Social Icons

Monday, September 10, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

Carelessness in politics is a source of election dispute


ឥរិយាបថ​មិន​យក​ចិត្ត​ទុកដាក់​នឹង​នយោបាយ​ ជា​ប្រភព​នៃ​ជម្លោះ​បោះឆ្នោត

សៅរ៍ 10 កញ្ញា 2012



ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១២ បាន​ឈានដល់​សប្តាហ៍​ទី២​ហើយ។ ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ទាំង​រដ្ឋាភិបាល គណបក្សនយោបាយ និង​សង្គម​ស៊ីវិល សុទ្ធតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ដែល​គ្រប់​អាយុ​បោះឆ្នោត​ទៅ​ពិនិត្យ ឈ្មោះ និង​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់គ្នា។

ទោះជា​យ៉ាងនេះ​ក៏ដោយ មាន​មនុស្ស​ជាច្រើន​នៅតែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដដែល។

តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ? ហើយ​តើ​បញ្ហា​នេះ​គួរ​ក្លាយជា​ជម្លោះ​នយោបាយ​ដែរ ឬទេ ?

ជា​រៀងរាល់​ការបោះឆ្នោតម្តងៗ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​តែង​ក្លាយជា​ជម្លោះ​នយោបាយ​ដ៏​ក្តៅ​គ​គុក។ មាន​មនុស្ស​ជាច្រើន​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី ខ្លះទៀត​មានឈ្មោះ​តែ​វង្វេង​ការិយាល័យ​រក​កន្លែង​បោះឆ្នោត​មិនឃើញ អ្នកខ្លះ​មានឈ្មោះ​តែ​មិន​ទៅ​បោះឆ្នោត។ បញ្ហាដដែលៗនេះ​នៅ​តែ​បន្ត​កើតឡើង​មិនទាន់​ចប់។ គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន​បាន​ស្តី​បន្ទោស​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (ឝ.ជ.ប) ថា​បាន​បង្ក​ការលំបាក​ដល់​ការចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ។ អ្នកខ្លះ​ទៀត​បាន​ស្តីបន្ទោស​អាជ្ញាធរ​មូលដ្ឋាន​ថា លម្អៀង​ទៅរក​គណបក្សកាន់អំណាច​ហើយ​បាន​ព្យាយាម​រារាំង​អ្នកគាំទ្រ​គណបក្សប្រឆាំង​មិន​ឲ្យ​ទៅ​បោះឆ្នោត។


ទោះបីជា​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ជា​ច្រើន​លើក មកហើយ​ក៏ដោយ ក៏​ជម្លោះ​នយោបាយ​ស្តីពី​បញ្ជី​អ្នកបោះឆ្នោត​នៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅ​មួយ​ដែល​បន្ត​ដុត​កម្តៅ​ឆាកនយោបាយ​ប្រទេស​​កម្ពុជា​នៅឡើយ។ ការធ្វើ​ពហិការ​មិន​ចូលរួម​សង្កេតការណ៍​ដំណើរការ​បោះឆ្នោត​របស់​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅពេលនេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ មិន​ចូលរួម​សង្កេតការណ៍​ពីព្រោះ​តែ​គណបក្ស​ទាំងពីរ​នេះ​លើក​ហេតុផល​ថា ការចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​នៅតែ​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព​ដដែល


ជាការ​ពិតណាស់ ទោះបីជា​របប​ប្រជាធិបតេយ្យ​បាន​ចាក់ឫស​ក្នុងប្រទេស​កម្ពុជា​អស់​រយៈ​ពេល​​ពីរ​ទសវត្ស​រ៍ហើយ​ក៏ដោយ ក៏​ជាទូទៅ ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មិនទាន់​ប្រែ​ប្រួល​ជា​ដុំកំភួន​នៅឡើយ។ សម្រាប់​ប្រជាជន​សាមញ្ញ​ជាទូទៅ រឿង​នយោបាយ​មិនមែនជា​បញ្ហា​របស់​ពួកគេ​ទេ តែ​វា​ជា​រឿង​ផ្តាច់មុខ​របស់​អ្នកនយោបាយ។ ដោយសារតែ​ផ្នត់គំនិត​បែបនេះ​នៅ​ជោគជាំ​ក្រាស់ឃ្មឹក​នៅឡើយ មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ណាស់​ដែល​មិន​ចាប់​អារម្មណ៍​នាំគ្នា​ទៅ​ចុះឈ្មោះ​ឬ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ឡើយ។ ការមិន​ចាប់អារម្មណ៍​នឹង​រឿង​នយោបាយ​គឺជា​ប្រភព​នៃ​បញ្ហា​រាប់រយ​ជំពូក​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។

