Social Icons

Thursday, November 22, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រតិកម្ម​​ទៅ​នឹង​សម្ដី​មន្ត្រី​បក្ស​ប្រជាជន


អ្នកស្រី យុន ម៉ានេ៖ «នៅ​ពេល​ដែល​ឭ​ដែល​ពាក្យ​សំដី​នេះ ក្នុង​នាម​ខ្ញុំ​ជា​ជនជាតិ​ព្នង​មួយ​រូប គឺ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ព្រោះ​អី​គឺ​លេច​ជា​សាធារណៈ​ហើយ​ពី​តំណាងរាស្ត្រ​ម្នាក់ ព្រោះ​អី​ពួក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ព្រៃផ្សៃ​ដូច​ដែល​គាត់​បាន​លើក​ឡើង​ នោះ​ទេ ហើយ​ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ក៏​ជា​មនុស្ស​ដែល​មាន​សតិ​សម្បជញ្ញៈ ហើយ​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សន្តាន​ដូច​ខ្មែរ​គ្រាន់​តែ​ថា ពួក​ខ្ញុំ​នឹង​មាន​របៀបរបប​រស់នៅ​ខុស​ពី​បងប្អូន​ខ្មែរ»។
 លោក ដួង វណ្ណរ៉ា ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។
 2012-11-22 RFA
សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ក្នុង​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ឡើង​វិញ​ជា​សាធារណៈ ដែល​ចាត់​ទុក​ជនជាតិ​ព្នង​ថា ជា​អំបូរ​មួយ​ដែល​អន់ ល្ងង់ មិន​ចេះ​ដឹង។
ការ​ប្រតិកម្ម​ប្រឆាំង​នឹង​សំដី​របស់​លោក ឈាង វុន នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​តតាំង​នៅ​រដ្ឋសភា​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថា ព្នង និង​ព្រៃផ្សៃ។ បើ​ទោះ​ជា​បែប​ណា លោក ឈាង វុន អះអាង​ថា លោក​នឹង​មិន​សុំ​ទោស​ជា​សាធារណៈ​ណា​មួយ​តាម​ការ​ទាមទារ​របស់​ជនជាតិ​ដើម​ ភាគតិច​ព្នង​នោះ​ទេ ព្រោះ​សារ​ដែល​លោក​លើក​ឡើង​នោះ​គឺ​មិន​សំដៅ​ដល់​ការ​ប្រមាថ​ជនជាតិ​ដើម​ ភាគតិច​ព្នង​នោះ​ឡើយ។
ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ប្រតិកម្ម​ទៅ​នឹង​សំដី​របស់​លោក ឈាន វុន ដោយ​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ប្រៀបធៀប​បក្ស​ប្រឆាំង​ទៅ​នឹង​ព្នង​នេះ​ថា គឺ​ជា​ការ​មើល​ងាយ​ដល់​ប្រពៃណី​ ទំនៀមទម្លាប់ និង​ជំនឿ​សាសនា​របស់​ពួកគេ និង​ទាមទារ​ឲ្យ​លោក ឈាង វុន ត្រូវ​សុំ​ទោស​ជា​សាធារណៈ​ពី​កំហុស​ដែល​បាន​កើត​ឡើង​នោះ។
