Social Icons

Tuesday, September 2, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ព្រះ​សង្ឃ​ខ្មែរ​ក្រោម ១ អង្គ​ត្រូវ​មន្ត្រី​សង្ឃ​ហៅ​ទៅ​ប្រជុំ

ភ្នំពេញៈ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​គង់​នៅ វត្ត​ស្ទឹង​មាន​ជ័យ ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​អនុគណ ខណ្ឌ​មាន​ជ័យ និមន្ត​ឲ្យ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​កាល​ពី​ម្សិល​មិញ ធ្វើ​ឲ្យ​ព្រះ​សង្ឃ​អង្គ​នេះ គិត​ថា អាច​ជា​លេស​ដើម្បី​ផ្សឹក​និង​ចាប់​ព្រះ​អង្គ។

ទោះ​យ៉ាង​ណា​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​សង្ឃ​និង​មន្ទីរ​ធម្មការ ដែល​គ្រោង​ធ្វើ​ឡើង​នៅ វត្ត​សន្សំ​កុសល កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ ត្រូវ​បាន​អាក់​ខាន​វិញ ដោយ​សារ​មាន​ក្រុម​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ជាង ១០០ អង្គ-នាក់ បាន​នាំ​គ្នា​ទៅ តវ៉ា ដោយ​ស្រែក​តឹង​សរសៃ​ក ដាក់​មន្ត្រី​សង្ឃ​សូម​ឲ្យ​បើក​កិច្ច​ប្រជុំ​នេះ​ជា​សាធារណៈ ដោយ​ពួក​គេ​បារម្ភ​ខ្លាច​មាន​ការ​ចាប់​ផ្សឹក និង​ឃាត់​ព្រះកាយ​ព្រះ​សង្ឃ​អង្គ​នោះ។

នៅ​ក្នុង​លិខិត​ដែល​កោះ​និមន្ត​ព្រះ​តេជគុណ យិន ដារ៉ា គង់​នៅ វត្ត​ស្ទឹង​មាន​ជ័យ ទៅ​ចូល​រួម​ប្រជុំ​បាន​សរសេរ​ថា «ប្រជុំ​ពិភាក្សា​ពី​ការ​គ្រប់​គ្រង​ក្នុង វត្ត​ស្ទឹង​មាន​ជ័យ» ដែល​មាន​ព្រះសង្ឃ​ព្រះ​នាម យិន ដារ៉ា ជា​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​និមន្ត​ចូល​រួម ជាមួយ​មន្ត្រី​សង្ឃ និង​ចៅ​អធិការ វត្ត​ស្ទឹង​មាន​ជ័យ។ ប៉ុន្តែ​ព្រះ​តេជគុណ យិន ដារ៉ា បាន​ឆ្ងល់​នឹង​របៀប​វារៈ នៃ​កិច្ច​ប្រជុំ​ដែល​ចែង​មិន​ចំ ហើយ​យល់​ថា ជា​ការ​ព្យាយាម​គំរាម​កំហែង​ព្រះអង្គ មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​តវ៉ា​នានា។

ព្រះ​តេជគុណ​បន្ត​ថា ព្រះអង្គ​បាន​ចូល​រួម តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ ទី១៣ ខែ​សីហា ហើយ​បាន​ចែក​សៀវភៅ «ឫស្ស​គល់ ៧​មករា» ចំនួន ១០០ ក្បាល​ដល់​អ្នក​ចូល​រួម​តវ៉ា ដែល​អាច​ជា​មូល​ហេតុ ធ្វើ​ឲ្យ​គេ​កោះ​ហៅ​ព្រះអង្គ​ទៅ​សាក​សួរ​ពី​រឿង​នេះ។ ព្រះ​តេជគុណ ក៏​បាន​ចែក​ចាយ​សៀវភៅ​នេះ ១០០ ក្បាល​ទៀត ដល់​ព្រះ​សង្ឃ​ដែល​គង់​នៅ​តាម​វត្ត​ផ្សេងៗ​ផង​ដែរ។

