Social Icons

Thursday, August 29, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បណ្ឌិត ង៉ោហាំងសំណាង តារាភាពយន្ត រឿង វាលពិឃាដ The Killing fields.

Dr. Haing S. Ngor is shown holding a box of medical supplies he and Mackinac Center President Lawrence W. Reed delivered on a trip to Cambodia in 1989. 
ភ្នំពេញ: រឿង ​“​វាលពិឃាត​”​ ជា​ស្នាដៃ​ដ៏​សម្រាំង​របស់​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​ ប្រទេស​អាមេរិក ស្តីអំពីទិដ្ឋភាព​ពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ និង​ជីវភាព​ដ៏​លំបាក​វេទនា​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​ប្រល័យពូជសាសន៍​ ប៉ុល ពត ។ ​ខ្សែភាពយន្ត​នេះ​បានធ្វើឱ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល និង​ទទួលស្គាល់​ពី​ទុក្ខវេទនា​របស់​ប្រជាជន​ខ្មែរ​នា​ដំណាក់កាល​នោះ ។​
​ លោក ង៉ោ សំណាង ជា​ខ្មែរ​ម្នាក់​ដែល​បាន​ជាប់​ជម្រើស​ជា​តួឯក​របស់​ក្រុមហ៊ុន​ហូលីវូដ​ក្នុង​រឿង “​វាលពិឃាត​” ដោយ​សម្តែង​ជា​តួ​លោ​កឌិត ប្រន​ អ្នកថត​រូបឲ្យ​កាសែត​អាមេរិកាំង​មួយរូប​ ។ ​លោក​បាន​ធ្វើឱ្យ​អន្តរជាតិទទួលស្គាល់​ពី​ទេពកោសល្យ​សម្តែង​របស់​លោក ​និង​ធ្វើឱ្យ​ប្រជាជន​ខ្មែរទូទាំង​ប្រទេស​ក្តុកក្តួល​រំជួលចិត្ត​ចំពោះ​អនុស្សាវរីយ៍​ដ៏​សែន​វេទនា​ ជូរចត់ ​ដែល​ពួកគេ​បាន​ឆ្លងកាត់​ក្នុង​រយៈពេល ៣​ឆ្នាំ​ ៨​ខែ ​២០​ថៃ្ង កន្លងផុតទៅ​ ។ ​ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​២៥ ​ខែ​កុម្ភៈ ​ឆ្នាំ​១៩៩៦ ​លោក​ង៉ោ ​សំណាង ​ឬ​ហាំង​ ង៉ោ​ បាន​ត្រូវ​ក្មេង​យូ​កូងបាញ់​ស្លាប់​នៅ​គេហដ្ឋា​ន​របស់​លោក​នា​តំបន់​ឆាយ ​ណា​ថោ​ន ក្នុង​ក្រុង​ឡូ​ស​អេន​ជើ​ឡេស រដ្ឋ​កាលីហ្វ័រ​នីញ៉ា​សហរដ្ឋអាមេរិក ​។​
