បងទីមួយ ប៉ុល ពត ត្រូវតាម៉ុកចាប់ខ្លួន និងកាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះ ហើយបានស្លាប់នៅឆ្នាំ១៩៩៨
AFP
រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ផ្តួលរំលំ នៅឆ្នាំ១៩៧៩។ ប៉ុន្តែ ដោយមានការគាំទ្រពីសំណាក់ប្រទេសមួយចំនួន ដូចជា អាមេរិក ចិន និងថៃ ជាដើម ខ្មែរក្រហមបានបន្តជីវិតនយោបាយ និងយោធារបស់ខ្លួនតទៅទៀត។ ប្រមាណ២០ឆ្នាំក្រោយមក ទើបអង្គការចាត់តាំងខ្មែរក្រហម ទាំងខាងយោធា និងខាងនយោបាយ ត្រូវរលំរលាយជាស្ថាពរ។
នៅចុងទសវត្សរ៍ឆ្នាំ៨០ សង្រ្គាមត្រជាក់បានចាប់ផ្តើមថមថយបន្តិចម្តងៗ។ ក្រោយពីមាននយោបាយកំណែទ្រមង់ “Perestroika” របស់លោកប្រធានាធិបតីសហភាពសូវៀត Mikhaïl Gorbatchev សហភាពសូវៀតក៏បានដួលរលំ នៅចុងឆ្នាំ១៩៩១។
ចំណែកប្រទេសចិនវិញ ដោយមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក៏បានចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចរបស់ខ្លួនដែរ គឺបោះបង់សេដ្ឋកិច្ចផែនការ ហើយបែរមកចាប់យកនយោបាយសេដ្ឋកិច្ចទីផ្សារសេរីវិញ។
នៅប្រទេសថៃ មេដឹកនាំយោធាចាប់ផ្តើមថមថយឥទ្ធិពល ឯអ្នកនយោបាយស៊ីវិលចាប់ផ្តើមមានអំណាចខ្លាំងឡើងៗ។ អ្នកនយោបាយស៊ីវិលថៃ ដែលភាគច្រើនផ្តោតចិត្តទៅលើផ្នែកជំនួញនោះ ចង់ឲ្យវិវាទយោធាក្នុងតំបន់បញ្ចប់ឆាប់ៗ ហើយមិនចង់ឃើញថៃបន្តគាំទ្រខ្មែរក្រហម និងប្រជែងជាមួយវៀតណាមរហូតនោះទេ។
វៀតណាមវិញ ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ហើយជំនួយពីសហភាពសូវៀតក៏ត្រូវបានកាត់បន្ថយទៀតនោះ ក៏ចាប់ផ្តើមមានការខ្វះខាតធនធានក្នុងការរក្សាទ័ពនៅលើទឹកដីកម្ពុជា។
កត្តាទាំងនេះហើយដែលជំរុញឲ្យភាគីជម្លោះចាប់ផ្តើមងាកមករកការចរចាវិញម្តង ដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃ នៅកម្ពុជា។ ម្យ៉ាងទៀត នៅពេលនោះ គេសង្កេតឃើញមានប្រទេសមួយចំនួន ដូចជា បារាំង អូស្រ្តាលី និងឥណ្ឌូណេស៊ី ជាដើម បានចូលធ្វើអន្តរាគមន៍ បញ្ចុះបញ្ចូលចិន និងអាមេរិក ឲ្យបញ្ចប់ជម្លោះនៅកម្ពុជា។
វៀតណាមដកទ័ពពីកម្ពុជា
នៅខែកញ្ញា ឆ្នាំ១៩៨៩ កងទ័ពវៀតណាមក៏បានដកចេញពីកម្ពុជា។ ឯរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយប្តូរឈ្មោះមកជា “រដ្ឋកម្ពុជា” វិញ ដើម្បីបញ្ជាក់ពីការងាកចេញពីឥទ្ធិពលកុម្មុយនិស្តវៀតណាម។
ចំណែកពួកខ្មែរក្រហមវិញ ដោយជំនួយផ្នែកយោធាពីសំណាក់អាមេរិក ចិន និងថៃ ត្រូវកាត់បន្ថយនោះ ក៏បានចាប់ផ្តើមវាតទីដណ្ដើមកាន់កាប់ទឹកដីកម្ពុជា នៅប៉ែកខាងលិច និងពាយ័ព្យ ដែលជាទីកន្លែងសម្បូរព្រៃឈើ និងត្បូងមានតម្លៃ។ ដោយការលក់ព្រៃឈើ និងត្បូងទៅឲ្យឈ្មួញថៃ ពួកខ្មែរក្រហមក៏ចាប់រស់ដោយខ្លួនឯងបាន ដោយមិនពឹងជំនួយបរទេស។
ពួកខ្មែរក្រហមបានរំពឹងថា នៅពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា រដ្ឋាភិបាលក្រុងភ្នំពេញនឹងធ្លាក់ចុះទន់ខ្សោយ។ ក៏ប៉ុន្តែ ផ្ទុយស្រឡះទៅវិញ រដ្ឋកម្ពុជាបែរជាមានកម្លាំងខ្លាំងឡើង។ នយោបាយសេដ្ឋកិច្ចទីផ្សារសេរី និងសិទ្ធិសេរីភាពខាងការគោរពសាសនា ដែលរដ្ឋកម្ពុជាបានចែង នៅក្នុងរដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួនបានទាក់ទាញការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា។
