http://www.youtube.com/watch?v=zTfxZUO8k2k
បទអត្ថាធិប្បាយ ៖ សម្ភារៈនិយមហួសហេតុ ធ្វើឲ្យអំពើពុករលួយចាក់ឫស
ភ្នំពេញ: ធ្វើដំណើរនៅតាមដងផ្លូវភ្នំពេញ គេនឹងឃើញរថយន្តធំៗ និងទំនើបៗ រហូតដល់ស៊េរីថ្មី បំផុត ចេញពីរោងចក្រ ដោយរថយន្តខ្លះមានតម្លៃថ្លៃជាងមួយសែនដុល្លារក៏មាន។ ភាពហ៊ឺហានៅក្នុងប្រទេសក្រីក្រមួយ បានឆ្លុះបញ្ចាំងអំពីសម្ភារៈនិយមដ៏ហួសហេតុ ដែលអាចនឹងដឹកនាំមនុស្សតាមផ្លូវខុស ដោយអាចហ៊ានទាំងប្រព្រឹត្តអំពើពុរលួយខុសនឹងច្បាប់ ដើម្បីគ្រាន់តែបំពេញផ្លូវអារម្មណ៍មួយនេះ។
វាពិបាកនឹងធ្វើឲ្យជឿណាស់ នៅពេលដែមន្ត្រីរដ្ឋាភិបាលមានឡានតម្លៃខ្ទង់សែនដុល្លារ ជាច្រើនគ្រឿងនៅក្នុងវីឡា ដ៏ស្តុកស្តម្ភមិនប្រព្រឹត្តអំពើពុករលួយ ខណៈដែលប្រាក់ខែរបស់ពួកគេមានត្រឹមតែប៉ុន្មានរយដុល្លារនោះ។
នៅក្នុងពិធីធំៗម្តងៗ គេឃើញរថយន្ត Lexus ឬ Land Rover ស៊េរីថ្មីដាក់បញ្ឈរតម្រៀបគ្នាគួរឲ្យញាក់សាច់។ ទិដ្ឋភាពនោះ រំលេចចេញកម្ពុជាមួយដ៏ស្តុកស្តម្ភនិងហ៊ឺហា ជាជាងកម្ពុជាដ៏ក្រីក្រ ដែលមានខ្ទង់ថវិកាជាតិត្រឹម ៣ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ហើយពឹងផ្អែកទៅលើជំនួយបរទេសដើម្បីបំពេញបង្គ្រប់។
អ្នកមាននិងអ្នកធំ គេបាននាំគ្នាប្រណាំងប្រជែងសម្ញែងនូវភាពហ៊ឺហា និងមានបានកប់ពពករបស់ពួកគេ។ គេប្រណាំងប្រជែងគ្នាដើម្បីអួតផលិតផលថ្មីៗទាំងនោះ។
ប៉ុន្តែពួកគេភ្លេចគិតថា សំណួរបានចោទសួរថា តើពួកគេបានលុយមកពីណាច្រើនកប់ពពកបែបនេះ ខណ:ដែលពួកគេមានប្រាក់ខែតិច ត្រឹមតែប៉ុន្មានរយដុល្លារ។ ភាពហ៊ឺហារទាំងនោះនឹងបណ្តុះចេញការឈឺចាប់នៅក្នុងសង្គមច្រើនជាងការកោតស្ញប់ស្ញែង។
ម្យ៉ាងទៀតនោះ ភាពងុបងល់នឹងសម្ភារៈនិយម នឹងដឹកនាំមន្ត្រីរដ្ឋាភិបាលទៅរកផ្លូវខុស ច្រើនជាងផ្លូវត្រូវ។ កាលបើពួកគេត្រូវការរបស់ទំនើបៗនោះ ប្រាក់ខែរបស់ពួកគេនឹងមិនអាចបំពេញសេចក្តីត្រូវការនោះបានឡើយ។ ជម្រើសផ្សេងនឹងត្រូវប្រកាន់យក។ នោះគឺការប្រព្រឹត្តអំពើពុករលួយ ដោយធ្វើឲ្យកម្ពុជាមានចំណាត់ថ្នាក់ ដ៏អាក្រក់បំផុតមួយអំពីបញ្ហាពុករលួយនេះ។
សូមឲ្យមន្ត្រីរដ្ឋាភិបាលទប់ចិត្តនិងអារម្មណ៍ ហើយចៀសឆ្ងាយអំពីការប្រណាំងប្រជែងគ្នាខាងសម្ភារៈទំនើប ខណៈដែលកម្ពុជានៅក្រីក្រនៅឡើយ។ បើពុំនោះទេ ពួកគេនឹងធ្លាក់ទៅក្នុងអន្ទាក់របស់វាហើយ រំលោភលើសិទ្ធិអំណាចរបស់ខ្លួន ដើម្បីដោះស្រាយតម្រូវការសម្ភារៈនោះ។ ជាផលវិបាក អំពើពុករលួយនឹងចាក់ឫសនៅក្នុងប្រទេសកម្ពុជាយើង៕
0 comments:
Post a Comment