Social Icons

Monday, September 10, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

After unsuccessful use of the Khmeng Wat gang, now Phnom Penh resort to using Moto Doop gang to oppose Boeung Kak Lake protesters

អ្នកស្រី ទេព វន្នី ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​អ្នក​បឹង​កក់ ឈ្មោះ យ៉ោម បុប្ផា ពី​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​តំបន់​បឹង​កក់។ (RFA/Sok Serey)


ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សិភាស់ ដឹកនាំ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ទាមទារ​ឲ្យ​បន្ត​ឃុំ​អ្នកស្រី យ៉ោម បុប្ផា។ RFA/Sok Serey


ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​បាតុកម្ម​ប្រឆាំង​ក្រុម​អ្នក​បឹង​កក់

នៅ​ថ្ងៃ​ទី​១០ កញ្ញា នេះ នៅ​ទីក្រុង​ភ្នំពេញ មាន​បាតុកម្ម​ចំនួន ២ នៅ​ថ្ងៃ​តែ​មួយ ផ្ដោត​លើ​បញ្ហា​តែ​មួយ ប៉ុន្តែ​គោល​បំណង​ខុស​គ្នា​ស្រឡះ។

2012-09-10

បាតុកម្ម​របស់​អ្នក​បឹង​កក់ ទាមទារ​សុំ​ឲ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌ ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​ចេញ​ពី​គុក​ព្រៃស។ ចំណែក​ឯ​បាតុកម្ម​មួយ​​ទៀត​ដែល​មាន​អ្នក​រត់​ម៉ូតូ​ឌុប​ចូល​រួម​ប្រមាណ ១០០​នាក់ បាន​ទាមទារ​សុំ​ឲ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌ បន្ត​ឃុំ​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា នោះ នៅ​ក្នុង​គុក​ព្រៃ​ស​បន្ត​ទៀត។

សកម្មជន​ទាមទារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​ដឹកនាំ​បាតុកម្ម​អហិង្សា​មួយ​មាន​មនុស្ស​ចូល​រួម​ចំនួន​ជាង ១០០​នាក់ នៅ​តំបន់​បឹងកក់​នោះ ដើម្បី​ទាមទារ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ក្រសួង​យុត្តិធម៌ ដោះលែង​អ្នកស្រី យ៉ាម បុប្ផា អាយុ ៣១​ឆ្នាំ ឲ្យ​មាន​សេរីភាព​ពី​គុក​ព្រៃ​ស។

បាតុកម្ម​នោះ​ត្រូវ​បាន​រារាំង​ដោយ​កង​កំលាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់ មិន​ឲ្យ​ដើរ​ក្បួន​ដាក់​ញត្តិ​ទាមទារ​នោះ​ទៅ​តុលាការ និង​ក្រសួង​យុត្តិធម៌​ទេ។

អ្នក​ភូមិ​បឹង​កក់ ឈ្មោះ​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​ក្រោយ​មក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ បង្ក​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា​ទី​២១៨ នៃ​ក្រមព្រហ្មទណ្ឌ។
អ្នកស្រី ទេព វន្នី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​កង​កំលាំង​ប្រដាប់​អាវុធ​ថា អ្នកស្រី យ៉ោម បុប្ផា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ខិលខូច​មួយ​ចំនួន​បាន​ប្រើប្រាស់​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ប្រឆាំង​ការ​ទាមទារ​ដោះ​លែង​នោះ


អ្នកស្រី ទេព វន្នី៖ «ផ្ដល់​ភាព​យុត្តិធម៌​ដល់​អ្នក​ស្រី យ៉ោម បុប្ផា ឲ្យ​គាត់​មក​នៅ​ក្រៅ​ឃុំ ដើម្បី​មក​ជួប​ជុំ​ក្រុម​គ្រួសារ​គាត់​សិន ព្រោះ​អី​គាត់​មិន​ទាន់​ក្លាយ​ជា​ជន​ល្មើស ដូច​តុលាការ​យក​ទៅ​ដាក់​ឃុំ​ខ្លួន ឬ​មួយ​ថា គាត់​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​ទេ»។


កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ អ្នក​ភូមិ​បឹងកក់​ទាំង​នោះ​បាន​ដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​ឧបនាយករដ្ឋមន្ត្រី សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា នោះ។