ការ​ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​រយៈ​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ នៅ​បន្ទាប់​ពី​លោក ឈាន វុន តតាំង​តឹង​សរសៃ​ក​នៅ​សភាជាតិ​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ លោក ឈាង វុន ហៅ​ការ​ឆ្លើយឆ្លង​របស់​លោក កឹម សុខា និង​លោក សុន ឆ័យ ដែល​ត្រូវ​គេ​គិត​ថា ជា​របៀប​ដេញដោល​តាម​សង្គម​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា​នោះ​ថា គឺ​ជា​មនុស្ស​ព្នង ព្រៃផ្សៃ។
លោក ដួង វណ្ណរ៉ា ជា​ជន​ជាតិ​ព្នង​រស់នៅ​ភូមិ​ចម្ការ​តែ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ លោក​ហៅ​ការ​ថ្លែង​របស់​លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ថា គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជនជាតិ​ដើម​ភាគតិច​ព្នង។ លោក​ទាមទារ​ឲ្យ​លោក ឈាង វុន ត្រូវ​តែ​សុំទោស​ជា​សាធារណៈ​នៅ​អ្វី​ដែល​លោក​ចាត់​ទុក​ជនជាតិ​ដើម​ភាគ​តិច​ ព្នង​នេះ​ថា ជា​មនុស្ស​ព្រៃផ្សៃ។
លោក ដួង វណ្ណរ៉ា៖ «ព្រោះ​អី​ជនជាតិ​ព្នង​មិន​មែន​អ៊ីចឹង​ទេ។ ជនជាតិ​ព្នង​យើងៗ ព្រោះ​ខ្ញុំ​ធ្លាប់​រស់នៅ​តាំង​ពី​កកើត​មក​ពួក​ខ្ញុំ​មាន​ភាព​សម្បូរ​សប្បាយ ​ណាស់ ពួក​ខ្ញុំ​រស់​នៅ​ស្រប​តាម​ធម្មជាតិ ហើយ​ពួក​ខ្ញុំ​រស់​នៅ​មាន​ការ​ប្រកប​គ្នា​បាទ ស្គាល់​បង​ស្គាល់​ប្អូន​ពូជសាសន៍​ហើយ​ចេះ​រាប់អាន​មិត្តភ័ក្ដិ ហើយ​ដល់​ពេល​គាត់​និយាយ​ថា ព្រៃផ្សៃ​មិន​ដឹង​គាត់​សំដៅ​ដល់​ព្នង​ណា។ បើ​គាត់​និយាយ​ថា ពួក​ព្នង​ខ្ញុំ​នេះ​ជន​ជាតិ​ព្នង ប៉ុន្តែ​ខ្ញុំ​អត់​ដែល​ឃើញ​ភាព​ព្រៃផ្សៃ អ៊ីចឹង​ជា​លក្ខណៈ​ផ្ទុយ​ផង ហើយ​ជា​លក្ខណៈ​មើល​ងាយ​ផង។ គាត់​មិន​ដឹង ឬ​ក៏​គាត់​ធ្វើ​ដឹង»
លោក ដួង វណ្ណរ៉ា ព្រមាន​ថា ប្រសិន​បើ​លោក ឈាង វុន មិន​សុំទោស​ជា​សាធារណៈ​នោះ​ទេ នោះ​ព័ត៌មាន​ស្ដី​ការ​មើលងាយ​ជនជាតិ​ព្នង​នេះ​នឹង​ត្រូវ​គេ​ផ្សព្វផ្សាយ​ យ៉ាង​ទូលំទូលាយ​នៅ​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ ដូចជា​ខេត្ត​មណ្ឌលគិរី និង​តំបន់​ផ្សេង​ទៀត។
ក្រុម​អ្នកវិភាគ​ឯករាជ្យ​និយាយ​ថា យន្តការ​បែបនេះ គឺ​ជា​ដំណើរ​ចុះ​អន់​ថយ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
អ្នកស្រី យុន ម៉ានេ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​យុវជន​ជនជាតិ​ភាគតិច​កម្ពុជា ហៅ​ការ​ថ្លែង​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​គឺ​លោក ឈាង វុន នេះ​ថា គឺ​ជា​ការ​ជាន់​ឈ្លី​ជាតិ​សាសន៍​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​យ៉ាង​ ធ្ងន់ធ្ងរ ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់​របស់​ប្រទេស។
