Social Icons

Saturday, January 7, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​ផ្តន្ទាទោស ម៉ឹក ដារ៉ា​និង​ជា ឡេង ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត



លោក ណុប វីរៈ មន្ត្រី​អង្កេត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ជា ឡេង អតីត​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ ដែល​ពាក់​ព័ន្ធ​ពុករលួយ​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​ ជាមួយ​ម៉ឹក ដារ៉ា ត្រូវ​បាន​ចៅ​ក្រម​ជំនុំ​ជម្រះ​ ៣ ​រូប សម្រេច​កាល​ពី​ព្រឹក​ថ្ងៃ​ ៥ មករា ដាក់​ទោស​មួយ​ជីវិត​ទាក់ទិន​នឹង​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ដ៏ធំ​។
លោក ​ថ្លែង​ថា ការ​ប្រកាស​ដែល​មាន​វត្តមាន​ម៉ឹក​ ដារ៉ា និង​ជា ឡេង ដែល​មាន​ចៅក្រម​បីរូប​គឺ​ប្រធាន​ក្រុម​ប្រឹក្សា លោក​ចៅក្រម អ៊ិត សម្ផស្ស​ ចៅក្រម ធាម ច័ន្ទ​ពិសិដ្ឋ និង​ចៅក្រម អ៊ឹម វណ្ណៈ បាន​ឲ្យ​ដឹង​ថា៖ «ម៉ឹក​ ដារ៉ា ជាឡេង និង​ម៉ន ឌឿន បាន​យក​ស្ថាប័ន​រដ្ឋ​មក​ប្រព្រឹត្ត​អំពើ​ពុករលួយ​កែ​អង្គហេតុ​ និង​បន្ធូរ​បន្ថយ​ទោស​ជន​ល្មើស​គ្រឿង​ញៀន​»។

