Social Icons

Wednesday, May 23, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្លាំង​ចម្រុះ​និង​កម្លាំង​អ្នក​ទោស​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​ព្រះសីហនុ

 

2012-05-23
កង​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​វែង ខ្លី​ប្រមាណ​ជា ៧០នាក់ និង​មាន​កម្លាំង​អ្នក​ទោស​នៃ​ពន្ធនាគារ​ជិត ២០​នាក់​ផង បាន​ចុះ​រុះរើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ក្រុម​ទី១៦ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​ច្រើន​ខ្នង នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​ឧសភា។
RFA/Chin Chetha
ពលរដ្ឋ​ប្រមូល​សម្ភារៈ​បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ចម្រុះ​រុះរើ​ផ្ទះ​របស់​គាត់ នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១២។
មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស ​រិះគន់​ថា សមត្ថកិច្ច​គួរ​តែ​ផ្ដល់​ដំណឹង និង​រក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាពលរដ្ឋ ហើយ​មិន​គួរ​ប្រើ​កម្លាំង​អ្នក​ទោស​មក​ធ្វើការ​រុះរើ និង​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ពលរដ្ឋ​នោះ​ទេ។
ក្រុម​អ្នក​ទោស ដែល​អាជ្ញាធរ​បញ្ជា​ចុះ​ឲ្យ​រុះរើ លំនៅ​ឋាន​ពលរដ្ឋ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​បែក​ក្បាល និង​សន្លប់​ភ្លាមៗ នៅ​ខណៈ​ដែល​គាត់​ព្យាយាម​ទៅ​ហាមឃាត់​គេ​កុំ​ឲ្យ​រុះរើ​ផ្ទះ និង​កាប់​ទ្រើង​ននោង​របស់​គាត់​ចោល។
ប្រជាពលរដ្ឋ​រង​គ្រោះ​ឈ្មោះ ម៉ម វណ្ណា អាយុ ៥២​ឆ្នាំ លោក​មាន​ប្រសាសន៍​ថា លោក​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​ទៅ​ហាម​ឃាត់​ក្រុម​អ្នក​ទោស ដែល​មាន​បញ្ជា​ពី​សមត្ថកិច្ច​ចម្រុះ​ឲ្យ​ចុះ​មក​ប្រតិបត្តិការ​នា​ពេល​នោះ មិន​ឲ្យ​រុះរើ​រោង និង​ទ្រើង​ននោង​ហូប​ផ្លែ​របស់​គាត់។ លោក​បញ្ជាក់​ថា នៅ​ពេល​ប៉ះទង្គិច​ជា​មួយ​ក្រុម​អ្នក​ទោស​នោះ រូប​គាត់​ត្រូវ​គេ​ចាប់​វាយ​ខ្នោះ និង​វាយ​បែក​ក្បាល​ហូរ​ឈាម ហើយ​សន្លប់​បាត់​ស្មារតី។

អ្នក​ស្រី នូ សំ មាន​ប្រសាសន៍​ថា អ្នក​ស្រី​បាន​ឃើញ​ហេតុការណ៍​វាយ​តប់​គ្នា​ផ្ទាល់​ភ្នែក ហើយ​បាន​រត់​ចូល​ទៅ​ជួយ​ទៀត​ផង។ អ្នក​ស្រី​បញ្ជាក់​ថា អ្នក​ស្រី​ជា​ស្ត្រី​មេម៉ាយ មាន​កូន ៧នាក់​ក្នុង​បន្ទុក ហើយ​បាន​មក​រស់​នៅ​ទី​នេះ​ជិត ១០ឆ្នាំ​ហើយ។ ក្រោយ​ពី​ការ​រុះ​រើ ដោយ​អត់​មាន​សំណង​នេះ ក្រុម​គ្រួសារ​គាត់​មិន​ដឹង​ថា​ទៅ​រស់​នៅ​កន្លែង​ណា​ទៀត​នោះ​ទេ។ អ្នកស្រី​បាន​ស្រែក​សុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​គិត​គូរ​ដល់​ពួក​គាត់ ដែល​កំពុង​រង​គ្រោះ​នេះ​ផង។
មន្ត្រី​សម្រប​សម្រួល នៃ​អង្គការ លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក បួន ណារិទ្ធិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​យក​អ្នក​ទោស ដែល​កំពុង​ជាប់​ឃុំ​មក​ធ្វើ​ការ​រុះរើ​លំនៅ​ឋាន និង​ប្រើ​ហិង្សា​វាយ​ដំ​មក​លើ​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា អ្នក​ទោស​គួរ​តែ​ត្រូវ​បាន​ដាក់​ទោស ឬ​ត្រូវ​ធ្វើ​ការ​នៅ​ក្នុង​ពន្ធនាគារ បើ​ទោះ​បី​ជា​អ្នក​ទោស​ទាំង​នោះ​ជិត​រួច​ទោស​ពី​ពន្ធនាគារ​ក៏​ដោយ។
ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ លោក សំ សុផល មាន​ប្រសាសន៍​ថា លោក​ត្រូវ​តែ​បញ្ចេញ​កម្លាំង​ពន្ធនាគារ ដោយ​សារ​តែ​ដី​នោះ គឺ​ជា​ដី​របស់​រដ្ឋ ដែល​សាលា​ខេត្ត​ប្រគល់​ឲ្យ​អង្គភាព​ពន្ធនាគារ ដើម្បី​សាងសង់​ពន្ធនាគារ​ជំនួស​ទីតាំង​ចាស់ ដែល​មាន​ទីធ្លា​តូច​ចង្អៀត​ពេក។ លោក​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០​គ្រួសារ ទើប​តែ​មក​តាំង​ទីលំនៅ​អនាធិបតេយ្យ​ថ្មីៗ​នេះ​ទេ។ ឥឡូវ​នេះ ក្រុម​ការងារ​របស់​លោក បាន​បោះ​ព្រំប្រទល់​ដី​ហើយ ហើយ​ដី​ដែល​ត្រូវ​បោះ​បង្គោល​នោះ​មាន​ទំហំ​ពី៤ ទៅ៥ ហិកតារ ដើម្បី​ទុក​សាងសង់​ពន្ធនាគារ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា នឹង​សាងសង់​នៅ​ពេល​ណា ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ។
លោក​បញ្ជាក់​ថា ពន្ធនាគារ​ខេត្ត​ព្រះសីហនុ នៅ​សង្កាត់​លេខ៣ នា​ពេល​បច្ចុប្បន្ន​មាន​ទំហំ ៩០អារ ហើយ​មាន​អ្នក​ទោស​ជិត ៤០០នាក់។ ទើប​ថ្មីៗ​នេះ អង្គភាព​ពន្ធនាគារ​ខេត្ត ទទួល​បាន​គម្រោង​សាងសង់​ពី​ក្រសួង​មហាផ្ទៃ​ឲ្យ​បាន​ធំ​ទូលាយ​ជាង​មុន ស្ថិត​នៅ​ចំណុច​ក្រុម​ទី១៦ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។