Social Icons

Tuesday, September 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

៦​ភូមិ​ក្នុង​ស្រុក​អូរជ្រៅ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​ធ្លាក់​ពី​ដី​ថៃ

By Borosrath 18/09/12: 
ស្ថាន​ភាពទឹក​ជំនន់ពី​​ឆ្នាំមុន​នៅ​ខេត្ត​ព្រៃវែង​​។ រូបថត ស្រេង​ ម៉េង​ស្រ៊ុន​
បន្ទាយមានជ័យៈ ដំណាំ​ជាង​៦ពាន់​ហិកតា​ និង​ផ្លូវ​ថ្នល់​ប្រវែង​ជាង ៥ ពាន់​ម៉ែត្រ​ នៅ​ក្នុង​ភូមិ​ចំនួន៦​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ បាន​រងការ​ជន់​លិច ​បន្ទាប់​ពី​មាន​ជំនន់​ទឹក​ភ្លៀង​ នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ បាន​ហូរ​ធ្លាក់​ចុះ​មក​កាល​ពី​ចុង​សប្តាហ៍​មុន។
លោក​ សួង មួន មេឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំនន់​ទឹក​ភ្លៀង​បាន​ហូរ​ធ្លាក់​មក​ពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ហើយ​បាន​ប៉ះពាល់​ភូមិ​ចំនួន​៦ និង​បាន​ជន់​លិច​ផ្លូវ​ថ្នល់​ប្រវែង​៥៤៧៨​ម៉ែត្រ លិច​ស្រូវ​ជាង​៤​ពាន់​ហិកតា​ ដំឡូង​មី​ជាង​១០០​ហិកតា​។ ជាមួយ​នោះ​ពលរដ្ឋ​ចំនួន​៧ គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។
លោក​មេឃុំ បញ្ជាក់​ថា៖ «ទឹក​ភ្លៀង​ហូរ​ធ្លាក់​មក​ពី​ខាង​ថៃ តាំង​ពី​ចុង​សប្តាហ៍​មុន​ ធ្វើ​ឲ្យ​លិច​លង់​អស់​៦​ភូមិ​ហើយ​។ ទឹក​លិច​ដល់​រនាប​ផ្ទះ​ តែ​ពលរដ្ឋ​ភាគ​ច្រើន​មិន​ទាន់​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​នៅ​ឡើយ​។ ស្រូវ​មិន​ទាន់​ខូច​ទេ ប៉ុន្តែ ដំឡូង​មី​ជាង​១០០​ហិកតា បាន​ខូច​អស់​ហើយ»។
លោក​ថា ការ​ខូចខាត​នឹង​កើន​ឡើង​ទៀត បើ​ទឹក​នៅ​តែ​បន្ត​ហូរ​មក​ពី​ប្រទេស​ថៃ​ឥត​ឈប់​នោះ។
លោក អ៊ុក ​កែវរតនៈ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មានជ័យ​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ទាំង​នៅ​ដី​ខ្មែរ​និង​ដី​ថៃ​ តាំង​ពី​ចុង​សប្តាហ៍​មុន ​ហើយ​ទឹក​ធ្លាក់​មក​ពី​ថៃ​ ជា​ជំនន់​ទឹក​ភ្លៀង​។ លោក​បន្ត​ថា ៖ «វា​ជា​ជំនន់​ទឹក​ភ្លៀង​ហូរ​មក​ពី​ថៃ ​ហើយ​ខាង​ថៃ​នៅ​មិន​ទាន់​បើក​ទ្វារ​រំដោះ​ទឹក​ទេ​។ បើ​បើក​គេ​នឹង​ប្រាប់​យើង​ជា​មុន»។
ភ្លៀង​នឹង​នៅ​តែ​បន្ត​ធ្លាក់​ពេញ មួយ​សប្តាហ៍​ទៀត ​ដែល​អាច​បណ្តាល​ឲ្យ​ខេត្ត​១៤​ នៅ​ប្រទេស​កម្ពុជា​រង​នូវ​ជំនន់​ទឹក​ភ្លៀង ​បន្ទាប់​ពី​ជ្រលង​សម្ពាធ​ទាប​បាន​នាំ​ទឹក​ភ្លៀង​មក​ធ្លាក់​នៅ​ប្រទេស កម្ពុជា អស់​ជាង​២​សប្តាហ៍​មក​ហើយ​។