ព្រះ​តេជ​គុណ​មាន​សង្ឃ​ដីកា​ថា៖ «សៀវភៅ​ឫសគល់ ៧​មករា និយាយ​ពីការ​ឈ្លាន​ពាន​របស់ វៀតណាម​នៅ ឆ្នាំ​១៩៧៩ ប៉ុន្តែ​អាត្មា​មិន​បាន​អាន​ច្រើន​ទេ។ ...សៀវភៅ​នេះ បាន​ផ្សព្វ​ផ្សាយ​នៅ ប្រទេស​ដាណឺម៉ាក មាន​គេ​យក​មក​ឲ្យ​អាត្មា​ជួយ​ចែក។ នេះ​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​អាត្មា​ចែកចាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ប្រវត្តិ​សាស្ត្រ​ពិត ព្រោះ​សព្វ​ថ្ងៃ (អ្វី​ដែល​រៀន) ជា​ប្រវត្តិសាស្ត្រ​ក្លែង​ក្លាយ»។


ព្រះ​សង្ឃ​អង្គ​នេះ ឲ្យ​ដឹង​ថា ព្រះ​អង្គ​ជា​សមាជិក នៃ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​សព្វ​ថ្ងៃ មាន​ទីតាំង​នៅ ប្រទេស​ដាណឺម៉ាក ប៉ុន្តែ​មិន​ស្គាល់​លោក សម សេរី ដែល​ជា​មេ​ដឹក​នាំ​ចលនា​នេះ​ឡើយ ហើយ​ថា ព្រះ​តេជ​គុណ​គ្រាន់​តែ​បាន​ចូល​រួម​ចែក​សៀវភៅ​នាម​ជា​សមាជិក​ម្នាក់​ប៉ុណ្ណោះ។ ព្រះ​តេជគុណ​បញ្ជាក់​ថា៖ «អាត្មា​មិន​បាន​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់ (ពី​សុវត្ថិភាព) ព្រោះ​អី​អាត្មា មិន​មាន​ធ្វើ​អ្វី​ខុស​ក្នុង​ច្បាប់​ទេ»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​តាម​ចាប់​ខ្លួន​លោក សម សេរី កាល​ពី ខែ​មេសា បន្ទាប់​ពី​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ ៩ ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់​ជាតិ និង​ឆ្លង​ដែន​ខុស​ច្បាប់» ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​ប្រដាប់​អាវុធ «រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ» ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​វៀតណាម ទៀត​ប្រព្រឹត្ត​កាល​ពី​ចន្លោះ ឆ្នាំ​២០០៩ និង ២០១១។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ។

ព្រះ​ចៅ​អធិការ​ស្តីទី វត្ត​ស្ទឹង​មាន​ជ័យ ព្រះ​នាម ថៃ ប៊ុនធឿន មាន​សង្ឃ​ដីកា​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ព្រះអង្គ​មិន​បាន​ដឹង​ពី​ការ​ចែក​សៀវភៅ​នេះ​ឡើយ ហើយ​ការ​និមន្ត​ព្រះ​សង្ឃ​អង្គ​នេះ​មក​ចូល​រួម​ប្រជុំ គឺ​គ្រាន់​តែ​ដើម្បី​ពង្រឹង​សណ្តាប់​ធ្នាប់​នៅ​កុដិ​លេខ ៤៥ ដែល​មាន​ព្រះ​សង្ឃ ១១ អង្គ​គង់​នៅ​ដោយ​សារ​កុដិ​នេះ មាន​មនុស្ស​និង​ព្រះ​សង្ឃ​ពី​ចម្ងាយ​ចេញ​ចូល​ខុស​ប្លែក​ពី​កុដិ​ផ្សេង​ទៀត។

ព្រះ​តេជគុណ​បាន​បញ្ជាក់​ថា៖ «យើង​កោះ​ហៅ​ដោយ​ឃើញ​ថា លោក​ជា​សង្ឃ​រឹងមាំ​ជាង​គេ​ក្នុង​កុដិ បន្ទាប់​ពី​មេកុដិ អ៊ីចឹង​ចង់​ឲ្យ​លោក​ជួយ​គ្រប់​គ្រង​ពង្រឹង​កុដិ​លេខ ៤៥ ព្រោះ​វា​ជា​គោល​ការណ៍​របស់​អនុគណ ដោយ​សារ​មាន​លោក (សង្ឃ) ចេញ​ចូល​ច្រើន។ ពាក់​ព័ន្ធ​រឿង​សៀវ​ភៅ រឿង​នយោបាយ​អី អាត្មា​មិន​បាន​ដឹង​ទេ»៕
ប្រភពដើមៈ ភ្នំពេញប៉ុស្តិ៍

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។