ជាក់ស្តែង ជម្លោះ​ក្តៅគគុក​ជុំវិញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅពេលនេះ​គឺជា​ឧទាហរណ៍​ស្រាប់។ គណបក្សកាន់អំណាច​ដែល​បាន​យល់ច្បាស់​ពី​បញ្ហា​នេះ​តែង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ធានាថា អ្នកគាំទ្រ​របស់ខ្លួន​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកបោះឆ្នោត និង​បាន​ទៅ​បោះឆ្នោត​គ្រប់គ្នា។ រីឯ​គណបក្សប្រឆាំង​ឬ​គណបក្ស​ផ្សេងទៀត​ដែល​គ្មាន​មធ្យោបាយ គ្មាន​លទ្ធភាព​ឬក៏​មិនបាន​ចាប់អារម្មណ៍​អំពី​បញ្ហា​នេះ​បាន​ជួបប្រទះ​បញ្ហា​ច្រើនជាងគេ​ជុំវិញ​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត។

ទីបំផុត ពួកគេ​ក៏​ស្តីបន្ទោស​គ.ជ.ប ឬ​អាជ្ញាធរ​មូលដ្ឋាន។ការស្តីបន្ទោស​នេះ​ មិន​ខុស​ឡើយ ពីព្រោះ​មន្ត្រី​ដែល​បម្រើការ​ក្នុង​ស្ថាប័ន​ទាំងនោះ​ភាគច្រើន​ជា​អ្នក ចេញ​មកពី​គណបក្សកាន់អំណាច។ នេះ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​គូប្រកួត​បាត់បង់​ជំនឿ​លើ​អាជ្ញាកណ្តាល។

ប៉ុន្តែ បញ្ហា​ដែល​កើតឡើងដដែលៗជុំវិញ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការបាត់បង់​សិទ្ធិ ឬ​បោះបង់​សិទ្ធិ​បោះឆ្នោត ឬ​បញ្ហាផ្សេងៗទៀត​ជាច្រើន មាន​មូលហេតុ​ពិតប្រាកដ​របស់​វា​សំខាន់​ជាងនេះទៅទៀត នោះ​គឺ​ទម្លាប់​មិន​អើពើ​នឹង​បញ្ហានយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នេះឯង។ ដូច្នេះ ដំណោះស្រាយ​ពិតប្រាកដ​នៅទីនេះ​គឺ ទាំង គ.ជ.ប អាជ្ញាធរ សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​ត្រូវ​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​អំពី​កាតព្វកិច្ច​នយោបាយ​របស់ខ្លួន ជា​ជាង​ការ​ចង្អុលមុខ​ដាក់គ្នា ឬ​ការធ្វើ​អាជីវកម្ម​នយោបាយ​លើ​ការមិន​យល់ដឹង​របស់​ប្រជាពលរដ្ឋ។

នៅ​ពេល​ដែល​ពលរដ្ឋ​គ្រប់​គ្នា​យល់​ថា សន្លឹកឆ្នោត​របស់​ពួក​គេ​មាន​សារសំខាន់​សម្រាប់​កំណត់​ជោគវាសនា​ប្រទេសជាតិ ពេល​នោះ​កុំ​ថា​ឡើយ​តែ​ការ​ចុះ​ឈ្មោះ ឬ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម្បី​តែ​ដំណើរការ​បោះឆ្នោត​ទាំងមូល​ក៏​នឹង​គ្មាន​អ្វី​គួរ​ឲ្យ​ស្មុគស្មាញ​ទៀតឡើយ។ ពោល​គឺ​ការ​បែ​ប្រែ​ផ្នត់គំនិត​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ពឹង​បាក់​ទាំង​ស្រុង​ទៅ​លើ​អ្នកនយោបាយ​ក្នុង​ការ​កាច់ចង្កូត​នាវា​កម្ពុជា មក​ជា​អ្នកកាន់កាប់​ជោគវាសនា​ប្រទេសជាតិ​ដោយ​ខ្លួនឯង​វិញ គឺ​ជា​បេសកកម្ម​ដ៏​ធំធេង​មួយ​ដែល​អ្នកនយោបាយ និង​អ្នក​ពាក់​ព​ន្ធ័​ទាំងឡាយ​ត្រូវ​រួមគ្នា​សម្រេច​ឲ្យ​បានដើម្បីឈានទៅបញ្ចប់ជម្លោះនៃការបោះឆ្នោតនៅកម្ពុជា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។