ដោយ ខែ សុណង
2011-12-21
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ប្រចាំខេត្តកណ្ដាល លោក ចាន់ ចេង បានភៀសខ្លួនចេញទៅក្រៅប្រទេសក្នុងពេលសភាជាតិ បានដកអភ័យឯកសិទ្ធិ កាលពីថ្ងៃទី២០ ខែធ្នូ តាមលិខិតស្នើសុំមួយច្បាប់របស់ក្រសួងយុត្តិធម៌។ ការដកអភ័យឯកសិទ្ធិនេះ មន្ត្រីបក្សប្រឆាំងបានអះអាងថា ជារឿងនយោបាយ។គណបក្ស សម រង្ស៊ី កំពុងរៀបចំលិខិតមួយច្បាប់ ដើម្បីប្ដឹងទៅស្ថាប័ននយោបាយអន្តរជាតិ ដូចជាសហភាពអន្តរសភា អាយភីយូ (IPU) សហគមន៍អឺរ៉ុប និងអំពាវនាវដល់សហគមន៍អន្តរជាតិមួយចំនួន ក្នុងគោលដៅឲ្យជួយពិនិត្យ និងដោះស្រាយករណីដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ខេត្តកណ្ដាល លោក ចាន់ ចេង។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍នៅថ្ងៃទី២១ ខែធ្នូ ថា ការដកអភ័យឯកសិទ្ធិសមាជិកសភាគណបក្ស សម រង្ស៊ី នេះ ជាការរំខានជាលក្ខណៈប្រព័ន្ធទៅលើគណបក្សប្រឆាំង ហើយថា ជាករណីរំលោភសិទ្ធិអ្នកតំណាងរាស្ត្រ និងជារឿងនយោបាយសុទ្ធសាធ។
លោក យឹម សុវណ្ណ បញ្ជាក់ថា លោក ចាន់ ចេង បាននិរទេសខ្លួនទៅក្រៅប្រទេសរកកន្លែងសុវត្ថិភាព។
រដ្ឋសភានៅក្នុងសម័យប្រជុំ កាលពីថ្ងៃទី២០ ខែធ្នូ បានប្រជុំដកអភ័យឯកសិទ្ធិ លោក ចាន់ ចេង ជាអ្នកតំណាងរាស្ត្រមកពី គណបក្ស សម រង្ស៊ី ប្រចាំខេត្តកណ្ដាល។ នៅក្នុងអង្គប្រជុំសភានោះ ប្រធានរដ្ឋសភាបានប្រកាសថា ការដកអភ័យឯកសិទ្ធិ លោក ចាន់ ចេង នេះ គឺដោយសារតែកាលពីថ្ងៃទី៩ ខែធ្នូ រដ្ឋសភាបានទទួលលិខិតមួយច្បាប់ពីក្រសួងយុត្តិធម៌ ស្នើសុំឲ្យដកអភ័យឯកសិទ្ធិ លោក ចាន់ ចេង ដើម្បីឲ្យតុលាការខេត្តកណ្ដាល ធ្វើការសាកសួរ ទាក់ទងបទចោទថា លោក ចាន់ ចេង បានផ្ដល់មធ្យោបាយឲ្យជនមានទោសលួចរត់ចេញពីពន្ធនាគារ។
យ៉ាងណាក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យបានយល់ឃើញថា ការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនេះ គឺមានភាពមិនប្រក្រតី និងមិនត្រឹមត្រូវតាមច្បាប់។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មានមតិនៅក្នុងកិច្ចពិភាក្សាតុមូលរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២០ ធ្នូ ថា ករណីដកអភ័យឯកសិទ្ធិនេះ នៅបណ្ដាសង្គមប្រជាធិបតេយ្យគេមិនសូវជាឃើញកើតមាននោះទេ លើកលែងតែអ្នកតំណាងរូបនោះប្រព្រឹត្តបទឧក្រិដ្ឋ។ លោកថា ការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនេះ គឺជាការរំខានដល់ការបំពេញតួនាទីរបស់អ្នកជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំសង្កាត់ និងអ្នកតំណាងរាស្ត្រ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានទស្សនៈថា ការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រក្នុងប្រទេសកម្ពុជានេះ ហាក់ដូចជាពាក់ព័ន្ធទៅនឹងឥទ្ធិពលនយោបាយ។ លោកថា តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អាចដាក់ពាក្យទៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យពិនិត្យមើលការសម្រេច របស់រដ្ឋសភាក្នុងការដកអភ័យឯកសិទ្ធិនេះ ហើយថា ស្ថាប័ននេះគួរធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ មុននឹងដកអភ័យឯកសិទ្ធិពីអ្នកតំណាងរាស្ត្រណាម្នាក់នោះ។
នៅក្នុងអាណត្តិទី៤នេះ សភាជាតិបានដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ៤រួបហើយ ក្នុងនោះមានទាំងលោក សម រង្ស៊ី ប្រធានគណបក្សផង ដែលកំពុងនិរទេសខ្លួនចេញទៅរស់នៅក្រៅប្រទេស៕



0 comments:
Post a Comment