Social Icons

Thursday, December 22, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ទាហាន​ខ្មែរ​រក​ឃើញ​បំណែក​លោហធាតុ​ក្រោយ​ឮ​សំឡេង​ផ្ទុះ​នៅ​ព្រះវិហារ


2011-12-22
សំឡេង​ផ្ទុះ​​​លាន់​ឮ​ខ្លាំង​​នៅ​​លើ​​លំហ​អាកាស និង​មាន​​បំណែក​​លោហធាតុ​​ផ្ទាំង​ៗ​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​​មក​ដី ដែល​ទំនង​ជា​បំណែក​​របស់​យន្តហោះ​ស៊ើបការណ៍ បាន​​កើត​មាន​ជា​ថ្មី​​ទៀត​នៅ​លើ​​កំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ នៃ​​​ស្រុក​ជាំក្សាន្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ។
RFA/Hang Savyouth
សមត្ថកិច្ច​ពិនិត្យ​មើល​បំណែក​លោហធាតុ ​សង្ស័យ​ថា​ជា​បំណែក​របស់​យន្តហោះ​យកការណ៍​គ្មាន​មនុស្ស​បើកបរ ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។
កង​ទាហាន​ខ្មែរ​ រួម​ជាមួយ​ក្រុម​បោស​សំអាត​មីន​ស៊ីម៉ាក (CMAC) និង​ក្រុម​អ្នក​សង្កេតការណ៍​បទ​ឈប់​បាញ់ បាន​ដើរ​រុក​រក​ឃើញ និង​ប្រមូល​យក​​​​ផ្ទាំង​លោហធាតុ​ជា​ច្រើន​ដុំ ដែល​បាន​ធ្លាក់​រាយប៉ាយ​នៅ​លើ​ដី​ជិតៗ​ប្រាសាទ​បូរាណ​ព្រះវិហារ និង​កំពុង​បន្ត​រុករក​នៅ​តាម​កន្លែង​ផ្សេងៗ​មួយ​ចំនួន​ទៀ​ត។
លោក​ឧត្ដមសេនីយ៍​ឯក ស្រី ឌឹក ជា​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​គ្រប់គ្រង​យោធា​ខ្មែរ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ធ្នូ ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ ១០ និង ៣០​នាទី​ព្រឹក គេ​បាន​​ឭ​សំឡេង​នៅ​លំហ​អាកាស​ហាក់​ដូច​ជា​យន្តហោះ ក៏​ប៉ុន្តែ​បន្តិច​ក្រោយ​មក​គេ​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង ហើយ​មាន​ផ្ទាំង​លោហធាតុ​ជា​ច្រើន​ដុំ​បាន​ធ្លាក់​ចុះ​មក​រាយ​ប៉ាយ​នៅ​លើ​ដី​ ​​នៃ​បរិវេណ​ប្រាសាទ​ព្រះវិហារ។
លោក​ឧត្ដមសេនីយ៍​ឯក ស្រី ឌឹក៖ «យន្តហោះ​ស្អី​យើង​មិន​ទាន់​ដឹង​ដែរ ប៉ុន្តែ​បំណែក​កន្លែង​ខ្លះ​វា​មាន​ដល់​ទៅ​ទំហំ ១.២ (ម៉ែត្រ) វា​ធ្លាក់​ពាសពេញ​នៅ​តំបន់​ប្រាសាទ​យើង​នោះ ហើយ​យើង​មិន​ទាន់​សន្និដ្ឋាន​ថា វា​យ៉ាង​ម៉េច​ទេ ព្រោះ​​ខាង​គណៈកម្មការ​គេ​កំពុង​ដើរ​ថត។ គេ​ប្រមូល​បាន​ជា​ច្រើន​ដែរ​ហើយ​នៅ​លើ​ហ្នឹង ប៉ុន្តែ​នៅ​សល់​ប្រហែល​ជា ៥០% ទៀត»
មេបញ្ជាការ​យោធា​ខ្មែរ​ដដែល​បាន​មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ថ្ងៃ​តែង​មាន​អ្នក​ទេសចរ​​មួយ​ចំនួន​ ដើរ​ទស្សនា​​ប្រាសាទ​ព្រះវិហារ ក៏​ប៉ុន្តែ​វា​ជា​សំណាង​ល្អ នៅ​ពេល​ដែល​បំណែក​លោហធាតុ​​ធ្លាក់​ពី​លើ​មេឃ​មក​ដី​នោះ មិន​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ឡើយ ដោយសារ​តែ​ចំ​ពេល​ដែល​ពួក​​​គេ​ចូល​សម្រាក​នៅ​តាម​កន្លែង​ផ្សេងៗ។