បើ​តាម​អ្នកស្រី យុន ម៉ានេ ជនជាតិ​ដើម​ភាគតិច​ព្នង​ក៏​មិន​ខុស​អ្វី​ទៅ​នឹង​ជាតិ​សាសន៍​ដទៃ​ទៀត​នោះ​ដែរ ពួកគេ​រស់​ដោយ​មាន​ប្រពៃណី ជំនឿ សាសនា និង​អនុវត្ត​ច្បាប់​របស់​ប្រទេស​យ៉ាង​ខ្ជាប់ខ្ជួន​ថែម​ទៀត។
អ្នកស្រី យុន ម៉ានេ៖ «នៅ​ពេល​ដែល​ឭ​ដែល​ពាក្យ​សំដី​នេះ ក្នុង​នាម​ខ្ញុំ​ជា​ជនជាតិ​ព្នង​មួយ​រូប គឺ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ព្រោះ​អី​គឺ​លេច​ជា​សាធារណៈ​ហើយ​ពី​តំណាងរាស្ត្រ​ម្នាក់ ព្រោះ​អី​ពួក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ព្រៃផ្សៃ​ដូច​ដែល​គាត់​បាន​លើក​ឡើង​ នោះ​ទេ ហើយ​ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ក៏​ជា​មនុស្ស​ដែល​មាន​សតិ​សម្បជញ្ញៈ ហើយ​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សន្តាន​ដូច​ខ្មែរ​គ្រាន់​តែ​ថា ពួក​ខ្ញុំ​នឹង​មាន​របៀបរបប​រស់នៅ​ខុស​ពី​បងប្អូន​ខ្មែរ»
ប្រធាន​ក្រុមប្រឹក្សាភិបាល​រូប​នេះ​បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជើបរំជួល និង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ពេល​ នេះ គឺ​ជា​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រមាថ​មើលងាយ និង​ ទាមទារ​ឲ្យ​លោក ឈាង វុន ត្រូវ​សុំទោស​ជា​សាធារណៈ និង​សុំទោស​ទៅ​តាម​របៀប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ព្នង មាន​រៀប​បាយសី ឬ​សែន​ព្រេន​ជាដើម ទើប​រាប់​ថា ជា​ការ​ផ្សះផ្សា​ផ្លូវចិត្ត​បាន។
ក៏​ប៉ុន្តែ លោក ឈាង វុន តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ពន្យល់​ថា លោក​នឹង​មិន​សុំទោស​ណា​មួយ​តាម​ការ​ទាមទារ​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​លោក​ប្រើប្រាស់​សំដី​ធ្ងន់ៗ​នៅ​រដ្ឋ​សភា​ថា ជា​ព្នង គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​មន្ត្រី​បក្ស​ប្រឆាំង ដោយ​ប្រៀប​ប្រដូច​លោក កឹម សុខា និង​មន្ត្រី​មួយ​ចំនួន​ថា ជា​ព្នង​នោះ គឺ​សំដៅ​ដល់​ការ​មិន​យល់​ហេតុការណ៍​ពុំ​មែន​មាន​ចេតនា​ដល់​ការ​ប្រមាថ​មើល​ ងាយ​ជនជាតិ​ភាគតិច​ព្នង​នោះ​ទេ។
