Social Icons

Wednesday, December 28, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​ផ្ដន្ទាទោស​អតីត​ទីប្រឹក្សា​លោក ជា ស៊ីម ឲ្យ​ជាប់​គុក​៤​ឆ្នាំ​ពី​បទ​ឆបោក


2011-12-27
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​ទីប្រឹក្សា​ផ្ទាល់​លោក ជា ស៊ីម គឺ​លោកស្រី ផេង គន្ធាបូរី ឲ្យ​ជាប់​គុក​រយៈពេល ៤​ឆ្នាំ ក្រោម​បទ​ឆបោក។
RFA/Sok Serey
លោកស្រី ផេង គន្ធាបូរី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១។
ក្រៅ​ពី​នេះ តុលាការ​បាន​ផ្តន្ទាទោស​អតីត​ទីប្រឹក្សារបស់​លោក ជា ស៊ីម ចំនួន ៣​រូប​ទៀត។ ទី​១ ឈ្មោះ លោក ខៀវ បូរ៉ា ឲ្យ​ជាប់​គុក ៣​ឆ្នាំ និង​ផាក​ពិន័យ ៩.០០០​រៀល ក្រោម​បទ​ឆបោក។ ទី​២ លោក ចាន់ កុសល្យ ឲ្យ​ជាប់​គុក ៤​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៩.០០០​រៀល ក្រោម​បទ​ឆបោក និង​ទី​៣ លោក ពន្លក ហូរ ឲ្យ​ជាប់​គុក ៤​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ២​លាន​រៀល ក្រោម​បទ​ឆបោក និង​ក្លែង​បន្លំ​ឯកសណ្ឋាន​មន្រ្តី​នគរបាល​ជាតិ។ តុលាការ​បាន​ប្រកាស​ផ្តន្ទាទោស​កំបាំង​មុខ​ពាណិជ្ជករ​ជន​ជាតិ​ម៉ាឡេស៊ី ម្នាក់ ឈ្មោះ ឌីណូ (Dyno) ឲ្យ​ជាប់​គុក ៤​ឆ្នាំ ក្រោម​បទ​ឆបោក។
អ្នក​ទាំង ៥​នាក់​នេះ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​តាម​មាត្រា ៣៧៧ និង​មាត្រា ៣៨០ នៃ​ក្រម​ព្រហ្មទណ្ឌ ក្រោម​បទ​ឆបោក ប្តឹង​ដោយ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា។
ចៅក្រម​ជម្រះ​ក្តី លោក តែ សំអាង បាន​អាន​សាលក្រម​ថា តុលាការ​បើក​ផ្លូវ​ឲ្យ​ប្តឹង​ទាស់​ក្នុង​រយៈពេល ៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ។
អតីត​ទីប្រឹក្សា​ផ្ទាល់ និង​ជា​ប្រធាន​ពិធីកា​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា គឺ​លោកស្រី ផេង គន្ធាបូរី អាយុ ៥៦​ឆ្នាំ បាន​មាន​ប្រសាសន៍​ប្រាក់​អ្នក​កាសែត​នៅ​ក្រៅ​តុលាការ​ដោយ​សម្រក់​ទឹក​ភ្នែក​ ថា លោកស្រី​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ខ្ញុំ​សូម​ បដិសេធ​ទាំង​ស្រុង ពីព្រោះ​ខ្ញុំ​អត់​មាន​អ្វី​ពាក់ព័ន្ធ​រឿង​ឯកសារ​នោះ ហើយ​ក៏​សូម​ផ្តាំ​ផ្ញើ​ថា ជំហ​នាង​ខ្ញុំ​ចំពោះ​គណបក្ស​ប្រជាជន គឺ​នៅ​ដដែល»។

មេធាវី ​ការពារ​ក្តី​ឲ្យ​លោកស្រី ផេង គន្ធាបូរី គឺ​លោក មួង សុគន្ធ បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​ថា លោក​ព្យាយាម​ការពារ​ក្តី​នេះ​នៅ​សាលា​ឧទ្ធរណ៍​ទៀត៖ «ពិភាក្សា​ជាមួយ​កូន​ក្តី​ខ្ញុំ​មើល​សិន​ថា តើ​គាត់​ទទួល​យក​បាន​ដែរ ឬ​ក៏​អត់ នៅ​ក្នុង​រឿង​ហ្នឹង។ ប្រសិន​បើ​ទទួល​យក​មិន​បាន ខ្ញុំ​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ឧទ្ធរណ៍ ទៅ​តាម​សំណើ​របស់​កូន​ក្តី​ត​ទៅ​ទៀត​បាទ!»

