Social Icons

Sunday, June 24, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាមេរិក​ស្វែងរក​​យុទ្ធជន​ខ្មែរ​បម្រើ​យោធា​អាមេរិក ក្នុង​សង្គ្រាម​ទសវត្ស ១៩៧០

 

2012-06-24
បន្ទាប់​ពី​ព្រឹទ្ធសភា​អាមេរិក​ប្រចាំ​រដ្ឋ​មីនីសូតា Minnesota បាន​អនុម័ត​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ ដែល​បាន​ជួយ​យោធា​សហរដ្ឋ​អាមេរិក ក្នុង​សង្គ្រាម​វៀតណាម​នោះ​មក តំណាង​អង្គការ​សភា​ខ្មែរ​ អន្តរជាតិ បាន​ប្រកាស​ស្វែង​រក​ឈ្មោះ​អតីត​យុទ្ធជន​ខ្មែរ​ទាំង​នោះ ដើម្បី​បង្កើត​ជា​បញ្ជី​រួម​មួយ ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជា​ពិសេស រដ្ឋ​អាជ្ញាធរ​ប្រចាំ​រដ្ឋ Minnesota ទទួល​ស្គាល់​ពួក​គេ។

សេចក្ដី​អនុម័ត​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ​នេះ គឺ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​ហើយ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​បាន​ផ្ដល់​កិត្តិយស​ដល់​ក្រុម​អតីត​យុទ្ធជន​ខ្មែរ បម្រើ​យោធា​អាមេរិក ដើម្បី​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​សង្គ្រាម​វៀតណាម ក្នុង​ទសវត្ស​ឆ្នាំ ១៩៧០។
«ពលរដ្ឋ​អាមេរិកាំង​ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​សោះ ដែល​បាន​ដឹង​ថា ខ្មែរ​បាន​ជួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ»។