លោក​ឧត្តមសេនីយ៍ ស ថាវី ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ។ លោក​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ប្រមូល​យក​បំណែក​លោហធាតុ​ដែល ​ធ្លាក់​រាយប៉ាយ​នៅ​បរិវេណ​ប្រាសាទ​ទាំង​នោះ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ទៅ​អភិបាល​ខេត្ត និង​បញ្ជូន​ទៅ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​បទ​ឈប់​បាញ់ ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​នោះ​ផង។
លោក​ឧត្តមសេនីយ៍ ស ថាវី៖ «ព្រឹកមិញ​នេះ (២២ ធ្នូ) ខ្ញុំ​ឮ​សូរ​សំឡេង​ផ្ទុះ​ដូច​កាល​ដែល​នៅ​ឯ​គូលែន​ដូច​គ្នា​អ៊ីចឹង ប៉ុន្តែ​គ្រាន់​តែ​អា​នេះ​វា​ផ្ទុះ​យូរ​ជាង។ មួយ​សន្ទុះ​ក្រោយ​មក​ទៅ​ក៏​កងទ័ព​ថា មាន​អំបែង​ធ្លាក់​នៅ​លើ​ប្រាសាទ​មាន​ជា​ដឺរ៉ា មាន​ជា​ស្អី ដូច​យើង​បំណែក​នៅ​ឯ​ស្រុក​គូលែន​អ៊ីចឹង ខ្លះ​ធ្លាក់​មក​ដល់​ឯ​ស្វាយជ្រំ​ឯ​នោះ​ទៀត»
កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​ទៅ ហេតុការណ៍​ផ្ទុះ​លាន់​ឮ​ខ្លាំង​នៅ​ក្នុង​លំហ​អាកាស និង​មាន​បំណែក​​លោហធាតុ​ធ្លាក់​ចុះ​មក​ដី​នោះ​ ធ្លាប់​កើត​មាន​ម្ដង​មក​ហើយ​នៅ​ភូមិសាស្ត្រ​ភូមិ​គូលែន ខាង​ត្បូង​​នៃ​ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ចម្ងាយ​ប្រមាណ ៩០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ ធ្លាប់​បាន​អំពាវនាវ​សុំ​ឲ្យ​អ្នក​ជំនាញ​ផ្នែក​​​​ភេរវកម្ម​របស់​សហរដ្ឋ​ អាមេរិក អូស្រ្តាលី កម្ពុជា និង​ថៃ រួម​សហការ​គ្នា​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ ជុំវិញ​ការ​ផ្ទុះ​យន្តហោះ​ដែល​​គ្មាន​មនុស្ស​បើក បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះ​ធ្លាក់​បំណែក​លោហធាតុ​ជា​ច្រើន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា នៅ​ក្នុង​ស្រុក​គូលែន​នោះ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ទៅ​លើ​ហេតុការណ៍​​ផ្ទុះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ថា លោក​មិន​ជឿ​ថា នេះ​​​គឺ​ជា​​ប្រភេទ​​យន្តហោះ​​​ស៊ើបការណ៍​សម្ងាត់​របស់​ថៃ​ទេ ប៉ុន្តែ​លោក​សង្ស័យ​ថា វា​ជា​របស់​ក្រុម​ភេរវកម្ម​ណា​មួយ​ដែល​យក​​តំបន់​គ្មាន​មនុស្ស​រស់​នៅ​ ដើម្បី​សាកល្បង និង​ដើម្បី​គំរាម​កំហែង​លើ​ប្រទេស​ណា​មួយ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់៕​​​​​​​​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។