Social Icons

Wednesday, March 20, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ដើរតួរជាចោរផងនិងជាទេវតាផង៖ នាយករដ្ឋមន្ត្រី​​បញ្ជា​ឲ្យ​​ប្រគល់​ដី​ដល់​ពលរដ្ឋ​៤៩​គ្រួសារ​នៅ​ព្រះសីហនុ​


Add caption

Add caption

សំគាល់៖ យើងសូមកោតសសើរ ហ៊ុន សែន ដែលមានចិត្តទឹកចិត្តត្រង់ចំណុចនេះ តែសូមឲ្យ ហ៊ុន បញ្ជាក់យើងផងថាលោកបានលុយពីណាយកមកកសាង និងគួរតែនាំយកអ្នកពាក់ព័ន្ធនឹង​ការ ប្លន់ ដី​និង​បណ្តេញប្រជាជន ទាំងនោះចេញដោយព្រៃផ្សៃកាត់ទោសផង។

អាស៊ីសេរី ដោយ៖ទេព សុរ៉ាវី
ក្រោយ​ពី​មាន​ការ​រិះគន់​យ៉ាង​ច្រើន​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) និង​អង្គការ​សង្គម​ស៊ីវិល​ ពី​ការ​ឈូស​ឆាយ​ដី​ និង​រុះរើ​ផ្ទះ​​របស់​ពលរដ្ឋ​នៅ​​ស្រុក​ស្ទឹងហាវ ដើម្បី​ប្រគល់​ឲ្យ​ឧកញ៉ា​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ កាល​ពី​ដើម​ខែ​មីនា រួច​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ប្រកាស​ប្រគល់​ដី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វិញ។ 
នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច​ប្រគល់​ដី​អ្នក​ភូមិ និង​ដី​ចម្ការ​ទំហំ ៣៥២​ហិកតារ និង​បញ្ជា​ឲ្យ​សាងសង់​ផ្ទះ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ​នៅ​លើ​ដី​ភូមិ​ពួកគាត់​ឡើង​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​ឈូស​ឆាយ និង​វាយ​កម្ទេច​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង ក្នុង​ស្រុក​ស្ទឹងហាវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា កន្លង​ទៅ។
ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន ផ្ញើ​ទៅ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធ​សភា និង​ជា​ម្ចាស់​ចម្ការ​ដូង​ប្រេង​ដ៏​ធំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​លោក ម៉ុង ឫទ្ធី ទទួល​យក​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ ដែល​រង​គ្រោះ​ពី​ការ​ឈូស​ឆាយ​ឲ្យ​មក​ស្នាក់​នៅ​ដី​ក្រុមហ៊ុន​ជា​បណ្ដោះ​អាសន្ន និង​ទី​២ បញ្ជា​ឲ្យ​លោក ម៉ុង ឫទ្ធី រៀបចំ​ជាង​សាងសង់​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ ហើយ​ចំពោះ​ថវិកា​សាងសង់​ជា​បន្ទុក​ផ្ទាល់​របស់​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។
ជុំវិញ​បញ្ហា​នេះ លោក ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធ​សភា និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា លោក​កំពុង​ឲ្យ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ចូល​ទៅ​តំបន់​នោះ​ជា​មុន​សិន ដើម្បី​បើក​ផ្លូវ​ឲ្យ​រថយន្ត​ដឹក​សម្ភារៈ​សំណង់​ចេញ​ចូល​មុន​នឹង​ចាប់​ផ្ដើម​សាង​សង់​ជា​ផ្ទះ​ល្វែង។
លោក​បន្ត​ថា តាម​គម្រោង​លោក​នឹង​សាងសង់​ផ្ទះ​ថ្ម​ជូន​អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​ទំហំ ៦​ម៉ែត្រ គុណ ១២​ម៉ែត្រ មាន​បន្ទប់​ទឹក និង​ផ្ទះ​បាយ។ ចំណែក​ដី​ចម្ការ​របស់​អ្នក​ភូមិ​ដែល​ធ្លាប់​មាន​ពី​មុន​នៅ​រក្សា​ដដែល។ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​ការ​សាងសង់​ផ្ទះ​សម្រាប់​ពលរដ្ឋ​នោះ​ទេ។
លោក ម៉ុង ឫទ្ធី៖ «ឥឡូវ​ខ្ញុំ​បាន​ឈូស​ផ្លូវ​ចូល​មក​ហើយ​បាន​ដឹក​ខ្សាច់​ដឹក​ថ្ម​គ្រឿង​សំណង់​ចូល​មក ឥឡូវ​ខ្ញុំ​កំពុង​នៅ​ជាមួយ​គាត់​នៅ​ក្នុង​ព្រៃ។ គាត់​នៅ​លើ​ដី​គាត់​ដដែល​សម្ដេច​ហើយ សាងសង់​លើ​ដី​របស់​គាត់​ដដែល ព្រោះ​អី​គាត់​សុំ​ទៅ​នៅ​កន្លែង​ទីតាំង​ចាស់​របស់​គាត់ ប៉ុន្តែ​សម្ដេច និង​លោក​ជំទាវ​គាត់​ឲ្យ​ទៅ​សាងសង់​ផ្ទះ​ថ្មី​គាត់​មួយ​ខ្នង»
