Social Icons

Friday, August 29, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ព្រះសង្ឃ​និង​ពលរដ្ឋ​ជាង​១០០​អង្គ​និង​នាក់​នាំ​គ្នា​ទៅ​វត្ត​សន្សំ​កុសល​គាំទ្រ​ព្រះសង្ឃ​១​អង្គ

ព្រះសង្ឃ និង​ពលរដ្ឋ លើក​គ្នា​ទៅ​កាន់​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ដើម្បី​ចូលរួម​គាំទ្រ​ព្រះសង្ឃ ១​អង្គ ដែល​ត្រូវ​បាន​មន្ត្រី​សង្ឃ​ខណ្ឌ​មានជ័យ និង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា និមន្ត​ចូលរួម​ពិភាក្សា​អំពី​វិន័យ និង​ការ​គ្រប់គ្រង​ក្នុង​វត្ត​ស្ទឹងមានជ័យ។ ចុចស្តាប់សម្លេង

ប៉ុន្តែ ក្រុម​អ្នក​គាំទ្រ​ព្រះសង្ឃ​ដែល​ត្រូវ​មន្ត្រី​សង្ឃ និង​មន្ត្រី​មន្ទីរ​ធម្មការ និមន្ត​ទៅ​នោះ សង្ស័យ​ថា​មន្ត្រី​សង្ឃ​ខណ្ឌ​មានជ័យ ចាត់​វិធានការ​ចំពោះ​ព្រះសង្ឃ​អង្គ​នោះ ដោយសារ​តែ​ព្រះអង្គ​ធ្លាប់​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម និង​បាន​ចែក​ចាយ​សៀវភៅ​ប្រវត្តិសាស្ត្រ​ឫសគល់​ថ្ងៃ ៧​មករា។

ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះសង្ឃ​នៃ​បណ្ដាញ​សង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម សកម្មជន​ដីធ្លី យុវជន និង​ពលរដ្ឋ​ប្រមាណ​ជាង ១០០​អង្គ​និង​នាក់ នាំ​គ្នា​ទៅ​កាន់​វត្ត​សន្សំ​កុសល ទី​ដែល​ព្រះសង្ឃ​មក​ពី​វត្ត​ស្ទឹងមានជ័យ ១​អង្គ គឺ​ព្រះតេជព្រះគុណ យិន ដារ៉ា ត្រូវ​បាន​និមន្ត​ឲ្យ​ទៅ​ជួប​មន្ត្រី​សង្ឃ និង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ។

ការ​ប្រមូល​ផ្តុំ​នោះ បាន​ធ្វើ​ឲ្យ​ទី​អារាម​វត្ត​សន្សំ​កុសល ដែល​ធ្លាប់​តែ​ស្ងាត់​នោះ ប្រែ​ក្លាយ​ជា​អ៊ូអរ​មួយ​រំពេច ហាក់​ដូច​ជា​ថ្ងៃ​ដាក់​បិណ្ឌ​មួយ​អ៊ីចឹង ប៉ុន្តែ​មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​រារាំង ឬ​បំបែក​ការ​ប្រមូល​ផ្តុំ​អ្វី​ឡើយ។

បន្ទាប់​ពី​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ និង​សាសនា​មក​ដល់ ព្រះតេជព្រះគុណ យិន ដារ៉ា ត្រូវ​បាន​និមន្ត​ឲ្យ​ចូល​ក្នុង​កុដិ​ដើម្បី​ពិភាក្សា​ការងារ ប៉ុន្តែ​ក្នុង​ពេល​នោះ ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​ទៅ​គាំទ្រ​ព្រះអង្គ មិន​អនុញ្ញាត​ឲ្យ​ព្រះតេជព្រះគុណ យិន ដារ៉ា និមន្ត​ចូល​តែ​អង្គ​ឯង​ឡើយ។ ពួក​គេ​បាន​នាំ​គ្នា​សម្រុក​ចូល​ពេញ​កន្លែង​ប្រជុំ​តែ​ម្តង ហើយ​បាន​និយាយ​យក​ត្រូវ​រៀងៗ​ខ្លួន៖ «សំឡេង​ប្រកែក​គ្នា»។

ដោយ​មើល​ឃើញ​ថា​មិន​អាច​និយាយ​គ្នា​ស្តាប់​បាន ព្រះ​វិន័យធរ​អនុគណ​ខណ្ឌ​មានជ័យ ព្រះតេជព្រះគុណ សុខ ប៊ុនធឿន ក៏​និមន្ត​ចេញ​មក​ថ្លែង​ឲ្យ​មាន​ការ​អធ្យាស្រ័យ​គ្នា រួច​ព្រះអង្គ​ប្រកាស​រំសាយ​ការ​ប្រជុំ​តែ​ម្តង។ ពេល​នោះ ព្រះសង្ឃ និង​អ្នក​គាំទ្រ​ព្រះតេជព្រះគុណ យិន ដារ៉ា បាន​នាំ​គ្នា​ចេញ​ពី​កន្លែង​ប្រជុំ ហើយ​ក៏​ទះ​ដៃ​អបអរ និង​ជា​របៀប​ចំអក​ឲ្យ​មន្ត្រី​សង្ឃ។