​ ​ ខាងក្រោម​នេះ​ជា​កិច្ចសម្ភាសន៍​កាលពី​ឆ្នាំ​១៩៩៤ ​រវាង​លោក​ជាមួយអ្នកសារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា ​ដែល​រៀបរាប់​ត្រួសៗពី​ជីវិត​របស់​រូបលោក​ផ្ទាល់​៖
​ ​សំណួរ​៖ ប្រជាជន​កម្ពុជា​ចង់​ស្គាល់​ពី​ជីវិត​ផ្ទាល់​របស់​លោក តើ​លោក​អាច​ឱ្យ​ស្គាល់​បានដែរទេ​?​ ​
ចម្លើយ​៖ ​បាទ មិន​ជា​បញ្ហា​អ្វី​ទេ ។ ខ្ញុំ​កើត​នៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ ម្តាយ​ខ្ញុំ​រកស៊ី​លក់​នំកន្ទក់ លក់​ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងទេស​តិចតួច​និង​ធ្វើស្រែ​ផ្សំ​ផង ។ ក្រោយ​ពី​រកស៊ី​បាន​កាក់កប​បន្តិច គាត់​ក៏​មក​រកស៊ី​នៅ​ផ្សារ ។ គាត់​បាន​ក្លាយជា​ពាណិជ្ជករ​តូចតាច​រកស៊ី​ខាង​រោងចក្រ​អារឈើ​, ខ្ញុំ​មាន​បងប្អូន ១០​នាក់ ខ្ញុំ​ជា​កូនប្រុស​ទី​៣​នៅក្នុង​គ្រួសារ ។ ពី​ក្មេង​ខ្ញុំ​រៀន​នៅ​សាលា​សំរោង​យ៉ោង បន្ទាប់​មក​រៀន​នៅ​ខេត្តតាកែវ ក្រោយមក​ទៀត​ខ្ញុំ​រៀន​នៅ​សាលា​ពេទ្យ​ក្រុងភ្នំពេញ ។​
​ ​ សំណួរ​៖ លោក​បាន​ចាកចេញ​ពី​ស្រុក​ខ្មែរ​នៅពេលណា ដោយសារ​ហេតុ​អ្វី​ ?​ ​
ចម្លើយ​៖ ថៃ្ង​ទី​១៧​ ខែ​មេសា ​ឆ្នាំ​១៩៧៩ ខ្ញុំ​រួច​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​ខេត្ត​បាត់ដំបង ហើយខ្ញុំ​ចាកចេញ​ពី​ស្រុក​ខ្មែរ​ទៅ​ប្រទេស​ទី​៣​នៅ​ថៃ្ង​ទី​៩ ​ខែ​មករា ​ឆ្នាំ​ ១៩៨០ ។ ថៃ្ង​១៣​ ខែ​ឧសភា​ ១៩៧៩ ខ្ញុំ​បាន​វិលត្រឡប់​ទៅ​រក​ផ្នូរ​របស់​ប្រពន្ធ​ខ្ញុំ​នៅ​ទី​ដែល​នាង​បាន​ចែក​ឋាន ។ ខ្ញុំ​បាន​សុំ​ប្រពន្ធ​កូន​ខ្ញុំ​ថា នឹង​ចាកចេញ​ពី​ប្រទេស ដោយ​សន្យាថា ខ្ញុំ​នឹង​រក​ឱកាស​និយាយ​ពី​រឿង​វេទនា​និ​រាស​ព្រាត់ប្រាស់​របស់​គ្រួសារ​យើង ​នៅលើ​ឆាក​អន្តរជាតិ ដើម្បីឱ្យ​ពិភពលោក​ទាំងមូល បានដឹង​ពី​ទុក្ខវេទនា​របស់​ខ្មែរ​នា​សម័យ​នោះ ។​
​ ​សំណួរ​៖ ភរិយា​លោក​ស្លាប់​ដោយ​មូលហេតុ​អ្វី​ ?