នៅក្នុងអំឡុងពេលនោះ កម្លាំងទ័ពខ្មែរក្រហម និងកម្លាំងទ័ពរដ្ឋកម្ពុជាមានកម្លាំងប្រហាក់ប្រហែលគ្នា ហើយតែងតែប៉ះប្រយុទ្ធគ្នាជាញឹកញាប់ក្នុងសមរភូមិ។
ខ្មែរក្រហមចុះកិច្ចព្រមព្រៀងក្រុងប៉ារីស
ក្នុងពេលជាមួយគ្នា កិច្ចចរចាចតុភាគី ពោលគឺរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្សសង្រ្គោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សាន និងខ្មែរក្រហម កំពុងប្រព្រឹត្តធ្វើ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅក្នុងការចរចាក្រៅផ្លូវការ លើកទីពីរ ដែលធ្វើនៅហ្សាការតា នៅថ្ងៃទី៩ និងទី១០ កញ្ញា ឆ្នាំ១៩៩០ ភាគីជម្លោះបានព្រមព្រៀងគ្នាបង្កើត “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់" ដោយមាន សម្តេច នរោត្តម សីហនុ ជាប្រធាន និងមានសមាជិកចំនួន១២រូប (៦រូប មកពីភាគីរដ្ឋកម្ពុជា និង៦រូប មកពីរដ្ឋាភិបាលចម្រុះត្រីភាគី)។ ភាគីនីមួយៗ ក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី បញ្ជូនតំណាងរបស់ខ្លួនពីររូបមកធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិនេះ ក្នុងនោះ៖
ភាគីទាំងបួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងសន្និសីទអន្តរជាតិ ដែលបានរៀបចំធ្វើ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ខ្មែរក្រហមដកខ្លួនពីកិច្ចព្រមព្រៀងក្រុងប៉ារីស
ក្រោយពីចុះកិច្ចព្រមព្រៀងក្រុងប៉ារីស ភាគីកម្ពុជាប្រជាធិបតេយ្យ (ឬខ្មែរក្រហម) ក៏បានប្រែក្លាយខ្លួនទៅជា គណបក្សកម្ពុជាប្រជាធិបតេយ្យ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោត ដែលត្រូវរៀបចំធ្វើ នៅខែឧសភា ឆ្នាំ១៩៩៣ ក្រោមការរៀបចំរបស់អ.ស.ប.។ ក៏ប៉ុន្តែ ក្រោយមក ខ្មែរក្រហមបានប្រកាសធ្វើពហិការឈប់ចូលរួមក្នុងការបោះឆ្នោតនេះវិញ ព្រមទាំងបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៀតផង ដោយអះអាងថា កងទ័ពវៀតណាមនៅមិនទាន់បានដកចេញអស់ពីកម្ពុជានៅឡើយ។ ក៏ប៉ុន្តែ មូលហេតុពិត ប្រហែលជាខ្មែរក្រហមមិនមានជំនឿលើខ្លួនឯងថានឹងអាចទទួលជោគជ័យក្នុងការបោះឆ្នោតនេះ ជាពិសេស ក្រោយពីមើលឃើញព្រឹត្តិការណ៍បះបោរប្រឆាំងនឹង ខៀវ សំផន និង សុន សេន ពេលដែលពួកគេបានធ្វើដំណើរចូលមកភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដើម្បីបំពេញមុខងារជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
បើទោះជាក្នុងហេតុផលណាមួយក៏ដោយ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស បានធ្វើឲ្យខ្មែរក្រហមក្លាយទៅជាក្រុមឧទ្ទាមក្រៅច្បាប់។ សហគមន៍អន្តរជាតិលែងទទួលស្គាល់ខ្មែរក្រហមជារដ្ឋាភិបាលនិរទេសដូចមុនទៀតហើយ។
