Social Icons

Monday, May 14, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក សុន ឆ័យ ចោទ​លោក ហ៊ុន សែន ថា​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ

 

2012-05-14
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​គេច​មិន​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​រដ្ឋ​សភា។
RFA/Den Ayuthyea
តំណាង​រាស្រ្ដ​គណបក្ស​ សម រង្ស៊ី លោក សុន ឆ័យ
លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ដោយ​ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ ព្រោះ​លោក ហ៊ុន សែន មិន​បាន​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​ទាក់ទង​កិច្ច​ប្រជុំ​អាស៊ាន វិនាសកម្ម​ព្រៃឈើ និង​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ជាដើម ដែល​សមាជិក​សភាព​របស់​គណបក្ស សម រង្ស៊ី ស្នើ​កន្លង​មក។
បន្ថែម​លើ​នេះ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ក៏​ចោទ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ថា មិន​បាន​បញ្ជូន​សំណួរ​​សមាជិក​សភា​របស់​ខ្លួន ដែល​ស្នើ​កោះ​ហៅ​ប្រមុខ​រដ្ឋាភិបាល​ទៅ​ឆ្លើយ​បំភ្លឺ​​ក្នុង​រដ្ឋ​សភា​ថែម​ទៀត។
លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​លោក​បាន​ធ្វើ​លិខិត​ជា​ផ្លូវការ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មក​ពន្យល់​ពី​កិច្ច​ប្រជុំ​អាស៊ាន វិនាសកម្ម​ព្រៃឈើ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ ប៉ុន្តែ​ភាគ​តិច​បាន​ឆ្លើយ​បំភ្លឺ។

លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ ឬ​សមាជិក​សភា មាន​សិទ្ធ​ស្រប​ច្បាប់​តាម​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​កោះ​អញ្ជើញ​ឲ្យ​ប្រមុខ​ដឹកនាំ ឬ​រដ្ឋមន្ត្រី​តាម​ក្រសួង​មក​បំភ្លឺ​បញ្ហា​មិន​ប្រក្រតី ដែល​កើត​​មាន​នៅ​ទូទាំង​ប្រទេស។
ឆ្លើយ​តប​បញ្ហា​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ច្រាន​ចោល​​​​ពាក្យ​ចោទ​របស់​មន្ត្រី​បក្ស​ប្រឆាំង ដោយ​លោក​អះអាង​ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​មិន​ធ្វេសប្រហែស​ចំពោះ​លិខិត ឬ​សំណើ​បក្ស​ប្រឆាំង​ទេ។ លោក​បន្ត​ថា មាន​សំណើ​មន្ត្រី​បក្ស​ប្រឆាំង​ជាង ៩០​ភាគរយ ត្រូវ​បាន​ប្រមុខ​ដឹកនាំ​បក​ស្រាយ​ក្នុង​អាណត្តិ​ទី​៤ នៃ​រដ្ឋសភា។ លោក​បាន​ចាត់​ទុក​ការ​ចោទ​របស់​មន្ត្រី​បក្ស សម រង្ស៊ី ធ្វើ​ឡើង​ដោយ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ទេ។
លោក​សង្កត់​ធ្ងន់​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​បាន​ចេញ​បទ​បញ្ជា​ទៅ​មន្ត្រី​ពាក់​ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ដី​សម្បទាន​​សេដ្ឋកិច្ច និង​ការ​ទប់​ស្កាត់​ការ​បំផ្លាញ​​ព្រៃឈើ​ជាដើម។
ទោះ​ជា​បែប​នេះ​ក្ដី លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ ក្នុង​ចំណោម​លិខិត ឬ​សំណើ​របស់​សមាជិក​បក្ស​ប្រឆាំង ដែល​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​ជាតិ​ធំៗ​ជាង ១៥០​ករណី មាន​​បញ្ហា​បោះ​បង្គោល​​​ព្រំដែន​ជាមួយ​​វៀតណាម ជាដើម ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​មក​ឆ្លើយ​បំភ្លឺ​មិន​បាន ៥០ភាគ​រយ​ផង​ទេ ពិសេស​ការ​ឆ្លើយ​តប​របស់​លោក ហ៊ុន សែន តាម​របៀប​បញ្ឈឺ និង​យឺតយ៉ាវ មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។
លោក សុន ឆ័យ បាន​រំលឹក​ឲ្យ​លោក ហ៊ុន សែន ចងចាំ​សេចក្ដី​ប្រកាស​របស់​ខ្លួន​កន្លង​មក ដែល​​ប្រកាស​ថា បើ​អ្នក​ណា​រំលោភ​រដ្ឋធម្មនុញ្ញ​គាត់​កម្ទេច​ចោល ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​អនុវត្ត​ខ្លួន​ឯង​ផង។
ទោះ​យ៉ាង​ណា​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​ថា នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​អាច​ចូល​បំភ្លឺ​រដ្ឋ​សភា​​ផ្ទាល់​មាត់​ក៏​បាន ឬ​ឆ្លើយ​តប​តាម​រយៈ​លិខិត​​​តប​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​ក៏បាន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។