ្រាន់តែសិទ្ធិមួយចំនួនរបស់គាត់ត្រូវបានដកហូតតែប៉ុណ្ណោះ។
លោកបន្តថា ៖ «យើងត្រូវគិត យើងត្រូវពិចារណាខ្លួនយើងផងដែរថា ប្រសិនណាគេធ្វើទារុណកម្មមកលើខ្លួនយើង តើខ្លួនយើងឈឺចាប់យ៉ាងណា? អ៊ីចឹងយើងធ្វើទារុណកម្មទៅលើគេក៏គេមានការឈឺចាប់ដូចគ្នា»។
លោក នុត សាអាន បានសម្ដែងការសោកស្តាយ ដោយសារតែប្រធានពន្ធនាគារនានានៅកម្ពុជា មិនបានមកចូលរួមស្វែងយល់ក្នុងវគ្គបណ្ដុះបណ្ដាលសំខាន់នេះ។
វគ្គបណ្ដុះបណ្ដាលលើកដំបូងស្ដីពីការប្រឆាំងនឹងការធ្វើទារុណកម្ម គឺរៀបចំដោយអង្គការយូអិនឌីភី (UNDP) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១១ រយៈពេល ២ថ្ងៃ ដោយមានមន្ត្រីនគរបាល និងមន្ត្រីរដ្ឋាភិបាលសរុបចំនួនជិត ២០នាក់ មកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានចូលរួមសិក្សាស្វែងយល់ពីការងារនេះ។
តំណាងរងនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ជេមស៍ ហ៊ីណិន (James Heenan) បានមានប្រសាសន៍ថា ជារួមប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាកន្លងមកថា នឹងលុបបំបាត់ការធ្វើទារុណកម្ម។
លោក ជេមស៍ ហ៊ីណិន បន្ថែម ៖ «យន្តការថ្នាក់ជាតិដើម្បីត្រួតពិនិត្យការធ្វើទារុណកម្ម គឺមានសារសំខាន់ណាស់ ដោយយើងមិនចាំបាច់ឲ្យមានក្រុមអន្តរជាតិណាមួយមកត្រួតពិនិត្យជាប្រចាំនោះទេ។ ការសិក្សាស្រាវជ្រាវ និងភស្តុតាងនានា បានបង្ហាញថា យើងត្រូវតែលុបបំបាត់ការធ្វើទារុណកម្មលើអ្នកទោសនៅពន្ធនាគារ»។
ប្រទេសកម្ពុជា បានផ្តល់សច្ចាប័ននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៧ ទៅលើអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងការធ្វើទារុណកម្ម។ ក្រោយមកប្រទេសកម្ពុជា បានបង្កើតយន្តការថ្នាក់ជាតិដើម្បីត្រួតពិនិត្យការធ្វើទារុណកម្មនោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៨។ ប៉ុន្តែការអនុវត្តកន្លងមកគេបានកត់សម្គាល់ថា មិនសូវសកម្មនៅឡើយទេ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានពន្ធនាគារចំនួន ២០កន្លែង និងមានមណ្ឌលកែប្រែចំនួន ៤កន្លែង ក្នុងនោះមានមណ្ឌលកែប្រែព្រៃស ម.១ និងម.២ នៅជាយរាជធានីភ្នំពេញ មណ្ឌលកែប្រែនៅត្រពាំងផ្លុង ខេត្តកំពង់ចាម ហៅថា ម.៣ និងមណ្ឌលកែប្រែនៅខេត្តពោធិ៍សាត់ ហៅថា ម.៤។ មណ្ឌលអប់រំ និងបន្សាបអ្នកញៀនគ្រឿងញៀនមានចំនួនជាង ១០កន្លែងនៅកម្ពុជា។
របាយការណ៍ស្រាវជ្រាវរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៤ បានរិះគន់ថា ជីវិតរបស់កុមារ ស្រ្តី និងបុរសជាច្រើនបានរងការបំផ្លាញដោយសារអំពើទារុណកម្មនៅក្នុងពន្ធនាគារ។ ទម្រង់នៃការធ្វើទារុណកម្មនោះ គឺវាយនឹងខ្សែតី និងវាយដំ។ នគរបាលមួយចំនួនដែលបានប្រព្រឹត្តអំពើនោះកម្រនឹងបានទទួលទោសណាស់៕




0 comments:
Post a Comment