ប្រជាពលរដ្ឋខ្មែរ ៦នាក់ បានរងរបួស និងជនជាតិថៃ ម្នាក់ របួសបែកក្បាល នៅក្នុងការប៉ះទង្គិចគ្នាមួយ រវាងទាហានឈុតខ្មៅថៃ និងប្រជាពលរដ្ឋខ្មែររាប់រយនាក់ នៅលើខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវ ប្រទេសថៃ។
កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា កងទាហានឈុតខ្មៅថៃ បានយកដំបងវាយ និងប្រើដុំថ្មគប់ និងបាញ់គំរាមចំនួន ៥គ្រាប់ទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យមានមនុស្សប្រុសស្រីរបួសចំនួន ៦នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅលើចំណុចខ្សែបន្ទាត់ព្រំដែនរវាងស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់នឹងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋខ្មែរទាំងនោះជាអ្នករស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគាត់តែងតែឆ្លងដែនទៅធ្វើការនៅក្នុងដីថៃ នៅពេលព្រឹក វិលមកដីខ្មែរវិញនៅពេលល្ងាច។
ការផ្ទុះអំពើហិង្សានេះ កើតមានឡើងដោយសារតែកងទាហានថៃ បានប្រមាថមើលងាយជនជាតិខ្មែរ ដោយពួកគេបានយកឈើដំបងទៅវាយក្បាលប្រជាពលរដ្ឋខ្មែរ ដើម្បីរាប់ចំនួនមុនពេលអនុញ្ញាតឲ្យពលរដ្ឋខ្មែរទាំងនោះឆ្លងដែន ចូលទៅធ្វើការនៅក្នុងទឹកដីថៃ។
ការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងប្រជាពលរដ្ឋខ្មែរ និងកងទាហានឈុតខ្មៅថៃ បានស្ងប់ស្ងាត់ទៅវិញហើយ ក្រោយពីភាគីទាហានថៃ និងកងការពារព្រំដែនកម្ពុជា បានធ្វើការសម្របសម្រួលគ្នារួចមក។ ភាគីថៃ បានសារភាពទទួលកំហុសថា ខ្លួនបានយកដំបងឈើវាយខ្លួន និងវាយក្បាលជនជាតិខ្មែរ ដើម្បីរាប់ចំនួនមនុស្សមុនពេលអនុញ្ញាតឲ្យឆ្លងដែនចូលទៅធ្វើការ នៅក្នុងទឹកដីថៃ។
មេបញ្ជាការវីរសេនាតូចការពារព្រំដែន ៩១១ សូ ចាន់ណារី បានថ្លែងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា កងការពារព្រំដែនកម្ពុជា និងភាគីថៃ បានជួបជជែកគ្នាភ្លាមៗកាលពីព្រឹកថ្ងៃទី២៨ ក្រោយការផ្ទុះអំពើហិង្សារវាងទាហានថៃ និងប្រជាពលរដ្ឋខ្មែររួចមក។ ភាគីកម្ពុជា បានជំរុញឲ្យភាគីថៃ បញ្ឈប់ការប្រើអំពីហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ៖«ថ្ងៃគេបាន សន្យាជាមួយយើងថា ថ្ងៃក្រោយមិនឲ្យមានប៉ះពាល់អីទៀត អាករណីហិង្សាមកលើប្រជាពលរដ្ឋខ្មែរ គឺអត់មានឲ្យអ៊ីចឹងទៀតទេ ហើយទី២ទៀត គេឲ្យយើងចូលរួមសហការជាមួយគេ ដើម្បីជួយរៀបចំសណ្ដាប់ធ្នាប់ឲ្យបងប្អូនយើងហ្នឹង ចេញទៅធ្វើការចូលមកវិញហ្នឹងឲ្យបានស្រួល។ គេក៏សុំទទួលស្គាល់មានការខុសឆ្គងអ៊ីចឹង»។
កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា កងទាហានឈុតខ្មៅថៃ បានយកដំបងវាយ និងប្រើដុំថ្មគប់ និងបាញ់គំរាមចំនួន ៥គ្រាប់ទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យមានមនុស្សប្រុសស្រីរបួសចំនួន ៦នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅលើចំណុចខ្សែបន្ទាត់ព្រំដែនរវាងស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់នឹងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋខ្មែរទាំងនោះជាអ្នករស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគាត់តែងតែឆ្លងដែនទៅធ្វើការនៅក្នុងដីថៃ នៅពេលព្រឹក វិលមកដីខ្មែរវិញនៅពេលល្ងាច។
ស្ត្រីមានផ្ទៃពោះ ៧ខែម្នាក់ ឈ្មោះ សួរ ស្រីលីន រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកស្រីថ្លែងថា រូបគាត់ត្រូវទាហានថៃ វាយនឹងដំបងឈើ ជាំភ្លៅ។ លោកស្រីថា ទាហានឈុតខ្មៅថៃ មានគ្នា ៤នាក់ បានមើលងាយពួកគាត់ ដោយបានយកដំបងវាយក្បាលរាប់ចំនួនមនុស្ស។ ដូច្នេះហើយ ទើបមានការផ្ទុះកំហឹងរហូតឈានដល់ហិង្សាគប់គ្នានឹងដុំថ្ម៖«គេ តម្រង់ជួររាប់អ៊ីចឹង វ៉ៃខ្នង រាប់ពី មួយពីរបីដល់ដប់ អ៊ីចឹង ចុងក្រោយគេ ដប់ និងវ៉ៃក្បាលនឹងដំបង វ៉ៃបីដំបង។ ពេលឃើញអ៊ីចឹងពេក ខ្មែរយើងថា មិនប៉ាច់ចាំទៅទេ នាំគ្នាស្ទុះងើបមក បើរាប់វ៉ៃគ្នាអ៊ីចឹងនោះ។ ខ្មែរយើងក៏ស្ទុះងើបរត់ទាញដុំថ្មគប់។ ខ្ញុំ គេវ៉ៃ១ដំបង ហើយច្រានរត់ទៅដួល គេសង្កត់ពីលើថែមទៀតចំពោះផ្កាប់មុខ»។
ជនរងគ្រោះទាំង ៦នាក់នោះ ឈ្មោះ សួន សំណាង រងរបួសខ្នង ដោយសារទាហានឈុតខ្មៅថៃ គប់នឹងដុំថ្ម ឈ្មោះ ស សៀក របួសដៃស្តាំ ឈ្មោះ សួរ ស្រីលីន មានផ្ទៃពោះ ៧ខែ របួសក្បាលជង្គង់ខាងស្តាំ និងត្រូវថៃ វាយជាំភ្លៅខាងស្តាំ ឈ្មោះ ចេង សម្បត្តិ រងរបួសដៃស្តាំ និងរបួសត្រគាក ឈ្មោះ ពុទ្ធ នួន របួសជើងខាងឆ្វេង និងឈ្មោះ ឈុន ចាន់ណា ត្រូវទាហានថៃ គប់នឹងដុំថ្ម របួសដូចគ្នាដែរ។
