ដោយ សួន សុផលមុន្នី
2012-01-06
សមត្ថកិច្ចប៉ូលិសខេត្តបាត់ដំបង បានចាប់ខ្លួនបុរសម្នាក់ក្នុងចំណោមអ្នកភូមិ ៩នាក់ ដែលតុលាការចោទថា ជាមេខ្លោងដឹកនាំអ្នកភូមិជាច្រើន ព្រួតគ្នាវាយដណ្តើមយកអាវុធវែងខ្លីចំនួនបីដើមពីកងកម្លាំងមាន សមត្ថកិច្ច ក្នុងហេតុការណ៍អំពើហិង្សាមួយនៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅខេត្តបាត់ដំបង។លោកស្រី ភឹម ភន រស់នៅភូមិបួរជុំ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ លោកស្រីបានថ្លែងកាលពីថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១២ ថា ប្តីលោកស្រីឈ្មោះ ង៉ែត ភាព អាយុ ៣៤ឆ្នាំ ត្រូវបាន សមត្ថកិច្ចប៉ូលិសចាប់ខ្លួននៅពេលធ្វើដំណើរទៅសួរសុខទុក្ខម្ដាយ ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោកស្រី ភឹម ភន ថ្លែងបន្តថា៖ «សំណូមពរឲ្យអង្គការទាំងអស់ជួយ ប្តីខ្ញុំដែលមិនដឹងរឿងអីសោះ សូមឲ្យជួយប្តីខ្ញុំ និងខ្ញុំ កំពុងពូកកណ្តាប់ស្រូវ មិនជាប់ពាក់ព័ន្ធក្នុងសកម្មភាពនោះទេ។ ប្តីខ្ញុំ និងខ្ញុំកំពុងពូកកណ្តាប់ស្រូវនៅស្រែកៀនហ្នឹងអ្ហែង សុំជួយដោះស្រាយកុំយកប្តីខ្ញុំទៅដាក់ទោសអ៊ីចឹង អត់ត្រូវទេច្បាប់»។
អាជ្ញាធរបានចោទថា ការប្រើអំពើហិង្សាដោយក្រុមអ្នកភូមិរហូតមានការរឹបអូសយកអាវុធ វែងខ្លី និង បានវាយកំទេចរថយន្តពីរគ្រឿង រួមទាំងសម្ភារៈមួយចំនួនរបស់កងកម្លាំងសមត្ថកិច្ចចម្រុះនេះ គឺធ្វើឡើង ដោយសារមានក្រុមអ្នកមានដីធំៗ ញុះញុង់នៅពីក្រោយខ្នង។
លោក ទឹម ដារ៉េត អភិបាលស្រុកបវេល បានច្រានចោលការបញ្ជាក់អះអាងរបស់អ្នកភូមិ។
លោកថ្លែងថា មេខ្លោង ៩នាក់ ដែលនាំអ្នកភូមិធ្វើការតវ៉ា រហូតមានប្រើអំពើហិង្សានោះ ពួកគេត្រូវតែប្រឈមចំពោះមុខច្បាប់៖ «ចោរ មិនដែលប្រកាសខ្លួនថាចោរទេ នេះពាក្យសាមញ្ញរបស់ខ្មែរ ប៉ុន្តែសម្រាប់អ្នកដែលឃើញព្រឹត្តិការណ៍ជាក់ស្តែង អ្នកចូលរួមជាក់ស្តែង ត្រូវតែទទួលស្គាល់ការពិតរបស់ខ្លួនចុះ។ ខ្ញុំជម្រាបឲ្យត្រង់ ឈ្មោះ ង៉ែត ភាព នេះឯង នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១ មុនថ្ងៃកើតហេតុ បានជួបនិយាយជាមួយខ្ញុំ ខ្ញុំបានធ្វើការសម្របសម្រួលជាមួយគាត់ពីដំណើរការដីសម្បទានសង្គម កិច្ច និងការពាក់ព័ន្ធដីរបស់បងប្អូនគាត់ហ្នឹង ម្តុំគាត់យើងពន្យល់គាត់ឲ្យគាត់យល់ ប៉ុន្តែផ្ទុយទៅវិញ ស្អែកឡើងទៅជាអ្នកដែលមកឈរលើកន្លែងកើតហេតុការណ៍ បង្កើតឲ្យមានព្រឹត្តិការណ៍អាក្រក់កើតឡើង»។
លោក ហេង សាយហុង មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង។ លោក បញ្ជាក់ថា អង្គការលីកាដូ នឹងជួយធ្វើកិច្ចអន្តរាគមន៍ដល់ក្រុមអ្នកភូមិតាមផ្លូវច្បាប់៖ «ប៉ុន្តែ អ្វីៗសុទ្ធតែមានហេតុផលរៀងៗខ្លួន បើសិនជាគាត់មិនមានការប៉ះពាល់ដីធ្លីរបស់គាត់ ក៏គ្មានរឿងរ៉ាវអីប្រព្រឹត្តអំពើខុសច្បាប់ហ្នឹង។ ត្រង់ចំណុចហ្នឹងដែលមានការចោទប្រកាន់ពីតុលាការ គឺយើងគ្មានក្រៅពីរកមេធាវីដើម្បីឲ្យជួយឲ្យគាត់ ការពារតាមផ្លូវច្បាប់»។
កាលពីខែធ្នូ ឆ្នាំ២០១១ កន្លងទៅ អ្នកភូមិជាច្រើនាក់រស់នៅភូមិចំនួនបី ក្នុងឃុំអំពិលប្រាំដើម ស្រុកបេវេល ខេត្តបាត់ដំបង បានលើកគ្នាប្រឆាំងទៅនឹងក្រុមអាជ្ញាធរចម្រុះ។ អាជ្ញាធរបានដាក់គ្រឿងចក្រទៅឈូសឆាយដីសាងសង់ផ្លូវប៉ះពាល់លើដី ដំណាំស្រូវរបស់គាត់។
ក្នុងសកម្មភាពនោះ ក្រុមអ្នកភូមិបានវាយដណ្តើមយកអាវុធខ្លី វែង ចំនួនបីដើម និងសម្ភារៈមួយចំនួនទៀតយកទៅរក្សាទុក។ អាវុធវែងខ្លីបីដើម ម៉ាស៊ី GPS មួយគ្រឿង និងសម្ភារៈមួយចំនួន មិនមានអ្នកភូមិណាម្នាក់ហ៊ានយកទៅប្រគល់ឲ្យអាជ្ញាធរទេ ដោយខ្លាចមានការចាប់ខ្លួន។
រដ្ឋាភិបាលកម្ពុជា បានកំណត់យកដីនៅតំបន់នោះទំហំជិតបួនពាន់ហិកតារ ដាក់ធ្វើជាដីសម្បទានសង្គមកិច្ច សម្រាប់បែងចែកឲ្យប្រជាពលរដ្ឋអត់ដីចំនួន ១.៧៣៦គ្រួសារ និងគ្រួសារយោធិនពលីពិការចំនួន ២៥០គ្រួសារ៕



0 comments:
Post a Comment