ដោយ ទីន ហ្សាការីយ៉ា
2011-11-24
ឃាតក មិនស្គាល់មុខបានបាញ់សម្លាប់ព្រះសង្ឃមួយអង្គ ព្រះនាម គន់ គង្គា គង់នៅវត្តសំរោងបុរី ឃុំមងរាវ ស្រុកត្បូងឃ្មុំ ខែត្រកំពង់ចាម កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា វេលាម៉ោងប្រមាណ ៦ និង ១០នាទីល្ងាច។ស្នងការនគរបាលខែត្រកំពង់ចាម លោក ឆាយ គឹម សុន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា នោះ មានអាជីវករប្ដីប្រពន្ធនៅផ្សារសួង ក្រុងសួង ស្រុកត្បូងឃ្មុំ បានទៅវត្តសំរោងបុរី ដើម្បីឲ្យព្រះសង្ឃព្រះនាម គន់ គង្គា នោះ ទស្សន៍ទាយ នៅខណៈនោះ ឃាតកក៏បន្លំខ្លួនទៅទាយដែរ ហើយគេក៏យកកាំភ្លើងបាញ់ព្រះសង្ឃត្រូវចំបំពង់ក ចំនួន ១គ្រាប់ សុគតភ្លាមៗ។
លោក ឆាយ គឹមសុន បានអះអាងថា តាមការសាកសួរសាក្សីប្ដីប្រពន្ធនៅកន្លែងកើតហេតុ សមត្ថកិច្ចរបស់លោកបានកំណត់មុខសញ្ញាឃាតកនោះបានហើយ។ សមត្ថកិច្ចរបស់លោកកំពុងឆែកឆេរតំបន់មួយចំនួននៅក្នុងស្រុក ត្បូងឃ្មុំ និងនៅក្នុងក្រុងកំពង់ចាម បន្ទាប់ពីកើតហេតុភ្លាម។
លោកស្នងការបានសន្និដ្ឋានជាបឋមថា បញ្ហាឃាតកម្មនេះជារឿងគំនុំ៕



0 comments:
Post a Comment