លោក ឈាង វុន៖ «គាត់​ចេះ​ធ្វើ​ស្រែ​ចម្ការ​ចេះ​ដាំបាយ ចេះ​ធ្វើ​នំប៉័ង​ណាស់ ចេះ​លក់ដូរ​ដូច​ជនជាតិ​ផ្សេងៗ​អ៊ីចឹង​ដែរ អ៊ីចឹង​ហើយ​កុំ​មើលងាយ​គាត់​ថា ជា​ព្នង តាំង​ពី​ហ្នឹង​មក​ពាក្យ​ព្នង​សំដៅ​ទៅ​លើ​សង្គម​ជនជាតិ​មួយ​លែង​មាន​ហើយ។ ក៏​ប៉ុន្តែ​ឥរិយាបថ​មនុស្ស​ដែល​ច្រឡង​ខាម​មិន​គោរព​ច្បាប់ អង្គុយ​លើ​ច្បាប់​មិន​អនុវត្ត​ច្បាប់ ស្រែក​អាឡេ​អាឡូ​គេ​ហៅ​ឥរិយាបថ​ព្នង មិនមែន​ជន​ជាតិ​ព្នង កុំ​ច្រឡំ​។ អ្ហេ! កុំ​និយាយ​អ៊ីចឹង គាត់​យល់​ឃើញ​ខុស​ខ្លួន​គាត់ មក​ឲ្យ​គេ​សុំ​ទោស​គាត់​ម៉េច។ ខ្ញុំ​មាន​ដែល​ថា បងប្អូន​ជនជាតិ​អ្នក​ណា​គេ ឈ្មោះ​ជនជាតិ​ហ្នឹង​កត់​ឈ្មោះ​ឲ្យ​ខ្ញុំ​បន្តិច​មើល អ្នក​ណា​គេ។ នៅ​ពេល​ដែល​ផ្សាយ កុំ​ផ្សាយ​តែ​ម្ខាង ផ្សាយ​ខ្ញុំ​និយាយ​ផង​ណាស់! ព្រោះ​ច្រើន​ដង​ហើយ ថ្ងៃ​មុន​សម្ភាស​ខ្ញុំ​ម្ដង​ហើយ វិទ្យុ​អាស៊ីសេរី ហើយ​ចាក់​តែ កឹម សុខា ទេ អត់​ចាក់​ខ្ញុំ​ទេ​ណាស់!»
បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ក្រោយ​ពី​ដើរ​ចេញ​ក្នុង​កិច្ចប្រជុំ​សភា ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ការ​លើក​ឡើង​របស់​លោក ឈាង វុន គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា អ្វី​ដែល​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​លើក​ឡើង គឺ​ជា​មាក់ងាយ​យ៉ាង​សុទ្ធសាធ​ដល់​ជនជាតិ​ដើម​ភាគ​តិច​ព្នង។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ឥរិយាបថ​របស់​មន្ត្រី​ខ្មែរ​​​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ក្លាយ​ ជា​វប្បធម៌​ហិង្សា ជា​ជាង​កសាង​សន្តិភាព​សម្រាប់​សង្គម​ទៅវិញ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «អ៊ីចេះ​ សំដី​សំដៅ គឺ​វា​ឆ្លុះ​​ចិត្ត​ថ្លើម​យើង​បាទ! ចិត្ត​ថ្លើម​គឺ​វា​អាច​ចេញ​ជា​សំដី​សំដៅ​ហ្នឹង​ហោង។ ហិង្សា​ចេញ​តាម​សំដី​សំដៅ ហើយ​ហិង្សា​ទៅ​តាម​កាយវិការ។ អា​ហ្នឹង​មិន​មែន​ពាក់ព័ន្ធ​តែ ឈាង វុន ហ្នឹង​មួយ​ទេ អា​ហ្នឹង​វា​ពាក់ព័ន្ធ​ទៅ​ដល់​ក្រុម​ញាតិ​អ្នក​ដឹកនាំ​ហ្នឹង។ ខ្ញុំ​និយាយ​ដោយ​ត្រង់ សម្ដេច ហ៊ុន សែន គាត់​ចេះ​តែ​និយាយ​ពាក្យ​អសុរោះ ពាក្យ​អី​អ៊ីចឹង​ទៅ​ឃើញ អ្ហា​ចេះ ម៉្លោះ​ហើយ​យើង​ចេះ​ទ្រាំ​ទៅ»