​ ​ចម្លើយ​៖ នាង​ស្លាប់​នៅ​ពេល​ឆ្លងទន្លេ ព្រោះ​គ្មាន​ពេទ្យ​ត្រឹមត្រូវ ខ្ញុំ​បាត់បង់​នាង​ និង​កូន​ក្នុងពេល​តែមួយ ។​
​ ​ សំណួរ​៖ មូលហេតុ​អី​ដែល​លោក​ក្លាយទៅជា​តារាភាពយន្ត ​?​
​ចម្លើយ​៖ បាទ នោះ​គឺជា​រឿង​ដែល​ខ្ញុំ​ពុំ​គិត​ដល់​ពីមុនមក ។ ពេល​ដែល​ខ្ញុំ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខាង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​គេ​ធ្វើការ​ជ្រើសរើស​តួ​ខ្មែរ ។ ខ្ញុំ​ស្ថិតនៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​គេ​ជ្រើសរើស ។ ពីដំបូង​ខ្ញុំ​បដិសេធ ព្រោះ​ក្នុង​ផ្នត់គំនិត​របស់ខ្ញុំ​តែងតែ​គិតថា ជា​តួកុន​វា​ពុំ​មាន​អ្វី​ជា​ការ​ប្រសើរ​សម្រាប់​បំណង​ខ្ញុំ​ទេ ព្រោះ​តួកុន​ច្រើន​ជា​មនុស្ស​ដែល​ពុំ​បាន​ការសិក្សា​រៀនសូត្រ​អី​ច្រើន​ទេ ម្យ៉ាង​ខ្ញុំ​រៀន​ខាង​វិជ្ជាពេទ្យ រឿង​អី​ត្រូវ​ទៅ​ដើរ​តួកុន​ ? តែ​ដោយសារ​ខាង​ក្រុមហ៊ុន​គេ​ចេះ​តែ​ព្យាយាម​អង្វរ​ខ្ញុំ និង​ខ្ញុំ​នឹក​ដល់​ពាក្យសន្យា​ជាមួយ​ភរិយា​ដែល​ចែក​ឋាន​របស់ខ្ញុំ​ថា ទី​មួយ​ខ្ញុំ​ឱ្យ​អន្តរជាតិ​ស្គាល់​ពី​ស្រុក​ខ្មែរ ទី​ពីរ​ខ្ញុំ​អាច​រៀបរាប់​ពី​រឿង​គ្រួសារ​ខ្ញុំ​ឱ្យ​គេ​ដឹង​បាន និង​ទី​បី​បើ​ខ្ញុំ​សម្តែង​រឿង​នេះ​មានន័យ​ថា មួយជីវិត​ខ្ញុំ​នេះ​បាន​បូជា​ជូន​ជាតិ​មាតុភូមិ​រួចស្រេច​ទៅ​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​យល់ព្រម​ថត ។​
​ ​សំណួរ​៖ រឿង​វាលពិឃាត​ជា​រឿង​ទី​ប៉ុន្មាន​ដែល​លោក​សម្តែង​ ? ហើយ​លោក​សម្តែង​បាន​ប៉ុន្មាន​រឿង​ហើយ​ ?​
​ចម្លើយ​៖ ខ្ញុំ​ចាំ​មិន​អស់​ថា ខ្ញុំ​សម្តែង​បាន​ច្បាស់​ប៉ុន្មាន​ទេ តែ​ដឹង​ថា​ច្រើន​ប្រមាណ​ជាប់​២០​រឿង ឯ​រឿងវាលពិឃាត​ជា​រឿង​ដំបូងបង្អស់​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​សម្តែង​ជា​តួឯក ។​
​ ​ សំណួរ​៖ រយៈពេល​កសាង​រឿងនេះ​ប៉ុន្មាន​ដែរ ហើយ​ទីតាំង​ថត​នៅ​កន្លែង​ណា​ខ្លះ​ ?
​ ​ ចម្លើយ​៖ រយៈពេល​ផលិត​តាំងពី​ចាប់ផ្តើម​រហូតដល់​បាន​ចប់សព្វគ្រប់​គឺ​រយៈពេល​២​ឆ្នាំ (១៩៨៣-១៩៨៤) បញ្ចាំង​មុនគេ​បង្អស់​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ ១៩៨៥ ។ ឯ​ទីតាំង​ថត​មាន​ទៅ​ទីក្រុង​បាងកក ព្រំប្រទល់​ប្រទេស​ភូមា ម៉ាឡេស៊ី ព្រំដែន​ខ្មែរ​-​ថៃ ទីក្រុង​ស៊ិន​នី​យេ​ហ្គោ រដ្ឋ​កាលីហ្វ័​រញ៉ា ទីក្រុង​ញូវយ៉ក ប្រទេស​កាណាដា និង​ប្រទេស​អង់គ្លេស ។​
​ ​សំណួរ​៖ គេ​និយាយថា ទីតាំង​អ្នក​លឿង​ដែល​មាន​នៅក្នុង​សាច់រឿង គឺ​គេ​ចម្លង​យក​ពី​ហ្វីល​ឯកសារ​ចាស់​មក​បញ្ចូល តើ​មែន​ដែរឬទេ ​?