ពលរដ្ឋ​ខ្មែរ​អាមេរិក ជា​អនុប្រធាន​សភា​ខ្មែរ​អន្តរជាតិ លោក ហឿន ហាច បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សេចក្ដី​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​របស់​សភា និង​ព្រឹទ្ធសភា រដ្ឋ Minnesota នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក និង​អតីត​យុទ្ធជន​ខ្មែរ​មួយ​ចំនួន ដែល​នៅ​រស់រាន​មាន​ជីវិត រួម​ជាមួយ​លោក Scott Walker ជា​នាយក​សភា​ខ្មែរ​អន្តរជាតិ។ លោក​បន្ត​ថា ក្រុម​អតីត​យុទ្ធជន​ខ្មែរ ចង់​បន្សល់​ទុក​ភស្តុតាង​ជា​ផ្លូវការ​មួយ ដែល​ទទួល​ស្គាល់​ដោយ​សហរដ្ឋ​អាមេរិក​ថា ពលរដ្ឋ​កម្ពុជា​កាល​ជំនាន់​នោះ បាន​ចូលរួម​បម្រើ​ការងារ​ក្នុង​យោធា​សហរដ្ឋ​អាមេរិក ហើយ​កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏​នឹង​ដឹង​ពី​ប្រវត្តិសាស្ត្រ​ទាំង​នេះ។
លោក ហឿន ហាច៖ «ខ្ញុំ និង​លោក Scott Walker ធ្លាប់​ឃើញ​ថា ខ្មែរ​យើង​ហ្នឹង មាន​សម្ពន្ធភាព​ជាមួយ​អាមេរិកាំង នៅ​ពេល​ខ្មែរ​យើង​ធ្លាក់​ក្នុង​សង្គ្រាម គាត់ និង​ខ្ញុំ​យល់​ថា ខ្មែរ​យើង​អតីត​ជា​យុទ្ធជន​ហ្នឹង​ចាស់ អ្នក​ខ្លះ​ចាស់​ជរា​ស្លាប់។ មួយ​ទៀត​គេ​សម្លាប់​បំបិទ​ភស្តុតាង​នៅ​ជំនាន់​កុម្មុយនិស្ត។ បើ​ខ្ញុំ​មិន​ធ្វើ​នូវ​ប្រវត្តិ​នេះ​ទេ ខ្មែរ​យើង​នៅ​ខាង​ក្រោយ អត់​ដឹង​រឿង​អតីត​យុទ្ធជន​ខ្មែរ​ជាមួយ​អាមេរិកាំង​ហ្នឹង​ណា៎។ ដូច្នេះ បាន​ជា​ខ្ញុំ​ហ្នឹង​ខំ​ធ្វើ»។
លោក ហឿន ហាច ក៏​បាន​អំពាវនាវ​ដល់​អតីត​យុទ្ធជន​ខ្មែរ​ទាំង​អស់ ដែល​នៅ​រស់រាន​មាន​ជីវិត​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​ក្រៅ​ប្រទេស ឲ្យ​បញ្ជូន​ឯកសារ​ទៅ​កាន់​អង្គការ​របស់​លោក ដើម្បី​ចុះ​ឈ្មោះ​ក្នុង​បញ្ជី។
ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី ក៍​បាន​សាក​សួរ​ថា តើ​មាន​ភស្តុតាង​អ្វី ដែល​សំអាង​ថា ជន​ម្នាក់​ ជា​អតីត​យុទ្ធជន​បម្រើ​ការងារ​ឲ្យ​យោធា​សហរដ្ឋ​អាមេរិក​នោះ? លោក ហឿន ហាច មាន​ប្រសាសន៍​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់ ពិបាក​រក​ឯកសារ​ណាស់ ព្រោះ​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម។ ប៉ុន្តែ ពួក​គេ​អាច​រៀបរាប់​ពី​ប្រវត្តិ​របស់​ពួក​គេ ដើម្បី​កំណត់​ថា តើ​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ការ​បម្រើ​យោធា​អាមេរិក​មែន​ឬ​អត់។
លោក ហឿន ហាច៖ «យើង​គ្មាន​ភស្តុតាង​ទេ។ ជួន​កាល​យើង​យក​រឿង​ហ្នឹង​ទៅ​តាម​សាច់​រឿង​គេ​និយាយ ហើយ​ជួន​កាល​គេ​អាច​បន្លំ ជួន​កាល​គេ​មិន​អាច​បន្លំ ពីព្រោះ​ថា ការ​ដែល​យើង​យក​សាច់​រឿង​មក យើង​ជឿ​ថា បុគ្គល​ហ្នឹង​គេ​និយាយ​ពិត​យើង​ក៏​យក​សម្ដី​បុគ្គល​ម្នាក់​គេ​និយាយ​រឿង​ដែរ»។
អតីត​យុទ្ធជន​ខ្មែរ និង​ជា​ពលរដ្ឋ​អាមេរិកាំង រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក សួស ហឿន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​មាន​ការ​ចងចាំ​ច្រើន​នូវ​រឿងរ៉ាវ​នៅ​សម័យ​នោះ លោក​បាន​លើក​ឡើង​ដែរ​ថា លោក​ធ្លាប់​បាន​ទៅ​ប្រយុទ្ធ​នឹង​ទាហាន​យៀកកុង វៀតណាម​ខាង​ជើង។
លោក សួស ហឿន៖ «ខ្ញុំ​ចូល​ជា BE ហើយ​ហ្នឹង​ខ្ញុំ​ទៅ​វ៉ៃ​នៅ​អ្នកលឿង​ហ្នឹង ព័ទ្ធ​អាម៉េរិកាំង​ហើយ។ ខ្ញុំ​សូម​ជម្រាប​ថា កាល​ឆ្នាំ ១៩៧០ អា​ហ្នឹង​វាយ​ជា​មួយ​យួន​ផ្ទាល់​ហើយ នៅ​សៀមរាប​ក្រឡាញ់។ដល់​តែ​វាយ​ជាមួយ​យួន​បែក​អស់​ហើយ​ហ្នឹង ក៏​ទៅ​បើក​ផ្លូវ​ទឹក​ពី​អ្នក​លឿង​ទៅ​ស្រុក​យួន តាម​ពារាំង​ក្រោម​លើ​ហ្នឹង។ វាយ​ខ្លាំង​ដែរ​មក​ពី​ហ្នឹង​វិញ បាន​ចូល​មក​ជិត​ភ្នំពេញ​ហ្នឹង។ កាល​ហ្នឹង គេ​ហៅ​យៀកកុង​យួន​ហ្នឹង»។
ទាក់ទង​នឹង​សេចក្ដី​សម្រេច​ចិត្ត​ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ​ដែល​ពី​រដ្ឋ Minnesota នេះ លោក ហឿន ហាច មាន​ប្រសាសន៍​ថា នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​មួយ ហើយ​បច្ចុប្បន្ន​នេះ អង្គការ​របស់​លោក​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ឲ្យ​ព្រឹទ្ធសមាជិក​នៃ​រដ្ឋ​ផ្សេង​ទៀត​ទទួល​ស្គាល់។
លោក​សង្ឃឹម​ថា នៅ​មាន​អតីត​យុទ្ធជន​ខ្មែរ​ជា​ច្រើន​ទៀត ដែល​នៅ​រស់ ហើយ​នឹង​ចេញ​មក​បង្ហាញ​ខ្លួន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ។ អតីត​យុទ្ធជន​ខ្មែរ អាច​ទាក់ទង​អង្គការ​របស់​លោក​បាន តាម​ការ​ផ្ញើ​សារ​អេឡិចត្រូនិច bonh@hotmail.com ឬ​ហៅ​ទូរស័ព្ទ​មក​លេខ ៦៥១​៤២៨​០៥០២។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។