Social Icons

Thursday, June 14, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាជ្ញាធរ​ចាប់​សកម្មជន​បក្ស​សម រង្ស៊ី ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​កៀនស្វាយ

 

2012-06-14
សកម្មជន​គណបក្ស សម រង្ស៊ី លោក មាស ប៉េង ត្រូវ​សមត្ថកិច្ច​ខេត្ត​កណ្ដាល ចាប់​ឃុំ​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​ផ្ដើម​អំពើ​ហិង្សា​ទៅ​លើ​ម្ចាស់​ដី នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ។

ក្រុម​គ្រួសារ និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​គណបក្ស​ប្រឆាំង​អំពាវ​នាវ​អោយ​តុលាការ​ខេត្ត​កណ្ដាល ដោះ​លែង​លោក មាស ប៉េង អោយ​មាន​សេរីភាព និង​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន​រូប​នេះ គឺ​ជា​ការ​បំភ័យ​បំបាក់​ស្មារតី​សំឡេង​ប្រឆាំង។
កូន​ស្រី​លោក មាស ប៉េង បាន​និយាយ​ថា ឪពុក​របស់​គេ​គួរ​តែ​ត្រូវ​ដោះ​លែង​អោយ​មាន​សេរី​ភាព ព្រោះ​គេ​ដឹង​ថា លោក​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។
មន្ត្រី​ស៊ើប​អង្កេត​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត ដែល​តាម​ដាន​ករណី​នេះ មាន​ប្រសាសន៍​ថា លោក មាស ប៉េង ត្រូវ​ចាប់​ខ្លួន​ដោយ​មូលហេតុ​ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី​ក្នុង​ឃុំ ដែល​រឿង​ក្តី​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ​នោះ។
លោក ចាន់ សុវ៉េត បន្ត​ថា លោក មាស ប៉េង គួរ​ត្រូវ​បាន​ដោះ​លែង​អោយ​មាន​សេរីភាព។ លោក​ថា ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស សម រង្ស៉ី នៅ​ពេល​នេះ អាច​មាន​ហេតុ​ផល​នយោបាយ​ច្រើន​ជាង​នីតិវិធី។

លោក មាស ប៉េង ធ្លាប់​ជា​ជំទប់​ទី​២ មក​ពី​គណបក្ស សម រង្ស៊ី នៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ត្រូវ​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២ និង​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ទៅ​តាម​ដីកា​របស់​សាលា​ដំបូង​ខេត្ត​នេះ។ លោក មាស ប៉េង ត្រូវ​ចោទ​ប្រកាន់​ពី​បទ អ្នក​ផ្ដួច​ផ្ដើម​គំនិត ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត។
សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស សម រង្ស៊ី ចេញ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ដែរ​នោះ បាន​អំពាវ​នាវ​អោយ​សាលា​ដំបូង​ខេត្ត​កណ្ដាល ដោះ​លែង​លោក មាស ប៉េង និង​ចាត់​ទុក​ថា ករណី​ចាប់​ខ្លួន​លោក មាស ប៉េង គឺ​ជា​ការ​គម្រាម​កំហែង​ផ្នែក​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង។
សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បង្ហាញ​ថា ការ​ចាប់​ខ្លួន​លោក មាស ប៉េង គឺ​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​លទ្ធផល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ បាន​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ប្រជាពលរដ្ឋ​ពី​មូលដ្ឋាន។
ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​ការ​គម្រាម​ទៅ​ដល់​អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី អោយ​មាន​ការ​ភ័យ​ខ្លាច ឬ​បាត់​បង់​ទំនុក​ចិត្ត​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក លឹម សុគន្ថា មាន​ប្រសាសន៍​ថា លោក​បំពេញ​តួនាទី​តាម​ច្បាប់ គឺ​ពុំ​បាន​ស្ថិត​ក្រោម​បញ្ជា​ភាគី​ណា​មួយ​ឡើយ។
កាល​ពី​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ រស់​ក្នុង​ឃុំ​បន្ទាយដែក កើត​មាន​ជម្លោះ​ដី​ធ្លី ជា​មួយ​ក្រុមហ៊ុន​របស់​លោក ប្រាក់ សាវុធ ជា​អភិបាលរង​ខេត្ត​ក្រចេះ។ ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី​នេះ ពលរដ្ឋ​៣​នាក់ ដោយ​រួម​ទាំង​លោក មាស ប៉េង ផង​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ។ បុរស​ម្នាក់​ឈ្មោះ ម៉ឹក ជា ត្រូវ​តុលាការ​កាត់​អោយ​ជាប់​ពន្ធនាគារ ចំណែក​បុរស​ម្នាក់​ទៀត​បាន​រត់​គេចខ្លួន។
បន្ទាប់​ពី​ជម្លោះ​ដី​ធ្លី​នេះ​បញ្ចប់ លោក មឹក ជា ត្រូវ​ដោះ​លែង​អោយ​មាន​សេរីភាព។ លោក មាស ប៉េង ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល ឃុំ​ខ្លួន​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​លោក ជួង ជូងី ដែល​ជា​មេធាវី​ការ​ពារ​ក្តី និង​លោក ចាន់ ចេង តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កណ្ដាល នាំ​យក​ពី​ពន្ធនាគារ​វិញ ដោយ​សំអាង​ថា ពុំ​មាន​ដីកា​តុលាការ​អោយ​ឃុំ​ខ្លួន។
ក្រោយ​មក​លោក ចាន់ ចេង ត្រូវ​រដ្ឋ​សភា​ដក​អភ័យ​ឯក​សិទ្ធិ និង​លោក ជួង ជូងី ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ក្រោម​បទ​ចោទ​ថា ផ្ដល់​មធ្យោបាយ​ឲ្យ​លោក មាស ប៉េង រត់​ចេញ​ពី​ការ​ឃុំ​ខ្លួន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។