​ ​ ចម្លើយ​៖ អូ ! បាទ​មិនមែន​ទេ នៅ​ប្រទេស​គេ​កាលណា​គេ​យក​ហ្វីល​ចាស់​មក​បញ្ចូល គឺ​ត្រូវ​ទិញ​ថ្លៃ​ជាង​រៀបចំ​ឆាក​ថ្មី​ច្រើនដង​ណាស់ គេ​មិន​ប្រើ​វិធី​នេះ​ទេ គឺ​គេ​យក​រូបថត​ពីមុនមក​ពិនិត្យ​ស្រាវជ្រាវ ហើយ​រៀបចំ​ឆាក​ថ្មី​ឱ្យ​ដូច​បេះបិទ​តែម្តង ។ ជាក់ស្តែង​ដូច​ឈុត​ត្រង់​កំពង់ចម្លង​អ្នក​លឿង មួយ​ឆាក​នោះ​ត្រូវ​រៀបចំ​អស់​រយៈពេល​៣​ខែ​ទើប​ដូច ហើយ​ត្រូវ​ចំណាយ​ថវិកា​អស់​ជាច្រើន ។ ខ្ញុំ​សូម​ជម្រាប​ផងដែរ​ថា ខ្សែភាពយន្ត​ហូលីវូដ​ថត​មួយ​រឿងៗ ត្រូវ​ប្រើ​មនុស្ស​រាប់ពាន់​នាក់ ឯ​រថយន្ត​រាប់​រយ​គ្រឿង ឧទាហរណ៍​គ្រាន់តែ​រឿង វាលពិឃាត​ រថយន្ត​២០០​គ្រឿង ដូច្នេះ​គ្រាន់តែ​អ្នកបើកបរ​គឺមាន​២០០​នាក់ ចុះ​ផ្នែក​ផ្សេងៗ​ទៀត អូ៎​គឺ​ចំណាយ ធំធេង​ណាស់ ។​
​ ​សំណួរ​៖ ក្នុង​រឿង​នេះ​លោក​ទទួល​ស្នាដៃ​អ្វីខ្លះ ​?
​ ​ ចម្លើយ​៖ បាទ ខ្ញុំ​ទទួលបាន​មេដាយ​ច្រើនណាស់ ពិសេស​គឺ​ទទួលបាន​រង្វាន់​អូ​ស្កា អង់គ្លេស​២, អាមេរិក​១ ។​
​ ​សំណួរ​៖ នៅក្នុង​ភាពយន្ត​ហូលីវូដ​ទាំងមូល តើ​មាន​តារា​ជា​ខ្មែរ​ប៉ុន្មាន​នាក់​ដែរ​ ?
​ ​ចម្លើយ​៖ បាទ តារា​ខ្មែរ​ទាំងអស់​មាន​៩​នាក់ ។​
​ ​ សំណួរ​៖ លោក​យល់​យ៉ាងណាដែរ ចំពោះ​ខ្សែភាពយន្ត​វីដេអូ​ខ្មែរ​នា​ពេលបច្ចុប្បន្ន​ ?
