Social Icons

Friday, December 23, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អង្គការ​អន្តរជាតិ​បារម្ភ​ចំពោះ​ចំណុច​អវិជ្ជមាន​នៃ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ


2011-12-23
អង្គការ​អន្តរជាតិ​ធំៗ ចំនួន ១១​អង្គការ កំពុង​មាន​ក្ដី​កង្វល់​ខ្លាំង​ចំពោះ​ចំណុច​អវិជ្ជមាន​នៃ​សេចក្ដី​ព្រាង​ ច្បាប់​របស់​កម្ពុជា ស្ដីពី​អង្គការ​សមាគម។
RFA/Den Ayuthyea
២០-ធ្នូ-២០១១៖ តំណាង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ឈរ​លើក​បដា​អម​ដោយ​ញត្តិ​មាន​ផ្ដិត​ស្នាម​មេដៃ ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ខាង​មុខ​រដ្ឋ​សភា។
អង្គការ​អន្តរជាតិ​ទាំង​នោះ រួម​មាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) អង្គការ Freedom House មជ្ឈមណ្ឌល​ដើម្បី​ច្បាប់ និង​ប្រជាធិបតេយ្យ (Center for Law and Democracy) អង្គការ CIVIL RIGHTS DEFENDERS អង្គការ Article 19 និង​អង្គការ Forum-Asia ជាដើម។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ អង្គការ​ទាំង ១១​នោះ បាន​អំពាវនាវ​ដល់​ម្ចាស់​ជំនួយ​អន្តរជាតិ ដែល​បាន​ផ្ដល់​ថវិកា​ជំនួយ​ដល់​កម្ពុជា ក្នុង​មួយៗ​ឆ្នាំ​នូវ​ទឹក​ប្រាក់​ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​កញ្ចប់​ថវិកា ​ជាតិ សូម​ធ្វើ​យ៉ាង​ណា​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ថា សេចក្ដី​ព្រាង​ច្បាប់​លើក​ទី​៤ របស់​កម្ពុជា ស្ដីពី​អង្គការ​សមាគម​ត្រូវ​តែ​កែ​សម្រួល​ឡើង​វិញ ដើម្បី​ការពារ​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល បើ​ពុំ​នោះ​ទេ កម្ពុជា​គប្បី​ដក​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចេញ។
អង្គការ​អន្តរជាតិ​ទាំង​នោះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ថា គ្រប់​ចំណុច​នៃ​ការ​កែ​សម្រួល​សេចក្ដី​ព្រាង​ច្បាប់​នេះ គប្បី​មាន​ការ​ចូល​រួម​ប្រឹក្សា​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​សំដៅ​គាំទ្រ​សកម្មភាព​នៃ​កិច្ច​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ចៀស​វាង​បង្កើត​ទម្រង់​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​ សិទ្ធិ ដែល​ឈាន​ដល់​ការ​បិទ​អង្គការ ឬ​មិន​ព្រម​ចុះ​ឈ្មោះ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ។
សេចក្ដី​ថ្លែងការណ៍​នេះ បាន​រិះគន់​ថា សេចក្ដី​ព្រាង​ច្បាប់ ទី​៤ របស់​កម្ពុជា ស្ដីពី​អង្គការ​សមាគម​នោះ មាន​ភាព​មិន​ច្បាស់លាស់​ជា​ច្រើន​ប្រការ ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​បញ្ជា​បិទ ឬ​មួយ​បដិសេធ​មិន​ទទួល​ចុះ​បញ្ជី​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ឬ​សមាគម​នៅ​កម្ពុជា ទាំង​ឡាយ​ណា​ដែល​ទិតៀន​រដ្ឋាភិបាល។ បញ្ហា​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​រាល់​សន្ធិ​សញ្ញា​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មក​ដល់​ព្រលឹម​ថ្ងៃ​សុក្រ ទី​២៣ ខែ​ធ្នូ នេះ នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ថា យ៉ាង​ណា​នោះ​ទេ ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ​ធំៗ​ទាំង ១១​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។