Social Icons

Wednesday, May 16, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

Hun Sen authorities shot one women death in the land dispute in Kratie


អាជ្ញាធរ​រដ្ឋាភិបាល​បណ្តេញ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី នៅ​ក្រចេះ បណ្តាល​ឲ្យ​ស្លាប់​ក្មេងស្រី​ម្នាក់
អាជ្ញាធរ​រដ្ឋាភិបាល​បណ្តេញ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី នៅ​ក្រចេះ បណ្តាល​ឲ្យ​ស្លាប់​ក្មេងស្រី​ម្នាក់
©ម៉េងហួរ

ដោយ លី ម៉េងហួរ
កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ១.០០០ នាក់​បាន​បើក​ប្រតិបត្តិការ​ចូល​បណ្តេញ​ក្រុម​អ្នកទាមទារ​ដីធ្លី​នៅ​តំបន់​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​ថ្ងៃទី​ ១៦ ​ឧសភា​នេះ​។ ហេតុការណ៍​នោះ សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​ប្រហារ បណ្ដាល​ឲ្យ​ក្មេងស្រី​ម្នាក់ អាយុ ១៤ ឆ្នាំ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ​។ អ្នកស្រុក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​។ សមត្ថកិច្ច​រដ្ឋាភិបាល អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១.០០០ គ្រួសារ​បាន​ចូល​ទៅ​កាន់កាប់​ដី ដោយ​ខុស​ច្បាប់ និង​មាន​បំណង​បង្កើត​តំបន់​អបគមន៍​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ទីក្រុង​ភ្នំពេញ
16/05/2012 by លី ម៉េងហួរ
យ៉ាង​ហោច​ណាស់ មាន​ក្មេងស្រី​ម្នាក់ អាយុ ១៤ ឆ្នាំ ឈ្មោះ ហេង ចន្ថា បាន​ស្លាប់ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដើមទ្រូង ខណៈពេល​ដែល​កម្លាំង​ប្រដាប់អាវុធ​ចម្រុះ ដឹកនាំ​ដោយ​គណៈកម្មការ​រដ្ឋាភិបាល ចុះ​បង្ក្រាប និង​បណ្តេញ​ប្រជាពលរដ្ឋ ក្នុង​ជម្លោះ​ដីធ្លី នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ព្រឹក​មិញ​។ ប្រជាពលរដ្ឋ​ប្រមាណ ៣០ នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​មួយ​ចំនួន​ទៀត បាន​រត់​ភៀសខ្លួន​។ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដើម្បី​ការពារ​ចំពោះ​សកម្មភាព​របស់​សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល ដែល​បាន​បង្ក្រាប​លើ​ប្រជាពលរដ្ឋ ក្រោម​ហេតុផល​ថា ក្រុម​ប្រជាពលរដ្ឋ​ចង់​បង្កើត​តំបន់​អបគមន៍​។
សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ក្រុម​ប្រជាពលរដ្ឋ​នោះ ជា​ក្រុម​អនាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ប៊ុន រដ្ឋា ជា​មេក្លោង​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ស្លាក សមាគម​អ្នក​ប្រជាធិបតេយ្យ​។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ក៏​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវជាតិ​ជា​ច្រើន​លើក និង​ចាប់​ខ្លួន​យោធា ២ នាក់ បង្ខាំង​ទុក និង​បាន​ដក​ហូត​កាំភ្លើង​ពី​យោធា​នោះ ព្រមទាំង​កេណ្ឌ​ប្រជាពលរដ្ឋ​ដើម្បី​បង្កើត​ភូមិ​ថ្មី ជា​ដើម​។



សេចក្ដីថ្លែងការណ៍​បាន​លើក​ឡើង​ថា រាល់​ទង្វើ​ល្មើស​ច្បាប់​ដែល​ពួក​មេក្លោង​អនាធិបតេយ្យ​បាន​និង​កំពុង​ប្រព្រឹត្ត គឺ​ជា​ការ​ប្រឆាំង​នឹង​តួនាទី​អាជ្ញាធរ​រដ្ឋ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​នេះ គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​ឈាន​ទៅ​បង្កើត​តំបន់​អបគមន៍​។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ស្ថានភាព​ខាង​លើ​នេះ​បាន​ចាប់​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រើប្រាស់​វិធានការ​ស្របច្បាប់ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​រដ្ឋបាល​នៅ​តំបន់​នោះ​ឡើង​វិញ​។ សេចក្ដីថ្លែងការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បើក​ប្រតិបត្តិការ​ចូល​ទៅ​គ្រប់គ្រង​តំបន់​នោះ​ដោយ​ជោគជ័យ ហើយ​កំពុង​បន្ត​ស្វែង​រក​ចាប់ខ្លួន​មេក្លោង​អនាធិបតេយ្យ​ចំនួន ៥​នាក់​ដែល​មក​ពី​ខេត្ត​កំពង់ចាម រួម​ទាំង​ឈ្មោះ ប៊ុន​រដ្ឋា​។​

យ៉ាង​ណា​ក៏​ដោយ ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នៅ​ខេត្ត​ក្រចេះ​បាន​លើក​ឡើង​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​លើ​ប្រជាពលរដ្ឋ​នោះ កើត​ឡើង​ដោយសារ​តែ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​។

លោក អំ សំអាត សកម្មជន​សិទ្ធិមនុស្ស​លីកាដូ​បាន​ច្រានចោល​នូវ​ហេតុផល​របស់​អាជ្ញាធរ​ដែល​ថា ប្រជាពលរដ្ឋ​ចូល​កាន់កាប់​ដី​ជម្លោះ ហើយ​បង្កើត​ជា​តំបន់​អបគមន៍​ក្នុង​សម័យ​នេះ​។ ហេតុផល​ដូច​គ្នា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បណ្តេញ​​ប្រជាពលរដ្ឋ​នៅ​ឯ​ខេត្ត​កំពត កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​។ លោក អំ សំអាត បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី ដោយ​សន្តិវិធី និង​ស្វែង​រក​មុខ​ជន​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ប្រជាពលរដ្ឋ​នៅ​ព្រឹក​មិញ​។​

គណបក្ស​សមរង្ស៊ី​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការ​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​រាប់រយ​នាក់ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា ព្រម​ទាំង​ចាប់​ជន​ដៃដល់ និង​អ្នកបញ្ជា​ពី​ក្រោយ​ខ្នង​មក​ផ្តន្ទាទោស តាម​ច្បាប់​ជា​បន្ទាន់​។​

អ្នក​នាំពាក្យ​នគរបាលជាតិ លោក​ឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ បាន​បង្វែរ​សំណួរ​ទៅ​កាន់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្ត្រ ដែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ជុំវិញ​ព្រឹត្តិការណ៍​នៅ​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។