ដោយ អ៊ុក សាវបូរី 011-09-27
ក្រុមហ៊ុនស៊ីនណូហាយដ្រូផលិតវារីអគ្គិសនីនៅភ្នំកំចាយ គ្រោងជីកប្រឡាយទទឹង៤០ម៉ែត្រ នឹងធ្វើអាងស្តុកទឹក ដើម្បីបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីនោះ យកទៅឲ្យពលរដ្ឋប្រើប្រាស់ ស្រោចស្រព តាមស្រុកនានាក្នុងខេត្តកំពត។
ប្រជាពលរដ្ឋស្រុកទឹកឈូរ និងស្រុកឈូក ខេត្តកំពតមួយចំនួន បានតវ៉ាពីសំណងនៃផលប៉ះពាល់របស់គម្រោងជីកប្រឡាយ និងអាងស្តុកទឹកនៅក្នុងខេត្តកំពត ដែលរដ្ឋាភិបាលផ្ដល់សំណងឲ្យមានតម្លៃថោកពេក មិនអាចប្រៀបធៀបបាននឹងផលប៉ះពាល់ដីស្រែ ដីលំនៅឋាន និងផលដំណាំរបស់ពួកគាត់ ដែលត្រូវខូចខាតនោះឡើយ។
លោក អ៊ុង ហ៊ាន ជាពលរដ្ឋភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូរ។ លោកអះអាងថា ប្រឡាយដែលនឹងជីកកាត់តាមភូមិនោះ មានទំហំទទឹងប្រឡាយមាត់ ៤០ម៉ែត្រ។ ប៉ុន្តែលោកពុំទាន់ដឹងថាប្រឡាយនោះមានបណ្ដោយប៉ុន្មានគីឡូម៉ែត្រ ហើយត្រូវឆ្លងកាត់ស្រុកណាខ្លះទេ។ ប្រឡាយនេះជីកសម្រាប់យកទឹកពីទំនប់វារីអគ្គិសនីភ្នំកំចាយរបស់ក្រុមហ៊ុនចិនសង់វារីអគ្គិសនីមួយឈ្មោះស៊ីណូហាយដ្រូ។ លោកថាមន្ត្រីចុះមកវាស់វែងដីអ្នកស្រុក មានដីស្រែ ដីចម្ការ ដីជាប់ថ្នល់ជាតិ ដីលំនៅឋាន គេផ្ដល់សំណងឲ្យតម្លៃខុសៗគ្នា។ ដីស្រែ គេសងក្នុង១ម៉ែត្រការ៉េ តម្លៃ០,៦០សេន (ជាប្រាក់ដុល្លារ)។ ដីជាប់ផ្លូវថ្នល់គេសង ១,៥០/ម៉ែត្រការ៉េ។ ដីភូមិមានដំណាំ គេសង ២,៥០/ម៉ែត្រការ៉េ។ ពលរដ្ឋខ្លះក៏ព្រមទទួលយកសំណង ព្រោះគេប៉ះដីតិចតួច។ តែអ្នកប៉ះដីផ្ទះ ឬដីស្រែទាំងស្រុង គេមិនទទួលយក ព្រោះមិនអាចយកប្រាក់សងនោះទៅទិញដី និងសង់លំនៅថ្មីបាន ៖ "គ្នាគ្រាន់តែសុំដំឡើងទឹកប្រាក់ហ្នឹងឲ្យវាសមស្របនឹងតម្លៃ គ្នាដែលអាចទៅរកទិញបានទៀត"។
អ្នកស្រី លឿង ស៊ីណាត នៅឃុំព្រៃថ្នងឲ្យដឹងថា ដីគាត់នៅជាប់ថ្នល់ជាតិប៉ះទាំងស្រុង ទទឹង១៣ម៉ែត្រ គុណនិង៤៥ម៉ែត្រ។ ច្បាប់រដ្ឋសងថ្លៃប៉ះពាល់ដីគាត់តែ ១,៥០សេន/ម៉ែត្រការ៉េ។ ដីគាត់កាលទិញគេថ្លៃ ៣២០០ដុល្លារ។ បើធៀបនឹងសំណង គាត់ខាតច្រើន គាត់មិនអាចទទួលយកសំណងបានទេ ៖ "ខ្ញុំបូកសរុបទាំងដីភូមិ ទាំងដើមទាំងអស់នឹង វាបាន២ពាន់"។
ភរិយាលោក ស្វាយ កែម នៅភូមិដំណាក់ហ្លួងឲ្យដឹងថា ដីស្រែគាត់ជាង ២០០០ម៉ែត្រការ៉េ ប៉ះទាំងស្រុង។ គេសងគាត់ ០,៦០សេន/១ម៉ែត្រការ៉េ គាត់នឹងមិនមានដីដាំស្រូវរហូត។ ម្យ៉ាងទៀត គាត់ត្រូវចាកចេញទៅឆ្ងាយពីភូមិ ដើម្បីធ្វើស្រែ ទើបគាត់មិនសម្រេចចិត្តទទួលយកសំណងនោះទេ ៖ "ខ្ញុំមានដីពីណាធ្វើស្រែ គឺអត់មាន មានតែដីប៉ុណ្ណឹង ហើយចិញ្ចឹមកូន ៤-១០នាក់រស់វេទនា រកស៊ីល្ហេមល្ហាម រាល់ថ្ងៃលក់សាច់គោអាំងនៅមុខរោងចក្រស៊ីម៉ងត៍"។