​ស្រប​ពេល​នេះ​ដែរ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ក៏​បាន​ចេញ​សេចក្ដី​សម្រេច​និរាករណ៍ សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១១ ដែល​សម្រេច​ប្រគល់​ដី​ទំនាស់ ៣៥២​ហិកតារ​ឲ្យ​លោក ជៀម ផែន​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​នាយក​ស្រាបៀ​លីអូ លោក ជៀម ផែន បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា។
មេ​ឃុំ​កែវផុស លោក នង ឌីនូរ៉ា សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​ដែល​នាយករដ្ឋមន្ត្រី​សម្រេច​ប្រគល់​ដី​ឲ្យ​អ្នក​ភូមិ​វិញ​នៅ​លើ​ទីតាំង​ចាស់​ដែល​បាន​ឈូស​ឆាយ​រួច។
លោក​បន្ត​ថា ការ​សម្រេច​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​នាយករដ្ឋមន្ត្រី៖ «អ្វី​ដែល​គាត់​បាត់បង់​យើង​ត្រូវ​ប្រគល់​ឲ្យ​គាត់​វិញ តាំង​ពី​ផ្ទះ​តាំង​ពី​ដី​លំនៅឋាន តាំង​ពី​ដី​ចម្ការ​គឺ​យើង​ត្រូវ​ប្រគល់​ឲ្យ​គាត់​វិញ តាម​គោលការណ៍​របស់​សម្ដេច​នាយក​ដែល​បាន​មើល​ឃើញ»
កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា សមត្ថកិច្ច​ចម្រុះ​រួម​មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​សមត្ថកិច្ច និង​មន្ត្រី​យោធា​ជិត ១០០​នាក់ ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​គ្រប់​ដៃ​បាន​លើក​គ្នា​មក​ចំណុច​ចំរាំង ក្នុង​ភូមិ​កែវផុស ស្រុក​ស្ទឹងហាវ និង​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ និង​កម្ទេច​ផ្ទះ​អ្នក​ភូមិ​ដើម្បី​រឹប​អូស​យក​ដី​ទំហំ ៣៥២​ហិកតារ​ប្រគល់​ឲ្យ​លោក ជៀម ផែន។ រូម​ភាព​នៃ​សកម្មភាព​ឈូស​ឆាយ​ផ្ទះ​ថ្ម និង​ផ្ទះ​ឈើ​របស់​អ្នក​ភូមិ និង​ដំណាំ​ហូប​ផ្លែ​ឲ្យ​រាប​ដល់​ដី​ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក និង​មាន​ការ​រិះគន់​ពី​មហាជន​ជា​ច្រើន។
តំណាង​អ្នក​ភូមិ​ចំរាំង លោកស្រី ឃួន ស៊ីថា សម្ដែង​ការ​រីករាយ និង​រំភើប​ចំពោះ​ដំណឹង​នេះ។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា តាម​គំនិត​របស់​អ្នក​ភូមិ ពួក​គាត់​ចង់​ឲ្យ​មាន​ការ​សាងសង់​ផ្ទះ​នៅ​ដាច់ៗ​ពី​គ្នា ដូច​កាល​មិន​ទាន់​ឈូស​ឆាយ ប្រសើរ​ជាង​ផ្ទះ​ល្វែង​នៅ​ជាប់ៗ​គ្នា៖ «បើ​មាន​អារម្មណ៍​ថា រំភើប ហើយ​ហៀរ​ទឹក​ភ្នែក​មក​វិញ​នឹក​ឃើញ​ថា យើង​បាត់​បង់ ហើយ​បាន​មក​វិញ។ ចិត្ត​ខ្ញុំ​ចង់​ឲ្យ​សាងសង់​ជា​ភូមិ​យើង​ជា​ប្លង់ៗ ប៉ុន្តែ​គាត់​អត់​យល់​ព្រម»
អ្នក​សម្របសម្រួល​អង្គការ​លីកាដូ លោក បួន ណារិទ្ធ ក៏​បាន​សាទរ​ចំពោះ​ការ​សម្រេច​នោះ​ដែរ ហើយ​លោក​បាន​ស្នើ​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ចេញ​ចំណាត់​ការ​ជួយ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​​ដែល​ជា​ជន​រង​គ្រោះ​ដីធ្លី​ដូច​គ្នា រួម​មាន​អ្នក​ភូមិ​នៅ​ចំណុច​ស្ពាន​ឆេះ ក្នុង​ខេត្ត​ព្រះសីហនុ និង​អ្នក​ភូមិ​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​តវ៉ា​ទាមទារ​ដីធ្លី​ពី​ការ​រំលោភ​​ពី​​សំណាក់​អ្នក​មាន​លុយ និង​អំណាច។
បន្ថែម​លើ​នេះ លោក​បាន​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ជា​ពិសេស​ចំពោះ​ការ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​នៅ​តុលាការ​ថ្នាក់​ក្រោម៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។