ផ្ទុយ​ពី​ការ​ទាមទារ​នេះ ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សុភាស់ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា នេះ​ដែរ ក៏​បាន​ដឹកនាំ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ចំនួន ១០០​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌​បន្ត​ឃុំ​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា នោះ​បន្ត​ទៀត ដោយ​បាន​ចោទ​ថា អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី បាន​បង្ក​ហិង្សា និង​របួស​ស្នាម​មក​លើ​ឈ្មោះ វ៉ាត ថៃសេង អាយុ ២៤​ឆ្នាំ និង​ឈ្មោះ ង៉ែត ចិត្ត អាយុ ២៨​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា កន្លង​ទៅ​នេះ។
លោក ឯ សុភាស់ បាន​ដាក់​ញត្តិ​នោះ​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជោគជ័យ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​តុលាការ​ថា លោក​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​បាន​ឆាប់៖ «តុលាការ​នឹង​វិនិច្ឆ័យ​រឿង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ដោះស្រាយ​ពាក់ព័ន្ធ​ករណី​រឿង​សមាជិក​យើង​ខ្ញុំ​ដែល​រង​គ្រោះ​ពិត​ប្រាកដ ដែល​មាន​អំពើ​ហិង្សា​ដោយ​ស្ថាន​ទម្ងន់​ធ្ងន់។ ...អ៊ីចឹង​ជន​ដែល​ប្រព្រឹត្ត​គឺ​ត្រូវ​តែ​ទទួល​ទោស គឺ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត និង​ការ​ព្យាបាល»។

ទាក់ទង​នឹង​សំណុំ​រឿង អ្នកស្រី យ៉ោម បុប្ផា នេះ​ដែរ ស្វាមី​របស់​អ្នកស្រី គឺ​លោក លួស សាខន អាយុ ៥៦​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ភរិយា​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ថ្ងៃ​កើត​ហេតុ​ប្រពន្ធ​ខ្ញុំ​គ្មាន​នៅ​កន្លែង​បង្ក​ហេតុ​ដោយ​ចេតនា និង​ជាក់ស្ដែង​ទេ ហើយ​បើ​មាន​អ្នក​ឃើញ​ប្រពន្ធ​ខ្ញុំ​វាយ​គេ​ពិត​ប្រាកដ​មែន ប្រពន្ធ​ខ្ញុំ​នឹង​ហ្នឹង​ទទួល​ទោស​តាម​ច្បាប់។ ...នេះ​គឺ​ជា​ការ​លាប​ពណ៌ ព្រោះ​ជន​រងគ្រោះ​ក៏​ខ្ញុំ​មិន​ដឹង​នៅ​ទី​ណា​ដែរ ហើយ​ក៏​គេ​មិន​ស្គាល់​ខ្ញុំ​ដែរ ហើយ​ចំណែក​ឯ​ពួក​ម៉ូតូ​ឌុប​ទាំង​អស់​នេះ ក៏​មិន​ដឹង​នៅ​ទី​ណា​ដែរ»។

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាម​ដាន​បាតុកម្ម​របស់​អ្នក​ភូមិ​បឹងកក់ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​គប្បី​ស្រាវជ្រាវ និង​ពិនិត្យ​មើល​អង្គហេតុ​នៃ​ករណី​នេះ​ឲ្យ​បាន​ជាក់លាក់៖ «ថា​តើ​ការ​ចាប់​អ្នកស្រី យ៉ោម បុប្ផា ហ្នឹង​វា​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់​ដែរ ឬ​ទេ ហើយ​តើ​មាន​ការ​ស៊ើប​អង្កេត​ហ្នឹង​បាន​ត្រឹមត្រូវ ឬ​មួយ​យ៉ាង​ម៉េច​នៅ​ឡើយ?»។

អ្នក​តាម​ដាន​ស្ថានការណ៍ និង​សំណុំ​រឿង​នេះ កំពុង​តែ​រង់ចាំ​មើល​ចំណាត់​ការ​របស់​តុលាការ​ថា តើ​អ្នកស្រី យ៉ោម បុប្ផា នោះ នឹង​ត្រូវ​បាន​ដោះលែង ឬ​បន្ត​ឃុំ​ខ្លួន​បន្ត​ទៀត​នៅ​គុក​ព្រៃ​ស​នោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។