លោក កែវ រ៉េ មី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
RFI/Leang Delux
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានបំភ្លឺបញ្ហាមួយចំនួនទាក់ទងនឹងការចោទប្រកាន់របស់គណបក្សប្រឆាំងជុំវិញការត្រៀមរៀបចំការបោះឆ្នោតសាកលឆ្នាំក្រោយនេះ។ បញ្ហាសំខាន់មួយនោះគឺ មន្ត្រីរដ្ឋាភិបាលចង់ឆ្លើយបកទៅករណីប្រធានគណបក្សប្រឆាំងគឺលោកសម រង្ស៊ី ដែលមន្ត្រីរដ្ឋាភិបាលអះអាងថាជាអ្នកទោសមិនអាចឈរឈ្មោះបោះឆ្នោតបានឡើយ។ លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សជាអ្នកបកស្រាយបញ្ហាទាំងនេះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានធ្វើសន្និសីទកាសែតមួយនៅព្រឹកថ្ងៃពុធនេះ ដើម្បីបញ្ជាក់ឡើងវិញថា លោកសម រង្ស៊ីដែលកំពុងមានពិរុទ្ធមិនអាចចូលរួមបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយនេះបានឡើយ។
ការពន្យល់បែបនេះធ្វើឡើងដោយលោកកែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ខណៈដែលលោកកឹម សុខាប្រធានគណបក្សសិទ្ធិមនុស្សនិងបច្ចុប្បន្នបានក្លាយទៅជាសម្ព័ន្ធមិត្តរបស់គណបក្សសម រង្ស៊ីហើយនោះ បានធ្វើសេចក្តីថ្លែងការណ៍ចង់ឃើញលោកសម រង្ស៊ីត្រឡប់ចូលក្នុងប្រទេសនិងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ក្រោយនេះ។ លោកកឹម សុខាក៏មានគម្រោងលើកយកបញ្ហារបស់លោកសម រង្ស៊ីជាមួយសហគមន៍អន្តរជាតិផងដែរ។
សម្រាប់លោកកែវ រ៉េមី ករណីលោកប្រធានគណបក្សសម រង្ស៊ី គឺគ្រាន់តែជាការអនុវត្តន៍នីតិរដ្ឋដែលសង្គមស៊ីវិល និងគណបក្សប្រឆាំងចង់បានតែប៉ុណ្ណោះ។ ហើយដែលជាការអនុវត្តន៍ច្បាប់ទៅលើបុគ្គលម្នាក់ដែលមិនបានប៉ះពាល់ដល់ការចូលរួមបោះឆ្នោតជាពហុបក្សនោះទេ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដដែល បានបញ្ជាក់ប្រាប់អ្នកកាសែតថា បច្ចុប្បន្ននេះ ជាពេលវេលាដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រឹតត្បិតអំពីនីតិរដ្ឋ ហើយគ្មានទេការដោះស្រាយបែបមនោសញ្ចេតនាតាមរយៈការសម្របសម្រួលអោយលោកសម រង្ស៊ីដូចពេលមុនទៀតនោះ។
ប្រសិនបើលោកកឹម សុខា ចង់ស្វែងរកអន្តរាគមន៍ពីសហរដ្ឋអាមេរិកក្នុងសំណុំរឿងលោកសម រង្ស៊ី លោកកែវ រ៉េមីឆ្លើយថា សហរដ្ឋអាមេរិកមិនអាចដាក់សម្ពាធណាមួយ មកលើប្រទេសកម្ពុជាបានទេពីព្រោះកម្ពុជាជាប្រទេសអធិបតេយ្យនិងនីតិរដ្ឋមួយ៕







0 comments:
Post a Comment