តាម​សេចក្តី​ជូន​ដំណឹង​របស់​ ក្រសួង​ ធន​ធាន​ទឹក​និង​ឧតុនិយម​ពី​ថ្ងៃ​ចន្ទ​ថា ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​អូស​កាត់​និង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស កម្ពុជា​ អស់​រយៈពេល​ជាង​២​សបា្តហ៍​ហើយ ហើយ​ស្ថានភាព​បែប​នេះ​ នឹង​បន្ត​កើត​មាន​នៅ​កម្ពុជា ក្នុង​រយៈពេល​មួយ​សប្តាហ៍​បន្ត​ទៀត ​ដោយ​បង្ក​ឲ្យ​មាន​ភ្លៀងធ្លាក់​ខ្លាំង​រហូត​ដល់​ថ្ងៃទី​២៣​ ខែ​កញ្ញា​នេះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង នៅ​ខេត្ត​ឧត្តរ​មានជ័យ ព្រះវិហារ បន្ទាយមានជ័យ​ បាត់ដំបង ពោធិ៍សាត់​ កំពង់ឆ្នាំង​ សៀមរាប កំពង់ធំ កំពង់ស្ពឺ​ តាកែវ កណ្តាល ព្រៃវែង ​ស្វាយរៀង និង​ខេត្ត​កំពត។
សេចក្តី​ជូន​ដំណឹង​ដដែល​ក៏​បាន​អំពាវនាវ​ឲ្យ ៖ «ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែន​ដី និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ខាង​លើ​ ពិសេស​តំបន់​ជាប់​នឹង​ដងស្ទឹង សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀស​វាង​នូវ​គ្រោះថ្នាក់​ និង​ការ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​ផ្សេងៗ»។
លោក ហាក់ ពុទ្ធី​ ប្រធាន​ស្តីទី​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ធំ​ បាន​ប្រាប់​ថា ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជាប់​រហូត​ហើយ​កម្ពស់​ទឹក​ស្ទឹងសែន បាន​កើន​ពី​ ១៣,១២​ម៉ែត្រ​ នៅ​ថ្ងៃ​អាទិត្យ ដល់​១៣,១៥​ម៉ែត្រ​នៅ​ថ្ងៃ​ចន្ទ។ លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ វា​មិន​ទាន់​ដល់​១៣,៦០​ម៉ែត្រ​ ដែល​ជា​ចំណុច​ប្រកាស​អាសន្ន​ទេ ​ហើយ​មិន​ទាន់​បង្ក​ជា​គ្រោះមហន្តរាយ​ដែរ»។​
ទោះជាយ៉ាង ​ណា លោក ​កែវ វី​ អ្នក​នាំ​ពាក្យ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​អះអាង​ពី​ម្សិលមិញ​ថា ស្ថានភាព​ទឹក​ជំនន់ នៅ​ក្នុង​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​មិន​ទាន់​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បាន​ត្រៀម​លក្ខណៈ​ទប់​ទល់​រួច​រាល់​ហើយ។
លោក ​ កែវ វី មាន​ប្រសាសន៍​បន្ត​ថា ៖ «ជាទូទៅ​វាមិន​ទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ តែ​យើង​ប្រុង​ជាប់​ជានិច្ច​ក្រែង​លោ​ជំនន់​ទឹក​ភ្លៀង​ឡើង​កាន់​តែ​ខ្លាំង »។
លោក ​បន្ថែម​ថា ខេត្ត​កំពង់ធំ​អាច​ប្រឈម​នឹង​ការ​ជន់លិច​នៅ​ពេល​ខាង​មុខ ព្រោះ​ទឹក​ភ្លៀង​បាន​នឹង​កំពុង​ហូរ​ធ្លាក់​មក​ពី​ខេត្ត​ព្រះវិហារ តាម​ដង​ស្ទឹងសែន​ ឆ្ពោះ​មក​កាន់​ខេត្ត​នេះ​យ៉ាង​គំហុក​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។