សម្រាប់​ក្រុម​ជនជាតិ​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី ហៅ​ការ​ថ្លែង​របស់​លោក ឈាង វុន នេះ​ថា គឺ​ការ​ជា​បន្តុះបង្អាប់​កេរ្តិ៍​ឈ្មោះ និង​ប្រមាថ​មើលងាយ​ដល់​ពង្សាវតារ​របស់​ពួក​គេ​តាំង​ពី​ដូនតា​មក និង ទាមទារ​ឲ្យ​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ត្រូវ​សុំទោស​ដោយ​ចៀស​មិន​បាន៖ «ម្យ៉ាង ​ច្បាប់​លើ​គាត់​អី​លើ​គាត់ ស្អី​ទាំង​អស់ ដល់​គាត់​និយាយ​អ៊ីចឹង ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៅ​គាត់​និយាយ​ថា ខ្មែរ​លើ​ខ្មែរ​ក្រោម​សាមគ្គី​គ្នា ហើយ​ដល់​ថា គាត់​ប្រមាថ​មួយ​ថា ព្នង អ៊ីចឹង​គាត់​ថា អា​មនុស្ស​ភ្លើ អ៊ីចឹង​យើង​អស់​មាន​តម្លៃ​ទី​មួយ។ ទី​ពីរ ​យើង​អស់​ទី​សង្ឃឹម​ទៀត ហើយ​គាត់​ក៏​រស់​ក្នុង​ប្រទេស​តែ​មួយ​ដូច​គ្នា​អ៊ីចឹង​ដែរ ហើយ​បើ​សិន​ជា​គាត់​មើល​ងាយ​ថា ជនជាតិ​ព្នង​ជា​មនុស្ស​ដែល​អន់​ទៅ ហើយ​មាន​ន័យ​ថា សម្រាប់​ខ្ញុំ​ផ្ទាល់​ជនជាតិ​ភាគ​តិច​ខ្ញុំ​មិន​សុខ​ទេ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​បង្ហាញ​សារ​នៅ​រដ្ឋ​សភា​របស់​លោក ឈាង វុន អាច​ចាត់​ទុក​ថា ជា​បទ​បរិហារកេរ្តិ៍ ឬ​ជេរ​ប្រមាថ​ជា​សាធារណៈ។
ផ្អែក​តាម​ផ្លូវ​ច្បាប់​នៃ​ក្រមព្រហ្មទណ្ឌ​មាត្រា​៣០៧ ស្ដី​ពី​ការ​ជេរប្រមាថ​ជា​សាធារណៈ​ចែង​ថា គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យ​មើល​ងាយ ឬ​គ្រប់​ពាក្យ​ទ្រគោះ ដែល​គ្មាន​ការ​ទម្លាក់​កំហុស​ទៅ​លើ​អំពើ​ណា​មួយ គឺ​ជា​ការ​ជេរ​ប្រមាថ ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់​ពី ១០​ម៉ឺន រហូត​ដល់ ១០​លាន​រៀល ដោយ​ពាក្យ​សំដី ទោះ​តាម​មធ្យោបាយ​ណា​មួយ​ក៏​ដោយ ដែល​បញ្ចេញ​នៅ​ទី​សាធារណៈ ឬ​ក្នុង​ពេល​ប្រជុំ​សាធារណៈ។
យ៉ាង​ណា​ក៏​ដោយ លោក ឈាង វុន តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា សារ​ដែល​លោក​លើក​ឡើង​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា នោះ គឺ​មិន​សំដៅ​ដល់​ការ​មើល​ងាយ​ជនជាតិ​ព្នង​នោះ​ទេ តែ​ជា​សារ​ប្រតិកម្ម​ប្រឆាំង​នឹង​មន្ត្រី​គណបក្ស​ជំទាស់​ប៉ុណ្ណោះ។ បើ​ទោះ​ជា​បែប​ណា​សហគមន៍​ជនជាតិ​ព្នង​នៅ​តែ​ប្រកាន់​ជំហរ និង​ចាត់​ទុក​ការ​ថ្លែង​របស់​លោក ឈាង វុន នេះ​ថា គឺ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ពួកគេ និង​ទាមទារ​ឲ្យ​អ្នក​តំណាងរាស្ត្រ​រូប​នេះ​ត្រូវ​សុំទោស​ជា​សាធារណៈ​ពី​ កំហុស​ដែល​បាន​កើត​ឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។