​ ​ ចម្លើយ​៖ ខ្ញុំ​យល់ឃើញថា​មាន​ចំណុច​ខ្វះខាត​ច្រើន ខ្ញុំ​មិនមែន​និយាយ​រិះគន់​ទេ តែ​និយាយ​ពី​ការជាក់ស្តែង គឺ​យើង​ខ្វះ​សាលាបង្រៀន​កុន ខ្វះ​សាលា​ហាត់​លេង​កុន ខ្វះ​សាលា​ថតកុន ។ ពិសេស​តួ​សម្តែង​យើង សម្តែង​មនោ​សញ្ចោ​ត​នា​ខាង​ផ្លូវចិត្ត​នៅ​ពុំទាន់​ត្រូវ​តាម​ឆាក​នីមួយៗ​នៃ​សាច់រឿង ឧទាហរណ៍​៖ យំ សើច ទុក្ខព្រួយ ខឹង ឃោរឃៅ ៘ ខ្ញុំ​មាន​គម្រោង​ចង់​បង្កើត​សាលារៀន​បង្រៀន​លេង​កុន ដើម្បី​បង្រៀន​កូន​ខ្មែរ ឱ្យ​ចេះ​សម្តែង​មនោ​សញ្ចោ​ត​នា​ខាង​ផ្លូវចិត្ត​នៅក្នុង​ឆាក​នីមួយៗ​ឱ្យ​វា​ ជា​ការពិតឧទាហរណ៍​៖ យំ​គឺ​ច្បាស់​ជា​យំ យំ​ចេញពី​ក្នុង ៘​
​ដើម្បីរួមចំណែក​ក្នុង​វិស័យ​ថែរក្សា​វប្បធម៌​ជាតិ ខ្ញុំ​បាន​ថត​រឿង​មួយ​ឈ្មោះថា “ A man from year ០ ”​ ប្រែជា​បណ្តោះអាសន្ន “​បុគ្គល​ម្នាក់​ក្រោយ​ឆ្នាំ​សូន្យ​” ឆ្នាំ​សូន្យ​ដែល​ខ្ញុំ​ចង់​និយាយ គឹ​ឆ្នាំ​១៩៧៥ ។ ដោយ​មើលឃើញ​ថា​វប្បធម៌​ខ្មែរ​រកកល​រលំ​រលាយ ខ្ញុំ​ចង់​បង្ហាញ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ស្រុក​អាមេរិក​កុំ​ភ្លេច​ប្រពៃណី​វប្បធម៌​ជាតិ​របស់​ខ្លួន ។ នៅ​ស្រុក​ខ្មែរ​កុំឱ្យ​ភ្លេច​ពី​សីលធម៌​ទំនៀមទម្លាប់​ខ្មែរ ពិសេស​សកម្មភាព​លួច​វត្ថុ​បុរាណ​ព្រលឹង​ជាតិ​ខ្លួន​លក់​ឱ្យ​បរទេស ។ នេះ​ជា​កំហុស​មិន​អាច​អត់ឱន គឺ​ត្រូវ​ចាត់ទុក​ស្មើនឹង​ទោសឧក្រិដ្ឋ ព្រោះនេះ​ជា​ការសម្លាប់​ជាតិ​ខ្លួន សម្លាប់​ខ្លួនឯង​ដោយ​ភ្លេចខ្លួន ភ្លេច​គិតថៃ្ង​ក្រោយខ្លួន​គ្មាន​អ្វី​បញ្ជាក់​ថា​ខ្លួន​ជា​ខ្មែរ ។​
​រឿង ​A man from year ០ គឺជា​ការ​សហការ​ខាង​កាណាដា​ និង​ហូលីវូដ មាន​ខ្មែរ​សម្តែង​ច្រើន​ដែរ តែ​ខ្ញុំ​ជា​តួឯក ។ រឿង​នេះ​គម្រោង​នឹង​ថត​នៅ​ស្រុក​ខ្មែរ​រង់ចាំ​ការឆ្លង​ពិនិត្យ​ពី​ក្រសួងជំនាញ​ផង ។​
​ ​ សំណួរ​៖ តើ​លោក​កំពុង​ថត​រឿង​អី​ផ្សេងទៀត​ ? ​ស្នាដៃ​អ្វីខ្លះ​ដែល​លោក​បាន​ធ្វើ​ ?
