Social Icons

Monday, November 3, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រសួង​មហាផ្ទៃ​មិន​ដក​ថយ​ការ​ចាប់​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ(ទោះគ្មានភស្តុតាងអ្វីក៏ដោយ)

ភ្នំពេញៈ ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ខ្លួន​មាន​មូលដ្ឋាន​ច្បាប់ និង​ភ័ស្តុតាង​គ្រប់​គ្រាន់ ក្នុង​ការ​ចាប់​ខ្លួន​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ១០ នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ហើយ​សមត្ថកិច្ច​បន្ត​ស្វែង​រក​ចាប់​ខ្លួន​សមាជិក​ក្រុម​នេះ​ជាច្រើន​បន្ថែម​ទៀត។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ កាល​ពី​ម្សិល​មិញ ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​របស់​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​ទាំង ១០ នាក់​នេះ ដែល​ថា មិន​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់។

លោក គៀត ច័ន្ទថារិទ្ធ បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ទាំង ១០ នាក់ គឺ​មិន​មែន​ជា​រឿង​ប្រថុយ​ប្រថាន​នោះ​ទេ គឺ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់​លាស់​និង​ភ័ស្តុតាង​បញ្ជាក់​ពី​សកម្មភាព​ខុស​ច្បាប់​របស់​ពួក​គេ។ ភ័ស្តុតាង​ដែល​សមត្ថកិច្ច​រឹប​អូស​បាន​រួម​មាន ទី១. ទង់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ៧៧០ ទង់ ទី២. មួក​ស្លឹក​បិទ​រូប​ទង់ ១០០ មួក ទី៣. ខិត្តប័ណ្ណ ៤៦១ សន្លឹក ដែល​មាន​ខ្លឹមសារ​ញុះ​ញង់​បង្ក​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល ទី៤. លិខិត​តែង​តាំង​សមាជិក​ចំនួន ៤ សន្លឹក ទី៥. ស៊ីឌី «ឫស​គល់ ៧ មករា» ២ បន្ទះ ទី៦. សៀវភៅ «ឫស​គល់ ៧​មករា» ចំនួន ៤៩ ក្បាល ដែល​មាន​ខ្លឹមសារ​វាយ​ប្រហារ​អតីត​ព្រះ​មហាក្សត្រ និង​រដ្ឋាភិបាល និង ទី៧. ផ្ទាំង​កៅស៊ូ​ធំ ២ សន្លឹក។

លោក គៀត ច័ន្ទថារិទ្ធ បាន​លើក​ហេតុ​ផល​ពីរ ដែល​ជា​មូលដ្ឋាន​នៃ​ការ​ចាប់​ខ្លួន​នេះ «ទី១ គឺ ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ គឺជា​អង្គការ​ចាត់​តាំង​ខុស​ច្បាប់​មាន​ទិស​ដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល… ផ្អែក​លើ​សេចក្តី​ប្រកាស គឺ​មាន​ការ​សរសេរ​ញុះ​ញង់ ប្រឆាំង​នឹង​រដ្ឋាភិបាល។ ទី២ រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ គឺ​ចេញ​មក​ពី​រណសិរ្ស​រួប​រួម​ជាតិ ដែល​ជា​ក្រុម​ភេរវកម្ម»។ បើ​តាម​លោក គៀត ច័ន្ទថារិទ្ធ ជន​ជាប់​ចោទ​ទាំង ១០ នាក់​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​តាម​មាត្រា ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដែល​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ឆ្នាំ​ទៅ ១០ ឆ្នាំ​ប្រសិន​បើ​រក​ឃើញ​ថា មាន​ទោស។ អ្នក​ទាំង ១០ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ ទី២២ និង ២៣ ខែ​តុលា ក្នុង​ទិវា​សន្ធិសញ្ញា ទីក្រុង​ប៉ារីស ២៣ តុលា។

បើ​តាម​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​អង្កេត​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់ សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក សាច់​ញាតិ​ជន​ជាប់​ចោទ​ចំនួន ៦ គ្រួសារ បាន​មក​ពឹង​ពាក់​ជំនួយ​ផ្លូវ​ច្បាប់ ពី​អង្គការ​នេះ កាល​ពី​ដើម​សប្តាហ៍​មុន។ លោក ណៃ វ៉ង់ដា បាន​ឲ្យ​ដឹង​ថា តាម​ការ​សាក​សួរ​និង​ការ​ស៊ើប​អង្កេត​បឋម ៥ គ្រួសារ ក្នុង​ចំណោម ៦ គ្រួសារ មិន​មាន​សញ្ញាណ​ណា​មួយ​ថា ជា​សមាជិក​នៃ​ចលនា​នោះ​ឡើយ។ «ខ្ញុំ និង​ក្រុម​មេធាវី​របស់​អាដហុក នឹង​កោះ​ប្រជុំ​ថ្ងៃ ទី៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ ទៅ​ដល់​ស្រុក​កំណើត​របស់​ពួក​គាត់»។

ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ១០ នាក់ លោក ឈឹម ស្ម័គ្រ ធ្លាប់​បាន​អះអាង​ថា ខ្លួន​ជា​សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ កូន​ស្រី​របស់​លោក គឺ​អ្នក​ស្រី ឈឹម វិមេន បាន​បញ្ជាក់​ថា ឪពុក​របស់​នាង​បាន​ចូល​ជា​សមាជិក​នៃ​ចលនា​នេះ ដែល​បង្កើត​ឡើង​កាល​ពី​ថ្ងៃ ទី១២ ខែ​ធ្នូ ឆ្នាំ​២០១២ ប៉ុន្តែ​ឪពុក​នាង មិន​មាន​សកម្មភាព​អ្វី​ច្រើន​នោះ​ទេ ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​ប្រចាំ​ថ្ងៃ និង​យូរៗ​ម្តង​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​បាតុកម្ម ប្រឆាំង​នឹង​ស្ថានទូត​វៀតណាម។ អ្នក​ស្រី​ថា៖ «ខ្ញុំ​មាន​ការ​សោក​ស្តាយ​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្ញុំ និង​ឪពុក​ខ្ញុំ។ គាត់​អត់​មាន​ប្រើ​ប្រាស់​អាវុធ​ផ្តួល​រំលំ​រដ្ឋាភិបាល​អី​នោះ​ទេ។ ខ្ញុំ​ជឿ​ជាក់​ថា ចលនា​រណសិរ្ស​នេះ គឺ​មាន​គោល​នយោបាយ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដែល​ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ»។

ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មាន​លោក សម សេរី ជា​មេ​ដឹក​នាំ ដែល​បច្ចុប្បន្ន​រស់​នៅ ប្រទេស​ដាណឺម៉ាក ត្រូវ​បាន​សាលា​ដំបូង​រាជធានី កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ៩ ឆ្នាំ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ពី​បទ «រួម​គំនិត​ក្បត់» និង «ឆ្លង​ដែន​ខុស​ច្បាប់» ពី​ថ្ងៃ ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៤។

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ការ​បែក​បាក់​ស្មារតី​ផ្ទៃ​ក្នុង​របស់​ប្រទេស​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន៕
ប្រភពដើម៖ ភ្នំពេញប៉ុស្តិ៍

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។