ដោយ សេក បណ្ឌិត
2012-08-09
ក្នុងឱកាសឆ្លើយតបតាមសំណើរបស់សមាជិកសភារបស់គណបក្សប្រឆាំងអំពីបញ្ហាព្រំដែន នៅថ្ងៃ៩ សីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទថា ក្រុមអ្នកនយោបាយដែលធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ នោះ បច្ចុប្បន្ននេះនៅមានសេសសល់ ហើយពួកគេកំពុងចូលរួមជាមួយគណបក្ស សម រង្ស៊ី។លោក ហ៊ុន សែន បានហៅក្រុមអ្នកនយោបាយទាំអនោះ ថាជាពួកកាកសំណល់ ហើយពួកគេកំពុងចម្លងចូលគណបក្សប្រឆាំង សម រង្ស៊ី ហើយបានព្យាយាមយកបញ្ហាព្រំដែនធ្វើជាលេស រួចបានទម្លាក់កំហុស ឬចោទលោក (ហ៊ុន សែន) ថាបានកាត់ដីទៅឲ្យវៀតណាម។
លោកនាយករដ្ឋមន្ត្រីបានប្រៀបប្រដូចការចោទប្រកាន់របស់បក្សប្រឆាំងពេលនេះទៅនឹងសម័យ លោកសេនាប្រមុខ លន់ នល់ ដឹកនាំប្រទេសក្នុងឆ្នាំ១៩៧០ ដែលបានចោទសម្ដេច នរោត្តម សីហនុ ដែលកាលនោះជាប្រមុខរដ្ឋថា ព្រះអង្គបានលក់ដីឲ្យវៀតណាម ខាងជើង ដូចគ្នានៅពេលនេះដែរ។
លោក ហ៊ុន សែន៖ «មូលហេតុនេះ ជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការទម្លាក់សម្ដេច សីហនុ នៅឆ្នាំ១៩៧០។ គេថា សម្តេច សីហនុ លក់ដីឲ្យយៀកកុង ឬយួន យុទ្ធសាស្ត្របែបនេះកំពុងធ្វើនៅពេលនេះទៀតហើយ»។
លោក ហ៊ុន សែន ថ្លែងទៀតថា ក្រុមរិះគន់បញ្ហាព្រំដែននេះ កំពុងប្រើយុទ្ធសាស្ត្រព្រួយមួយបាញ់បានសត្វពីរ៖ «អស់លោកមិនត្រឹមតែវាយខ្ញុំទេ...! អស់លោកចង់វាយដល់អតីតព្រះមហាក្សត្រ ហើយនិងព្រះមហាក្សត្របច្ចុប្បន្នទៀត ដើម្បីរក្សាភាពស្របច្បាប់ និងមូលហេតុសមស្របនៃរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ពេលនោះគេរហូតតាក់តែងជាបទចម្រៀងទៀត...»។
ទាកទងបញ្ហានេះ តំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍នៅខាងក្រៅរដ្ឋសភា នៅថ្ងៃទី៩ សីហា ថា អ្វីដែលលោកនាយករដ្ឋមន្ត្រីថ្លែងមកនេះ ជាក្ដីព្រួយបារម្ភរបស់លោកពាក់ព័ន្ធនឹងរឿងអតីតកាល ហើយនាយករដ្ឋមន្ត្រីមិនគប្បីភ្ជាប់រឿងអតីតកាលមកនឹងរឿងបច្ចុប្បន្ននោះ ដោយចោទគណបក្សប្រឆាំងនោះទេ»។
សម្រាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ អាចធ្វើឲ្យចំណេញនយោបាយទៅខាងគណបក្សប្រជាជនដែលកំពុងកាន់អំណាច។ ប៉ុន្តែបរិយាកាសបែបនេះវាអាចជំរុញឲ្យសង្គមខ្មែរមានការបែកបាក់ ឬក៏ផ្ទុយពីគោលការបង្រួបបង្រួមជាតិ និងឯកភាពជាតិ។
លោក កែម ឡី៖ «ខ្មែរយើងច្រើនតែអ៊ីចឹង កាលណាបានកាន់អំណាចហើយ តែងតែវាយប្រហារអ្នកមុនៗ ខ្ញុំមិនបានគិតថា អ្នករបបមុនៗជាអ្នកកាកសំណល់ទេ ឬមួយជាអ្នកមិនល្អនោះទេ ទោះបីក្នុងចំណោមអ្នកធ្វើរដ្ឋប្រហារនោះក៏ដោយ ពីព្រោះអីរដ្ឋប្រហារមួយៗសុទ្ធតែមានមូលហេតុធំៗច្រើន»។
សង្គមគ្រួសារខ្មែរចាប់ផ្ដើមបែកបាក់ធ្ងន់ធ្ងរនៅក្រោយមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ដោយរបបសាធារណរដ្ឋដឹកនាំដោយលោកសេនាប្រមុខ លន់ នល់។ នៅក្រោយឆ្នាំ១៩៧០ កម្ពុជាក៏ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងបានអូសបន្លាយរហូតមកដល់អំឡុងឆ្នាំ១៩៩៩៕



0 comments:
Post a Comment