មេឃុំព្រៃថ្នង លោក គង់ សាន់ មានប្រសាសន៍ថា គម្រោងជីកប្រឡាយនោះនឹងប៉ះពាល់ដីផ្ទះ ដីស្រែបន្តិចបន្តួច មិនប៉ះពាល់ទាំងស្រុងទេ។ លោកថា ជាគម្រោងរបស់រដ្ឋាភិបាល ដែលអាជ្ញាធរឃុំមិនបានដឹងពីសំណងយ៉ាងម៉េចឡើយ ៖ "ព្រោះដីបើសិនគិតកាលពីគាត់ទិញកន្លងមក ក៏វាមិនបានដីក្នុង ១ម៉ែត្រការ៉េ ៦កាក់ដែរ"។
ក្រុមប្រឹក្សាស្រុកឈូក លោក ប៉ែន ស៊ុយរីតា ថ្លែងថា ការជីកប្រឡាយបង្ហូរទឹកពីវារីអគ្គិសនីភ្នំកំចាយ មិនមែនប៉ះតែពលរដ្ឋនៅស្រុកទឹកឈូរទេ។ ពលរដ្ឋនៅស្រុកឈូកប៉ះពាល់ភូមិព្រៃពាយ និងឃុំដទៃទៀត។ ប៉ុន្តែអ្នកគិតគម្រោងសងសំណងទៅពលរដ្ឋរងផលប៉ះពាល់នោះ ហាក់មិនបានគិតពីផលប្រយោជន៍ពលរដ្ឋរស់នៅជិតទំនប់វារីអគ្គិសនី ពីព្រោះសំណងមិនសមនឹងតម្លៃដែលគេអាចយកទៅទិញដីស្រែក្ដី ទិញដីភូមិ និងដាំដំណាំឡើងវិញក្ដីបានវិញនោះទេ។ ទើបពលរដ្ឋខ្លះមិនព្រមយកសំណងនោះ។ លោកបន្ទោសថា គម្រោងសង់ប្រឡាយនោះ គេគិតតែផលប្រយោជន៍អ្នកនឹងទទួលបានទឹកប្រើទៅវិញ ដូចសម្លាប់ពលរដ្ឋម្ខាង ទៅចិញ្ចឹមពលរដ្ឋម្ខាងទៀត ដែលមើលទៅគម្រោងនោះហាក់លំអៀងច្រើន ៖ "ប្រជាពលរដ្ឋនឹងអាចមានការតស៊ូមិត ដើម្បីឲ្យមានសំណងសមរម្យ"។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីក្រសួងធនធានទឹកជម្រាបសួរព័ត៌មានជុំវិញបញ្ហានេះបានទេ ដោយសារថ្ងៃទី២៧ ខែកញ្ញា ជាថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ។
មន្ត្រីសមាគមអាដហុកប្រចាំខេត្តកំពត អ្នកស្រី ទ្រីឈូន ថ្លែងថា គម្រោងជីកប្រឡាយបង្ហូរទឹកពីក្រុមហ៊ុនស៊ីណូហាយដ្រូរបស់ចិននោះ ចិនបានផ្ដល់ប្រាក់ ៤២លានដុល្លារសម្រាប់សងទៅពលរដ្ឋដែលរងផលប៉ះពាល់ពីការជីកប្រឡាយទទឹង ៤០ម៉ែត្រ បណ្ដោយច្រើនគីឡូម៉ែត្រ។ អ្នកស្រីថា ប្រឡាយនេះមានជីកជាអាងស្តុកទឹកដែលនឹងប៉ះពាល់ភូមិព្រៃពាយ ១៤០គ្រួសារ ឬអាចប៉ះពាល់ភូមិទាំងស្រុង។ ចំពោះគម្រោងនោះ សមាគមអាដហុកយល់ថា អាចចំណេញពលរដ្ឋម្ខាង តែប៉ះពាល់ពលរដ្ឋម្ខាង ដែលគាត់នឹងបាត់ដីផ្ទះ ដីស្រែ ដីដំណាំ។ ហេតុនេះសមាគមចង់ឃើញរដ្ឋាភិបាលជួយគិតគូរពីសំណងឲ្យបានសមរម្យដល់ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងជីកប្រឡាយ និងអាងស្តុកទឹកនោះ៕



0 comments:
Post a Comment