លោក ធឿ តិ ជាប្រជាពលរដ្ឋខ្មែរដែលចេញចូលទៅធ្វើការនៅក្នុងទឹកដីថៃ នោះ បានឲ្យដឹងថា កន្លងមក ទាហានថៃ គ្រាន់តែប្រើដៃដើម្បីរាប់ចំនួនមនុស្ស។ ការយកដំបងទៅវាយក្បាលប្រជាពលរដ្ឋខ្មែរនេះ គឺជាការមើលងាយ ធ្វើឲ្យពួកគាត់មានកំហឹងផ្ទុះឡើង៖«ខ្សែខ្ញុំចូលទៅមុនពួក ហ្នឹង វាវ៉ៃនឹងដៃទេ ហើយដល់ខ្សែក្រោយទៀត បានវាយកដំបងវ៉ៃឆ្អឹងខ្នង ខ្លះហួសដល់ក្បាលទៀត។ អ៊ីចឹង ខ្មែរយើងឈឺចាប់ពេក ក៏នាំគ្នាស្រែក វាមិនគួរធ្វើអ៊ីចឹង ថៃ ចាប់គប់ដុំថ្មដាក់ខ្មែរមុន ពេលនោះ ខ្មែរខឹង គប់វិញ ត្រូវគ្នាទៅវិញទៅមក ហើយជនជាតិថៃ ម្នាក់បែកក្បាលខាងស្តាំ»។
មេភូមិព្រៃគប់ លោក កង សុង បានថ្លែងបញ្ជាក់ថា ជាធម្មតាមានប្រជាពលរដ្ឋក្នុងមួយថ្ងៃៗចំនួនជិត ១ពាន់នាក់ បាននាំគ្នាធ្វើដំណើរចេញតាមច្រកព្រៃគប់ ទៅធ្វើការនៅក្នុងដីថៃ នៅពេលព្រឹក វិលល្ងាច។ អំពើហិង្សាផ្ទុះឡើង គឺបង្កដោយសារកងទាហានឈុតខ្មៅថៃ ដែលបានប្រមាថមើលងាយប្រជាពលរដ្ឋខ្មែរ៖ «ដោយសាររឿងយកដំបងវ៉ៃ ក្បាលប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ហិង្សា ខ្មែរយើងស្ទុះកំហឹងទៅ វាកើតទៅជារឿង។ ខ្មែរយើងស្រែកព្រមគ្នាឲ្យជួយគ្នា កុំឲ្យថៃ វាធ្វើបាបខ្មែរអ៊ីចឹងទៀត។ ថៃ គេខឹង គេក៏គប់មកលើហ្វូងកម្មករយើងហ្នឹងឯង គប់ដុំថ្ម ខ្លះដំបង បានជាមានរបួស។ ដល់ក្រោយមកទៀត មើលទៅវាមិនឈ្នះខ្មែរ ក៏វាយកកាំភ្លើងមកបាញ់ប្រហែល ៥គ្រាប់ បាញ់គំរាមមិនឲ្យយើងចូលទៅ។ ម្សិលមិញ កុំបានរបងលួសការពារ អ្នកស្រុកទៅវ៉ៃងាប់ ខ្មែរ ៦០០នាក់»។
លោក ស៊ុម ច័ន្ទគា មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ថ្លែងថា ប្រជាពលរដ្ឋខ្មែរទាំងនោះ តែងតែឆ្លងដែនទៅធ្វើការក្នុងទឹកដីថៃ នៅពេលព្រឹក ត្រឡប់មកវិញនៅពេលល្ងាច។ នៅមុនពេលឆ្លង មានសមត្ថកិច្ចខ្មែរ និងថៃ បានត្រួតពិនិត្យ ព្រមទាំងមានថៅកែថៃ រង់ចាំទទួលយកទៅធ្វើការ។ ពលរដ្ឋខ្លះ ទៅស៊ីឈ្នួលច្រូតស្រូវ កាប់អំពៅ និងស៊ីឈ្នួលធ្វើការផ្សេងៗទៀត។ ទាហានថៃ យកដំបងវាយក្បាលប្រជាពលរដ្ឋខ្មែរ រាប់ចំនួននេះ គឺមិនបានគោរពសេចក្ដីថ្លៃថ្នូរ និងជាការរំលោភសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា ប្រទេសថៃ ជាប្រទេសមានច្បាប់ទម្លាប់ដូចគ្នា បើសិនជាខ្មែរធ្វើខុសច្បាប់ គួរចាត់ការទៅតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
0 comments:
Post a Comment