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ជា ស៊ីម គឺ​លោក ណាច ទ្រី ជា​ដើម​បណ្តឹង បាន​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​ទទួល​សាលក្រម​នេះ​ពី​តុលាការ​នា​ពេល​ខាង​មុខ៖ «ខ្ញុំ​អត់​ដឹង​ថា ម៉េចៗ​ទេ ប៉ុន្តែ​ខ្ញុំ​អត់​បាន​ចូល​ស្តាប់។ ចាំ​មើល​ខ្ញុំ​បាន​សាលក្រម​សិន បាន​និយាយ​បាន»
នគរបាល​បាន​ចាប់​ខ្លួន​លោកស្រី ផេង គន្ធាបូរី នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​ច្រក​ចាំ​យាម ខេត្ត​កោះកុង ជាប់​ព្រំដែន​កម្ពុជា និង​ថៃ ក្រោម​បទ​ឆបោក។ នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ ៣​នាក់​ទៀត ក្រោម​បទ​ឆបោក​ដែរ។ ការ​ចាប់​ខ្លួន​នោះ គឺ​ក្រោយ​អាជ្ញាធរ​បាន​រក​ឃើញ​ថា អ្នក​ទាំង ៤​នាក់​នោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​គំរោង​អភិវឌ្ឍន៍​ក្លែង​បន្លំ​ចំនួន ៥​គំរោង ដែល​មាន​តំលៃ​ជា​ទឹក​ប្រាក់​ចំនួន​ជិត ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ពី​ប្រទេស​ចិន និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សាងសង់​សាលារៀន មន្ទីរពេទ្យ ផ្លូវ​លំ និង​រោងចក្រ​ផលិត​គ្រឿង​យន្ត តាម​រយៈ​អង្គការ​មូលនិធិ​ខ្មែរ​អភិវឌ្ឍន៍ របស់​លោកស្រី ផេង គន្ធាបូរី និង​ក្រុមហ៊ុន​សាងសង់​របស់​លោក ចាន់ កុសល្យ។
គំរោង​អភិវឌ្ឍន៍​មួយ​ដែល​បាន​បែក​ធ្លាយ​រឿង​អាស្រូវ​នោះ គឺ​គំរោង​អភិវឌ្ឍន៍​រោងច្រក​ផលិត​គ្រឿង​យន្ត​តំលៃ ១២០​លាន​ដុល្លារ​អាមេរិក ដែល​ជន​ជាប់​ចោទ​បាន​កុហក​លោក ជា ស៊ីម ថា ជា​គំរោង​ជំនួយ​ពី​អ្នក​វិនិយោគ​ទុន​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ឌីណូ ឈ្មោះ ម៉ី និង​ឈ្មោះ សែម៉ា។ លោក ជា ស៊ីម បាន​ចុះ​ហត្ថលេខា​លើ​គំរោង​នោះ។ ប៉ុន្តែ​ក្រោយ​មក​បាន​ដឹង​ថា គំរោង​នោះ​គឺ​ជា​ការ​ជួល​ជនជាតិ​ម៉ាឡេស៊ី មក​សិក្សា​គំរោង​អភិវឌ្ឍន៍។ តំលៃ​នៃ​ការ​សិក្សា​នោះ គឺ​ចំនួន ១២​លាន​ដុល្លារ​អាមេរិក។ ជន​ជាតិ​ម៉ាឡេស៊ី​នោះ បាន​សុំ​ឲ្យ​លោក ជា ស៊ីម សង​ប្រាក់​ចំពោះ​ការ​សិក្សា​គំរោង​នោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។