ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដា កំពុងបើកសវនាការជំនុំជម្រះ សំណុំរឿងលោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងសមាជិក ១០ នាក់ទៀត ពីបទផ្តើមគំនិត និងរួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងករណីចែកចាយ សេចក្តីអំពាវនាវ របស់រណសិរ្សរំដោះជាតិខ្មែរ លិខិតអញ្ជើញចូលរួម ធ្វើបាតុកម្មប្រឆាំងនឹងវៀតណាម និងការចែកចាយមួកត្នោត ដែលមានស្លាក "រណសិរ្សរំដោះជាតិខ្មែរ" នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន។
លោកចៅក្រម ជា សុខហៀង បានថ្លែងក្នុងសវនាការថា ជនជាប់ចោទឈ្មោះ សម សេរី ជាប្រធាន កំពុងស្ថិតនៅក្រៅប្រទេស និងជនជាប់ចោទទាំង ១០ នាក់ទៀត កំពុងឃុំខ្លួន រួមមាន៖ ១.ឈ្មោះ ឈុន ណាគង់ អាយុ ២៨ឆ្នាំ មុខរបរគ្រូបង្រៀន, ២.ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ មុខរបរកសិករ និង ធ្វើសំណង់, ៣.ឈ្មោះ ឈុន ឆាត អាយុ២៩ឆ្នាំ មុខរបរកម្មករ នៅប្រទេសថៃ, ៤.ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល សាកលវិទ្យាល័យបាត់ដំបង, ៥.ឈ្មោះ ឡាត់ លីហេង អាយុ២២ឆ្នាំ មុខរបរកសិករ, ៦.ឈ្មោះ ឆាយ វ៉ិច អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន, ៧.ឈ្មោះ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ មុខរបរកសិករ, ៨.ឈ្មោះ ចាន់ រ៉ា អាយុ ២៣ឆ្នាំ មុខរបរកសិករ, ៩.ឈ្មោះ អាន ចាន់ អាយុ ៣៥ឆ្នាំ មុខរបរកសិករ និង១០. ឈ្មោះ ចាន់ ស្នា អាយុ២៧ឆ្នាំ មុខរបរកសិករ។
ពួកគេគឺជាសមាជិក របស់រណសិរ្សរំដោះជាតិខ្មែរ ដែលបានបង្កើត និងដឹកនាំដោយឈ្មោះ សម សេរី ជាប្រធាន ។ ពួកគេត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៤ នៅក្នុងរាជធានីភ្នំពេញ។ ក្រោយការឃាត់ខ្លួន នគរបាល រឹបអូសបាន វត្ថុតាងជាក់ស្តែង មានដូចជា សេចក្តីអំពាវនាវ ឲ្យចូលរួមធ្វើបាតុកម្ម លិខិតអញ្ជើញ នៃអង្គភាពរបស់ រណសិរ្សរំដោះជាតិខ្មែរ និងមួកសម្រាប់ពាក់ ធ្វើបាតុកម្មមួយចំនួន៕
Source: www.rasmeinews.com
0 comments:
Post a Comment