មេដឹកនាំខ្មែរក្រហមចុះចូលជាមួយរដ្ឋាភិបាល
នៅឆ្នាំ១៩៩៦ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរក្រហម បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាថ្នូរនឹងការលើកលែងទោស ពីព្រះមហាក្សត្រខ្មែរ។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត បានបញ្ជាឲ្យគេសម្លាប់សុន សេន ព្រមទាំងក្រុមគ្រួសារ ដោយចោទថា សុន សេន បានព្យាយាមចរចាសុំចុះចូលជាមួយរដ្ឋាភិបាលដូច អៀង សារី ដែរ។ ក្រោយពីបានសម្លាប់ សុន សេន រួចហើយ ប៉ុល ពត បានព្យាយាមរត់គេចខ្លួនចេញទៅក្រៅប្រទេស ប៉ុន្តែ ត្រូវបានទាហានខ្មែរក្រហមក្រោមបញ្ជារបស់តាម៉ុក ចាប់ខ្លួន។ នៅឆ្នាំ១៩៩៨ មេដឹកនាំជាន់ខ្ពស់ពីររូបទៀតរបស់ខ្មែរក្រហម គឺ ខៀវ សំផន អតីតប្រមុខរដ្ឋ និង នួន ជា អតីតប្រធានរដ្ឋសភា និងជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជា ក៏បានចុះចូលជាមួយរដ្ឋាភិបាលដែរ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៨ ប៉ុល ពត ក៏បានស្លាប់បាត់ទៅទៀត ដែលធ្វើឲ្យខ្មែរក្រហមនៅសល់តែមេដឹកនាំម្នាក់ប៉ុណ្ណោះ គឺ តាម៉ុក។ នៅខែមីនា ឆ្នាំ១៩៩៩ តាម៉ុក ដែលជាមេដឹកនាំចុងក្រោយរបស់ខ្មែរក្រហម ក៏ត្រូវបានទាហានរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនយកទៅដាក់ឃុំនៅភ្នំពេញ។ ពេលនោះហើយដែលអង្គការចាត់តាំងខ្មែរក្រហម ទាំងខាងយោធា និងខាងនយោបាយត្រូវបានរលំរលាយជាស្ថាពរ។
មេដឹកនាំខ្មែរក្រហមប្រឈមមុខនឹងការកាត់ទោស
នៅពេលនេះ ជាង៣០ឆ្នាំ ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ អតីតមេដឹកនាំកំពូលៗរបស់ខ្មែរក្រហមកំពុងប្រឈមមុខនឹងការកាត់ទោសចំពោះបទឧក្រិដ្ឋ ដែលពួកគេបានប្រព្រឹត្តក្នុងពេលកាន់អំណាច។ អៀង សារី និងខៀវ សំផន បានទទួលស្គាល់ថា ក្នុងពេលដែលពួកគេកាន់អំណាច គឺពិតជាមានការសម្លាប់រង្គាលមែន ក៏ប៉ុន្តែ នៅក្នុងតុលាការ មិនមានអ្នកណាម្នាក់មានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវលើបទឧក្រិដ្ឋនេះទេ ដោយម្នាក់ៗព្យាយាមឆ្លើយដោះសារថា មិនបានដឹងរឿង ឬមិនមានអំណាច។
ចំណែកនួន ជា វិញ ដែលជាមនុស្សមានអំណាចទីពីរ បន្ទាប់ពី ប៉ុល ពត មិនត្រឹមតែមិនទទួលស្គាល់កំហុសរបស់ខ្លួននោះទេ តែថែមទាំងអះអាង នៅក្នុងអង្គសវនាការថា ខ្មែរក្រហម គឺជាអ្នកស្នេហាជាតិ លះបង់សាច់ញាតិ ប្តូរជីវិត ដើម្បីការពារប្រទេសពីការឈ្លានពានរបស់វៀតណាម។
ជាទូទៅ គេសង្កេតឃើញថា នៅពេលនិយាយដល់ការសម្លាប់រង្គាលប្រជាជនកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំខ្មែរក្រហមស្ទើរតែទាំងអស់ នាំគ្នាឆ្លើយទម្លាក់កំហុសទៅលើអ្នកដទៃ ជាពិសេស ទៅលើវៀតណាម និងទៅលើ ប៉ុល ពត ដែលបានស្លាប់បាត់ទៅហើយ៕

- តំណាងហ្វ៊ុនស៊ិនប៉ិច មានសម្តេច នរោត្តម រណឫទ្ធិ និង លោកចៅសែនកុសល ឈុំ
- តំណាងរណសិរ្សសង្រ្គោះប្រជាពលរដ្ឋខ្មែរ មាន លោកតាសឺន សាន និងលោកអៀង ម៉ូលី
- តំណាងខ្មែរក្រហម មាន ខៀវ សំផន និង សុន សេន

0 comments:
Post a Comment