ការ​ប្រមូល​ផ្តុំ បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ ៣ និង ៣០​នាទី។ ក្រោយ​ពី​ការ​រំសាយ​នោះ ព្រះតេជព្រះគុណ សុខ ប៊ុនធឿន មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា ការ​ដែល​ព្រះអង្គ​និមន្ត​ព្រះចៅ​អធិការ​ស្តីទី​ព្រះ​គ្រូ​សូត្រ​ស្តាំ និង​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ មក​ប្រជុំ​នេះ គ្មាន​អ្វី​ក្រៅ​ពី​ការងារ​រដ្ឋបាល​នោះ​ទេ មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម ឬ​ការ​ចែក​ចាយ​សៀវភៅ​ឫសគល់​ថ្ងៃ​៧​មករា ឬ​ក៏​យ៉ាង​ណា​នោះ​ឡើយ។ ព្រះតេជព្រះគុណ សុខ ប៊ុនធឿន សម្ដែង​ការ​សោកស្ដាយ ដោយសារ​វា​គ្រាន់​តែ​ជា​បញ្ហា​រដ្ឋបាល​សង្ឃ​សោះ ប៉ុន្តែ​ត្រូវ​បាន​ព្រះសង្ឃ និង​ពលរដ្ឋ​មួយ​ចំនួន បែរ​ជា​អូស​ទាញ​ចូល​រឿង​ផ្សេង ដែល​ព្រះអង្គ​អះអាង​ថា ព្រះអង្គ​មិន​បាន​ដឹង​សោះ​ឡើយ៖ «អត់​មាន​អី​ទេ​ពរ អត់​មាន​រឿង​អី​ត្រូវ​គំរាម​កំហែង អា​នេះ​ជា​ការ​លោក​ដែល​បំផុស​បញ្ហា​ឡើង​អ៊ីចឹង និង​វា​គ្មាន​អី​ថា​ទៅ​ដល់​ថ្នាក់​ហ្នឹង​ទេ យើង​ពង្រឹង​មន្ត្រី​សង្ឃ​យើង​ក្នុង​វត្ត តាម​បណ្ដា​វត្ត​ក្នុង​ខណ្ឌ​យើង​តើ ដើម្បី​ឲ្យ​លោក​យល់​អំពី​តួនាទី ហើយ​លើក​ឡើង​នូវ​ចំណុច​ណា​ខ្វះខាត ការ​បដិបត្តិ​ពី​មុន​មក​ខ្វះខាត​យ៉ាង​ណា ជួប​ឧបសគ្គ​យ៉ាង​ណា យើង​ពិភាក្សា​គ្នា ហើយ​យើង​លើក​ទិសដៅ​មួយ​ទៅ ហើយ​ធ្វើ​អី​មួយ ដើម្បី​ឲ្យ​ពុទ្ធ​សាសនា​យើង​មាន​តម្លៃ មាន​កិត្យានុភាព​បាន ព្រោះ​អា​ហ្នឹង​វា​សំខាន់​ណាស់​ព្រះសង្ឃ ហើយ​ប្រសិន​យើង​ជា​អ្នក​បួស យើង​មិន​គោរព​តាម​វិន័យ យើង​មិន​គោរព​តាម​ធម៌​អារ្យ យើង​បួស​ដើម្បី​អី​ទេ អា​ហ្នឹង​យើង​កុំ​បួស​ល្អ​ច្រើន​ជាង»។

ចំណែក​ព្រះចៅ​អធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន  និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ លោក ផន ដាវី ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​មិន​បាន​សម្រេច​នោះ ក៏​មាន​ថេរ​ដីកា និង​លើក​ឡើង​ស្រដៀង​ព្រះតេជព្រះគុណ សុខ ប៊ុនធឿន ដែរ។ ពួក​គេ​ថា ពួក​គេ​គ្មាន​ចេតនា​គំរាម​ព្រះតេជព្រះគុណ យិន ដារ៉ា ឡើយ ហើយ​ថា ពួក​គេ​ក៏​មិន​ដឹង​ពី​រឿង​ចែក​សៀវភៅ​៧​មករា​អ្វី​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ ទាំង​ព្រះតេជព្រះគុណ យិន ដារ៉ា និង​អ្នក​គាំទ្រ​ព្រះអង្គ ជឿ​ជាក់​ថា វា​មិន​មែន​ចៃដន្យ​ទេ ដែល​មន្ត្រី​សង្ឃ និង​មន្ត្រី​មន្ទីរ​ធម្មការ និមន្ត​ព្រះតេជព្រះគុណ យិន ដារ៉ា ទៅ​ជួប​នៅ​ពេល​នេះ ដោយ​ពួក​គេ​លើក​ឡើង​ថា វត្ត​ស្ទឹងមានជ័យ មាន​ព្រះសង្ឃ​គង់​នៅ​ជាច្រើន ហេតុ​អ្វី​ក៏​និមន្ត​ចំ​ព្រះតេជព្រះគុណ យិន ដារ៉ា ទៅ​វិញ។ ម្យ៉ាង​ទៀត ព្រះតេជព្រះគុណ​អង្គ​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​វៀតណាម ជា​ហូរហែ ហើយ​ថែម​ទាំង​បាន​ចែក​ចាយ​សៀវភៅ​ឫសគល់​ថ្ងៃ​៧​មករា ដែល​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត​ផង។ រីឯ​អ្នក​ខ្លះ​ទៀត​ថែម​ទាំង​ថ្លែង​ថា ប្រសិន​បើ​គ្មាន​អ្នក​គាំទ្រ​មក​ចូលរួម​ជួយ​ជ្រោមជ្រែង​ព្រះតេជព្រះគុណ យិន ដារ៉ា នោះ​ទេ ព្រះអង្គ​អាច​ត្រូវ​បាន​រង​គំនាប​ពី​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ និង​សាសនា ទាំង​នោះ៕

ប្រភពដើមៈ វិទ្យូអាស៊ីសេរី

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។