Social Icons

Tuesday, September 10, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បុរស​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន ចូលរួម​តវ៉ា​ជាមួយ​អ្នក​បឹងកក់ ត្រូវបាន​ចាប់ខ្លួន​​

(​លោក អ៊ុំ ណាត ស្ថិត​ក្នុង​ឯកសណ្ឋាន​ទាហាន ត្រូវបាន​អ្នក​បឹងកក់​អះអាងថា មាន​បញ្ហា​ស្មារតី ដង្ហែ​ចូល​រួមជាមួយ​ប្រជា​សហគមន៍​បឹងកក់​/​រូបភាព​ដោយ​លោក ញឹម សុខន​)
​បុរស​ម្នាក់​ស្លៀកពាក់​ជា​ទាហាន និង​បាន​ចូលរួម​ការតវ៉ា​ជាមួយ​អ្នក​បឹងកក់ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​នេះ យក​ទៅ​​សាកសួរ​ពាក់ព័ន្ធ​នឹង​ការចូលរួម​ជាមួយ​សហ​គ​មន៍​មាន​ជម្លោះ​ដីធ្លី​។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ពលរដ្ឋ​បឹងកក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ ពន្លឿន​សវនាការ​លើ​សកម្មជ​ន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា​។ ពលរដ្ឋ​ប្រមាណ​ជា​១០០​នាក់ បាន​ដើរ​ពី​តុលាការ​កំពូល​មកសុំ​អន្តរាគមន៍​នៅ​សហភាព​អឺរ៉ុប ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​មាន​ការឃ្លាំមើល​ពី​កម្លាំង​សមត្ថកិច្ច​ជិត​១​រយ​នាក់​។​ ក្នុង​ការតវ៉ា​នោះ បុរស​ម្នាក់ ស្លៀកពាក់​ជា​ទាហាន បាន​ចូលរួម​សកម្មភាព​តវ៉ា​ជា​មួយ​អ្នក​​បឹង​កក់​។​ អ្នក​បឹងកក់ អះអាងថា បុរស​ម្នាក់​នោះ​មាន​បញ្ហា​សតិអារម្មណ៍​។​
ព្រះ​តេជគុណ ខាន់ ថេន ព្រះជន្ម​២៥​ព្រះវស្សា ដែល​ត្រូវជា​សាច់ញាតិ​របស់​ទាហាន​ត្រូវបាន​ចាប់ខ្លួន​នោះ មាន​សង្ឃដីកា​ថា បុរស​​ម្នាក់​នោះ ឈ្មោះ អ៊ុំ ណាត ជា​អតីត​ទាហាន​មក​ពី​ខេត្ត​ព្រះវិហារ​។ ព្រះ​តេជគុណ​បន្តថា លោក អ៊ុំ ណាត ត្រូវបាន​ចាប់ខ្លួន នៅ​រសៀល​ម៉ោង​ប្រមាណ​ជា​មួយ​កន្លះ​នេះ ដោយ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ខណ្ឌដូនពេញ​។ ព្រះ​តេជគុណ បញ្ជាក់ថា បុរស​ម្នាក់​នោះ ពិតជា​មាន​បញ្ហា​សតិអារម្មណ៍​មែន​។​
​ព្រះ​តេជគុណ ខាន់ ថេន មាន​សង្ឃដីកា​បន្ថែមថា ដោយសារ លោក អ៊ុំ ណាត ឃើញ​ការតវ៉ា​របស់​អ្នក​បឹងកក់ ដូច្នេះ លោក​ក៏​ចូលរួម​ដើរ និង​ស្រែក​នឹង​គេ​​ទៅ​។
VOD មិនទាន់​អាច​ទាក់ទង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​អធិប្បាយ​លើ​ការចាប់ខ្លួន​នេះ បាន​នៅឡើយ​ទេ​។ តែ​ព្រះ​តេជ​គុណ ខាន់ ថេន មាន​សង្ឃដីកា​ថា ឥឡូវ​នេះ លោក អ៊ុំ ណាត ត្រូវបាន​បញ្ជូន​ទៅ​កងរាជ​អាវុធហត្ថ​ស្ទឹងមានជ័យ ដើម្បី​សាកសួរ​បន្ថែម ហើយ​លោក​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ខេត្ត​ព្រះវិហារ​វិញ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​៕
សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
Sorcheat, khmernationalist

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។