​ ​ ចម្លើយ​៖ ខ្ញុំ​កំពុង​សម្រុក​ថត​រឿង​ពីរ​ទៀត​យ៉ាង​ប្រញឹក ។ សព្វ​ថៃ្ង​នៅ​ស្រុកថៃ​កំពុង​បញ្ចាំង​រឿង “​ឋានសួគ៌​និង​ឋាន​នរក​” ស្តី​ពី​សង្គ្រាម​នៅ​ស្រុក​យួន​របស់​ក្រុម​ភាពយន្ត​ហូលីវូដ ។ ក្នុង​រឿង​នោះ​ខ្ញុំ​ដើរតួ​ជា ឪពុក​ម្នាក់ ដែល​មាន​កូនស្រី​៥​នាក់​ជា​ស្រីខូច​ទាំងអស់ ។ រឿង​នេះ​កំពុង​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅប្រទេស​ថៃ ។ និង​មាន​រឿង​មួយ​ដែលខ្ញុំ​សរសេរ​ពី​ជីវិតខ្ញុំ​ផ្ទាល់​ ដែល​ជា​រឿង​ខ្លាំង​ជាង​រឿង​វាលពិឃាត​ទៅទៀត វាលពិឃាត​ប្រពន្ធ​កូន​ទៅ​អាមេរិក​មុន ក្រោយមក​ប្តី​ចេញ​រួច​ជួបជុំគ្នា តែ​រឿង​នេះ​ប្រពន្ធ​កូន​ត្រូវស្លាប់ យ៉ាង​អាណោចអាធ័ម ប្តី​រងទុក្ខវេទនា​បាត់​បង់​អស់​គ្មាន​សល់​អ្វី​ ។ សៀវភៅ​នេះ ខ្ញុំ​កំពុង​ដាក់​លក់​នៅ​អាមេរិក ឈ្មោះ ​A Cambodian Odyssey ដល់​ដាក់​ជា​ចំណងជើង​កុន​ប្តូរ​ឈ្មោះ ​Journey to Freedom នៅ​ពុំទាន់​មាន​អ្នកទិញ​នៅឡើយ ។​
​ ​ សំណួរ​៖ តាមរយៈ​អ្នកកាសែត លោក​មាន​សំណូមពរ​អ្វី​ដែរ​ឬទេ ​?
​ ​ចម្លើយ​៖ ខ្ញុំ​ជា​សិល្បករ​មួយរូប ខ្ញុំ​មាន​សំណូមពរ​ចំពោះ​វិស័យ​នេះ​ថា សុំ​ឱ្យ​អ្នក​ដឹកនាំ​រឿង​ព្យាយាម​ថត​ឱ្យ​កាន់តែ​ប្រសើរ មួយរយៈ​ក្រោយនេះ ខ្ញុំ​ឃើញ​ថា​កាន់តែ​គ្រាន់បើ​ហើយ ។ ម្យ៉ាងទៀត​មុន​នឹង​ថត សុំ​រើសយក​តួ​សម្តែង​ណា​ដែល​ចេះ​ដាក់​ទឹកចិត្ត​តាម​ឆាក​នីមួយៗ ។ ទី​ពីរ សុំ​ឱ្យ​ខំ​ថែរក្សា​វប្បធម៌​ខ្មែរ​ឱ្យ​គង់វង្ស ព្រោះ​មាន​តែ​សិល្បៈ​ទេ​ដែល​អាច​និយាយ​ប្រាប់​ពិភពលោក​បាន ។ ឧទាហរណ៍ វាលពិឃាត​បើ​សរសេ​រលើ កាសែត​វា​មិន​អាច​ទាក់ទាញ​គេ​បានឡើយ តែ​ដល់​ធ្វើ​ជា​កុន​វា​ឆ្លុះបញ្ចាំង​ពី​ទុក្ខវេទនា​របស់​ខ្មែរ​ឱ្យ​គេ​ ចាប់អារម្មណ៍​ពេញ​ពិភពលោក​បាន ។​ - See more at: http://cen.com.kh/localnews/details_more/36?token=MzM3YWM5NTQ5ZmIzZjBmZGNhMzdhYWI1NDk2YmEw#sthash.lJSWy1S0.dpuf
khmernationalist, Sorcheat

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។