ម៉ឹក ដារ៉ា និង ជា ឡេង ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​មករា​ ឆ្នាំ​២០១១​ ក្រោម​ការ​ឆ្លើយ​ដាក់​ពី​អតីត​ស្នង​ការ​ខេត្ត​បន្ទាយ​មានជ័យ ហ៊ុន ហ៊ាន និង​ស្នងការ​រង​ ឈៀង​ សុន​ ដែល​អ្នក​ទាំង​ពីរ​នេះ ត្រូវ​តុលាការ​ខេត្ត​ បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ ៤​ឆ្នាំ​។
លោក​ចៅក្រម​ ធាម ច័ន្ទពិសិដ្ឋ បាន​ថ្លែងថា សាលក្រម​ ដែល​ប្រកាស កាល​ពី​ម្សិលមិញ​ក៏​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ដែល​រត់​គេច​ ខ្លួន ម៉ន ឌឿន ដែល​បាន​កាត់​ទោស​កំបាំង​មុខ​ត្រូវ​ទទួល​ទោស​​ចំនួន​ ២៥ ​ឆ្នាំ។ លោក​ថ្លែង​ថា៖​«យើង​មាន​ដីកា​ឲ្យ​ចាប់​ខ្លួន​គាត់ (ម៉ន ឌឿន)»។
លោក ណុប វីរៈ បាន​ឲ្យ​ដឹង​ថា​ តុលាការ​ ក៏​បាន​ពិន័យ​ជា​ប្រាក់​ដល់​ម៉ឹក​ ដារ៉ា ប្រាក់​គុណ​នឹង​ពីរ​នៃ​ប្រាក់​ស៊ី​សំណូក កាល​ខ្លួន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២២ ម៉ឺន ៥ ពាន់​ ៤ រយ​ដុល្លារ​ និង​ឲ្យ​គាត់​បង់​ប្រាក់​១០ ម៉ឺន​ដុល្លារ​សម្រាប់​ការ​កេង​ប្រវ័ញ្ច​យក​ទៅ​សង់​គេហដ្ឋាន​ខ្លួន​ឯង។ តុលាការ​ក៏​បាន​ដក​ហូត​ដី​ ២ កន្លែង​នៅ​កំពង់ចាម ១ កន្លែង ​នៅ​ស្រុក​បាណន់​ខេត្ត​បាត់​ដំបង និង​ប្រាក់​ក្នុង​ធនាគារ​ចំនួន​ជាង ៨​ ម៉ឺន ៧​ពាន់​ដុល្លារ​ ទុកជា​សម្បត្តិ​រដ្ឋ។
មន្ត្រី​អងេ្កត​បន្តថា សាលក្រម​នេះ​ និយាយ​ថា ម៉ឹក​ ដារ៉ា និង​ជា ឡេង​ មិន​ព្រម​ផ្តល់​សក្ខីកម្ម​បង្ហាញ​ការពិត​ដល់​តុលាការ ហើយ​និយាយ​ពង្វាង ​មិន​អាច​ឲ្យ​តុលាការ​ជឿ​បាន​»។
ម៉ឹក ដារ៉ា​បន្ទាប់​ពី​ស្តាប់​សាលក្រម​នេះ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រៅ​សវនាកា​ថា លោក​មិន​អាច​ទទួល​យក​បាន​នូវ​ការ​សាលក្រម​នេះ​ទេ ព្រោះ​មិន​មាន​ភស្តុតាង​ជាក់ស្តែង​ក្នុង​ការ​ដាក់​បន្ទុក​លោក​។ លោក ​ថ្លែង​ថា ៖​«​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​បាន​ចោទ​នោះ​ទេ។ ខ្ញុំ​ក៏​ប្លែក​ដែរ កាត់​ទោស​ខ្ញុំ​មាត្រា​ ៣៤ ​(ច្បាប់​គ្រឿង​ញៀន) គឺ​កាត់​ទោស​មួយ​ជីវិត ដែល​កាត់​ក្តី​ខ្ញុំ​ ជា​មេ​ជួញ​ដូរ​គ្រឿង​ញៀន​ ប៉ុន្តែ​គ្មាន​គ្រឿង​ញៀន​មួយ​គ្រាប់​ផង​ហ្នឹង​។ ​ចំពោះ​ឧត្តម​គតិ​ និង​គំនិត​ខ្ញុំ​ គ្មាន​គំនិត​ណា​មួយ​ទៅ​ជួញ​ដូរ​គ្រឿង​ញៀន​ដូច​ការ​ចោទ​នោះ​ទេ»។
លោក​បន្ត​ថា លោក​នឹង​ពិចារណា​ជាមួយ​មេធាវី​លោក ដើម្បី​ប្តឹង​បន្ត។ លោក​បាន​និយាយ​ថា ៖ «ចំពោះ​​សកម្មភាព​របស់​ខ្ញុំ បេះដូង​របស់​ខ្ញុំ​ ជា​អ្នក​បង្ក្រាប​គ្រឿង​ញៀន​ ខ្ញុំ​គ្មាន​គំនិត​ណា​មួយ​ ទៅ​ធ្វើ​សកម្មភាព​​ឧក្រិដ្ឋ​ប្រឆាំង​នឹង​ច្បាប់​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ ឬ​ក៏​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ទៅ​សមគំនិត​ជាមួយ​ឧក្រិដ្ឋជន​នោះ​ទេ»។ លោក​ជឿជាក់​ថា តុលាការ​នឹង​ស្រាវ​ជ្រាវ​បន្ត​ រក​ជន​ល្មើស​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ។ លោក​ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​ ប៉ុន្តែ​រឿង​នេះ​ ខ្ញុំ​មិន​បាន​ធ្វើ​ទេ»។
លោក រាយ ប៊ុន​ឌឿន​ មេធាវី​ការពារ​ជនជាប់​ចោទ​ ម៉ឹក​ ដារ៉ា ថ្លែង​ថា ការ​ប្រកាស​សាលក្រម​នេះ អយុត្តិធម៌​ណាស់ សម្រាប់​កូន​ក្តី។ លោក ​ថ្លែង​ថា ៖ «វា​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​តាំងពី​ថ្ងៃ​សវនាការ​ក្តី ការ​សួរ​ដេញ​ដោល មិន​មាន​ភស្តុតាង​អ្វី​ជាក់លាក់​ទេ»។
លោក​បាន​ហៅ​ការ​ផ្តន្ទា​ទោស​នេះ​ថា​ ធ្ងន់​ជាង​ការ​ដាក់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម កាំង​ ហ្កេកអ៊ាវ​ហៅ​ឌុច​ ដែល​សម្លាប់​មនុស្ស ជាង ១២០០០​ នាក់​។ លោក​ថា ៖ «ឌុច ជាប់​តែ ១៩ ​ឆ្នាំ​នៅ​ពេល​កាត់​កង​រួច។ តែ​នេះ​គាត់ (ម៉ឹក ដារ៉ា) ធ្លាប់​ជា​មន្ត្រី​មាន​គុណ​សម្បត្តិ​បម្រើ​ប្រទេស​ជាតិ​។ ទី​បំផុត​ឯកសារ​ (ដាក់​បន្ទុក​) ​គ្មាន​សោះ មាន​តែ​ការ​ឆ្លើយ​ដាក់​ពី​ពិរុទ្ធ​ជន​»។
មន្ត្រី​សិទ្ធិ​មនុស្ស​លោក ណុប វីរៈ ថ្លែង​ថា៖ «ការ​កាត់​ទោស​នេះ​ជា​ឧទាហរណ៍​ សម្រាប់​មន្ត្រី​ផ្សេង​ទៀត​ កុំ​ឲ្យ​ប្រព្រឹត្ត​ពុករលួយ»។​ តែ​ទោះ​យ៉ាង​ណា លោក​ថា នេះ​មិនមែន​ជា​ឧទាហរណ៍​សម្រាប់​ការ​អនុវត្ត​ច្បាប់​ដ៏​ល្អ​ឡើយ​ ព្រោះ​អ្នក​សមគំនិត​ និង​អ្នក​ធ្វើ​ជា​សាក្សី​ក្នុង​តុលាការ​ មិន​ត្រូវ​បាន​ផ្តន្ទាទោស​ឡើយ។ លោក​ណុប វីរៈ និយាយ​ថា ៖ «អ្នក​ផ្តល់​សក្ខីកម្ម សុទ្ធ​តែ​ជា​អ្នក​ចូលរួម​កែ​អង្គហេតុ​ និង​ទទួល​កម្រៃ​ក្នុង​រឿង​ពុក​រលួយ​នេះ។ ដូច្នេះ​ការ​កាត់​ទោស​នេះ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹម​ត្រូវ​ទេ ​ ព្រោះ​កាត់ទោស​តែ​បុគ្គល​ប៉ុន្មាន​រូប​ប៉ុណ្ណោះ»៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។